ផ្លូវ​អណ្ដែត​លើ​ផ្ទៃ​ទឹកទន្លេ ប្រវែង​រាប់រយ​ម៉ែត្រ អាច​ទ្រ​ទម្ងន់​មនុស្ស​បាន 10,000 នាក់

(ប្រទេស​ចិន) – ផ្លូវ​អណ្ដែត​លើ​ផ្ទៃ​ទឹក​ទន្លេ​​ប្រវែង 500 ម៉ែត្រ នៅក្នុង​ខេត្ត Hubei ត្រូវបាន​សាងសង់ឡើង​ពី​ទូ​យោ​ជ័រ​ទន់ polyethylene មិនមាន​សសរ​ទ្រ ប៉ុន្តែ អាចឱ្យ​រថយន្ត​បរ​ពីលើ​បាន​យ៉ាង​ស្រួល។

ស្ពាន​អណ្ដែត​គ្មាន​ទម្រ​ Shiziguan ​ស្ថិតនៅ​ក្នុងស្រុក Xuan’en ខេត្ត Hubei ប្រទេស​ចិន។ ផ្លូវ​នេះ​ត្រូវបាន​ស្ថាបនា​លើ​ផ្ទៃ​ទឹកទន្លេ​មួយ​នៅក្នុង​តំបន់​ខាងលើ និង​មាន​ជម្រៅ​ប្រហែល 60 ម៉ែត្រ។

ផ្លូវ​អណ្ដែត​ខាងលើ ថ្មីៗនេះ​ទទួលបាន​ចំណាប់អារម្មណ៍​ច្រើន នៅពេល​អ្នកលេង​បណ្ដាញ​សង្គម​ចែករំលែកតៗគ្នា​អំពី​ទិដ្ឋភាព​រថយន្ត​បើកបរ​ឆ្លងកាត់​តាមផ្លូវ​នេះ។ ទិដ្ឋភាព​ក្នុង​វីដេអូ​បង្ហាញថា ផ្លូវ​នេះ​ធ្វើ​ចលនា​ឡើង​ចុះ ប្រៀប​ដូច​សត្វ​នាគ​កំពុង​ហែល​លើ​ផ្ទៃ​ទឹកទន្លេ​ដែល​ស្ថិតនៅ​កណ្ដាល​ព្រៃភ្នំ។

ផ្លូវ​អណ្ដែត​លើ​ទឹក​នេះ​មាន​ប្រវែង 500 ម៉ែត្រ និង​ទទឹង 4.5 ម៉ែត្រ។ ថ្វីបើ​មិនមាន​សសរ ប៉ុន្តែ​ស្ពាន​ដែល​​ត្រូវ​បាន​សាងសង់​ពី​ជ័រ polyethylene មួយ​ខ្សែ​នេះ​នៅតែ​រក្សា​លំនឹង​បានល្អ និង​ទ្រាំ​បាន​ទម្ងន់​របស់​មនុស្ស 10,000 នាក់​ដែល​ឈរ​ពីលើ​ក្នុងពេល​តែមួយ។

ដើម្បី​ចៀសវាង​ការបង្ក​ឱ្យមាន​រលកធំៗដែល​ប៉ះពាល់​ដល់​ទន្លេ ក៏ដូចជា​សុវត្ថិភាព​របស់​មនុស្ស ល្បឿន​នៃ​ការបើកបរ​រថយន្ត​លើ​ដងផ្លូវ​អណ្ដែត​នេះ ត្រូវបាន​កំណត់។

អ្នកគ្រប់គ្រង​ផ្លូវ​អណ្ដែត​លើទឹក​ Shiziguan ​បានឱ្យដឹងថា មនុស្ស​ជាង 350,000 នាក់​បាន​មកលេង​ស្ពាន​នេះ​នៅក្នុង​រយៈពេល 10 ខែ​ដើមឆ្នាំ 2022៕

Advertisement