ប្រទេស​ចិន​ផលិត​ទួ​រ​ប៊ី​ន​បង្កើត​អគ្គិសនី​លើ​សមុទ្រ​ធំជាងគេ​លើ​ពិភពលោក

ទួ​រ​ប៊ី​ន​ថ្មី​មាន​កម្លាំង 18 MW ដោយ​ស្លាប​កង្ហារ​វិល​ក្នុង​ទំហំ​ផ្ទៃក្រឡា​ឡើងដល់ 53,000 ម៉ែត្រ ស្មើនឹង​ទីលាន​បាល់ទាត់​ចំនួន 7 ដែល​ក្រុមហ៊ុន​ចិន​ផលិតឡើង គឺជា​ទួ​រ​ប៊ី​ន​សមុទ្រ​ធំជាងគេ​បង្អស់​លើ​ពិភពលោក។

CSSC Haizhuang ដែលជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ការពារជាតិ​លំដាប់​កំពូល​ទាំង 10 របស់ ប្រទេស​ចិន បាន​អភិវឌ្ឍ​ក្បាល​អ័ក្ស​រ៉ូ​ទ័​រ និង​សម្បក​របស់​ទួ​រ​ប៊ី​ន 18 MW នេះ។ គំរូ​ដើម​នៃ​ទួ​រ​ប៊ី​ន​លើ​សមុទ្រ​ធំជាងគេ​លើ​ពិភពលោក​នេះ ត្រូវបាន​ប្រកាស​នៅក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​តំបន់ឧស្សាហកម្ម​ទីក្រុង Dongying ខេត្ត Shandong នេះ​បើតាម​ក្រុមហ៊ុនមេ សាជីវកម្ម​សាងសង់​កប៉ាល់​ចិន (CSSC)។

«ទួ​រ​ប៊ី​ន H260 18MW នឹង​រួមចំណែក​លើក​កម្ពស់​​សមត្ថភាព និង​ប្រសិទ្ធភាព​របស់​ទួ​រ​ប៊ី​ន ក៏ដូចជា​កាត់បន្ថយ​ការចំណាយ​លើ​ថ្លៃដើម​ក្នុង​ការផលិត​អគ្គិសនី​របស់​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់​នៅលើ​សមុទ្រ» CSSC ឱ្យដឹង​ដូច្នេះ។

ទួរប៊ីន H260 មាន​ស្លាប​កង្ហារ SuperBlade+ 128 ម៉ែត្រ និង​មាន​បំពាក់​មុខងារ​បញ្ជា​ទៅលើ​ទិស​ទទួល​ខ្យល់។ កង្ហារ​ទាំងនេះ​វិល​ក្នុង​ទំហំ​ផ្ទៃក្រឡា​ឡើងដល់ 53,000 ម៉ែត្រ ប្រហាក់ប្រហែល​នឹង​ទីលាន​បាល់ទាត់​ចំនួន 7 បូក​ចូលគ្នា។

នៅពេល​ដំណើរការ​ក្នុង​កម្លាំង​អតិបរមា ទួរប៊ីន H260 18MW អាច​ផលិត​អគ្គិសនី​បាន 44.8 kWh ពេល​ស្លាប​របស់វា​​វិល​បាន​មួយ​ជុំ។ ទួ​រ​ប៊ី​ន​នេះ​មួយគ្រឿង អាច​ផលិត​អគ្គិសនី​បាន​គ្រប់គ្រាន់​សម្រាប់​ការប្រើប្រាស់​របស់​ប្រជាជន​​ចំនួន 40,000 គ្រួ​សារ ជា​រៀងរាល់ឆ្នាំ។ CSSC Haizhuang ឱ្យដឹងថា ទួ​រ​ប៊ី​ននីមួយៗអាច​ផលិត​អគ្គិសនី​បាន 74,000 MWh/ឆ្នាំ៕

Advertisement