គម្រោង​សង់ស្ពាន​ឆ្លង​ទន្លេមេគង្គ​ខេត្តក្រចេះ នឹង​ចំណាយពេល 3 ឆ្នាំកន្លះ​ក្នុងការ​ស្ថាបនា

ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​និង ផ្លូវ​ត​ភ្ជាប់​ក្នុង​ខេត្តក្រចេះ ដែលមាន​តម្លៃ​ជាង 111 លាន​ដុល្លារ​អាម៉េរិក ត្រូវបាន រាជរដ្ឋាភិបាល​កម្ពុជា សម្ពោធ​បើក​រួចហើយ នា​ព្រឹក​មិញ​នេះ។

ពិធី​សម្ពោធ​គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ និង​ផ្លូវ​ត​ភ្ជាប់​ដែលមាន​ប្រវែង​សរុប​ជាង 33 គីឡូម៉ែត្រ​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន។

គម្រោង​ស្ពាន​ឆ្លងទន្លេ​មេគង្គ​មាន​ប្រវែង 1,761 ម៉ែត្រ និង​ទទឹង 13.5 ម៉ែត្រ។ ត្រើយ​ខាងកើត​របស់​ស្ពាន​នេះ​ស្ថិត​ត្រង់ ភូមិ​បុស្ស​លាវ​លើ ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី និង​ត្រើយ​ខាងលិច​ត្រង់ ភូមិ​ព្រែក​ព្រលូង ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ។ រីឯ​ផ្លូវ​ត​ភ្ជាប់​នឹង​ស្ពាន​នេះ​មាន​ប្រវែង​ជាង 15 គីឡូម៉ែត្រ និង​ផ្លូវ​ក្នុង​ក្រុង​ក្រចេះ​មាន​ប្រវែង​ជាង 16 គីឡូម៉ែត្រ។

យោងតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន គម្រោង​សាងសង់​ស្ពាន និង​ផ្លូវ​ត​ភ្ជាប់​នេះ ចំណាយ​ថវិកា​សរុប 111.98 លាន​ដុល្លារ​អាមេរិក ដែលជា​ហិរញ្ញប្បទាន​ពី សាធារណរដ្ឋ​ប្រជាមានិត​ចិន។ គម្រោង​ដែល​នឹង​ចំណាយពេល​សាងសង់ 42 ខែ​នេះ អនុវត្ត​ដោយ​ក្រុមហ៊ុន​សំណង់​សៀង​ហៃ (SCG)។

Advertisement