ទួ​រ​ប៊ី​ន​ផលិត​អគ្គិសនី​ដោយ​កម្លាំង​ខ្យល់​​ខ្លាំងជាងគេ​លើ​ពិភពលោក ចាប់ផ្ដើម​ដំណើរ​ការ​

ទួ​រ​ប៊ី​ន​ខ្យល់ V236 កម្លាំង 15 MW របស់​ក្រុមហ៊ុន Vestas បានចាប់ផ្ដើម​ដំណើរការ​សាកល្បង​នៅលើ​លំហ​សមុទ្រ​របស់ ប្រទេស​ដា​ណឺ​ម៉ាក។

គំរូ​របស់​ទួ​រ​ប៊ី​ន​​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់​ Vestas V236 ខាងលើ​ត្រូវបាន​ដំឡើង​កាលពីពេលថ្មីៗនេះ​នៅក្នុង​មជ្ឈមណ្ឌល​ពិសោធន៍​ជាតិ Osterild នៅ Jutland ខាងលិច នៃ​ប្រទេស​ដា​ណឺ​ម៉ាក និង​បានចាប់ផ្ដើម​ផលិត​អគ្គិសនី kWh ដំបូង នេះ​បើតាម Interesting Engineering ចុះផ្សាយ​កាលពី​ម្សិលមិញ។ បច្ចុប្បន្ន នេះ​គឺជា​ទួ​រ​ប៊ី​ន​​ផលិត​អគ្គិសនី​​ដោយ​កម្លាំង​ខ្យល់​ ​ខ្លាំង​បំផុត​លើ​ពិភពលោក។

Vesta V236 មាន​កម្លាំង 15 MW និង​ទំហំ​ផ្ទៃក្រឡា​ដែល​កង្ហារ​របស់​វា​វិល​គឺ​ជាង 43,740 ម៉ែត្រ។ Vesta V236 ដែល​ត្រូវ​បានបង្ហាញ​កាលពី​ខែកុម្ភៈ 2021 មាន rotor ដែលមាន​មុខកាត់ 236 ម៉ែត្រ និង​កម្ពស់ 280 ម៉ែត្រ ខណៈ​​ដែល​​ស្លាប​កង្ហារនីមួយៗមាន​ប្រវែង​ជាង 115 ម៉ែត្រ។

Vesta V236 មួយគ្រឿង​អាច​ផលិត​អគ្គិសនី​បាន 80 GWh ជា​រៀងរាល់ឆ្នាំ គ្រប់គ្រាន់​​សម្រាប់​ការប្រើប្រាស់​របស់​គ្រួសារ 20,000 គ្រួ​នៅ អឺរ៉ុប និង​អាច​កាត់បន្ថយ​ឧស្ម័ន​កាបូនឌីអុកស៊ីត​បាន 38,000 តោន/ឆ្នាំ។

ទួ​រ​ប៊ី​ន​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់​របស់ Vestas នេះ កំពុងស្ថិត​ក្នុងដំណាក់កាល​ដំណើរការ​សាកល្បង​បន្ថែម ក្នុង​បំណង​​បញ្ជាក់​ទៅលើ​បច្ចេកវិទ្យា​ដែល​បំពាក់​លើ​វា មុន​នឹងដាក់​ពាក្យស្នើ​សុំ​អាជ្ញា​បណ្ណ​ដើម្បី​ផលិត​ទ្រង់ទ្រាយ​ធំ៕

Advertisement