ឥណ្ឌូណេស៊ី​ជិត​ទទួលបាន​ការវិនិយោគ​ពីក្រុម​ហ៊ុនអាម៉េរិក Tesla និងក្រុម​ហ៊ុន​ចិន BYD

មន្ត្រី​ឥណ្ឌូណេស៊ី បាន​បង្ហើប​ឱ្យដឹងថា ប្រទេស​នេះ​កំពុង​បង្ហើយ​កិច្ចការ​សម្រាប់​កិច្ចព្រមព្រៀង​ជាមួយ BYD (ចិន) និង Tesla (អាម៉េរិក) ក្នុងការ​វិនិយោគ​លើ​ការបង្កើត​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​នៅទីនេះ។

លោក Luhut Pandjaitan រដ្ឋមន្ត្រីក្រសួង​កិច្ចការ​សមុទ្រ និង​វិនិយោគ​របស់​ឥណ្ឌូណេស៊ី បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា «បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនីធំៗរបស់​ពិភពលោក​នឹង​មក​បណ្ដាក់ទុន​នៅទីនេះ។ ក្រុមហ៊ុន BYD លេខ​មួយ​លើ​ពិភពលោក Tesla លេខ​ពីរ រួម​នឹង Hyundai ជាដើម សុទ្ធតែ​កំពុង​បង្ហើយ​កិច្ចការ​សម្រាប់​កិច្ចព្រមព្រៀង​ជាមួយ​ឥណ្ឌូណេស៊ី»។ BYD កាលពី​ឆ្នាំ​កន្លង បាន​យកឈ្នះ​លើ Tesla ហើយ​ក្លាយជា​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ធំជាងគេ​លើ​ពិភពលោក​ស្ដីពី​បរិមាណ​រថយន្ត​ដែល​បាន​លក់​ចេញ។

កាលពី​សប្ដាហ៍​កន្លង ប្រភពព័ត៌មាន​របស់ Bloomberg បានឱ្យដឹងថា Tesla និង​ឥណ្ឌូណេស៊ី កំពុង​ចរចា​គ្នា​អំពី​ការសាងសង់​រោងចក្រ​ផលិត​រថយន្ត​អគ្គិសនី​ឱ្យបាន 1 លាន​គ្រឿង​ជា​រៀងរាល់ឆ្នាំ។ បើសិនជា​កិច្ចព្រមព្រៀង​ខាងលើ​ត្រូវបាន​ចុះហត្ថលេខា នោះ​នឹង​ជា​រោងចក្រ​ទី​បី​របស់ Tesla ដែល​ស្ថិតនៅ​ខាងក្រៅ​សហរដ្ឋ​អាម៉េរិក បន្ទាប់ពី​រោងចក្រ​នៅ​ប្រទេស​ចិន និង​អាល្លឺម៉ង់។

លោក Luhut Pandjaitan រដ្ឋមន្ត្រីក្រសួង​កិច្ចការ​សមុទ្រ និង​វិនិយោគ​របស់​ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី តាំងពី​យូរ​មកហើយ បាន​អញ្ជើញ Tesla មក​បណ្ដាក់ទុន។ ប្រធានាធិបតី Joko Widodo បាន​ទៅ​ជួប CEO របស់ Tesla លោក Elon Musk កាលពី​ខែឧសភា 2022 និង​សម្រេចបាន​កិច្ចព្រមព្រៀង​ផ្គត់ផ្គង់​នី​កែ​លត​ម្លៃ 5 ពាន់​លាន​ដុល្លារ​អាម៉េរិក​កាលពី​ខែសីហា​ឆ្នាំ​កន្លង។ កាលណោះ លោក Widodo ក៏​ឱ្យដឹងថា ចង់ឱ្យ Tesla មក​ផលិត​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​នេះ។

ឥណ្ឌូណេស៊ី កំពុង​ជំរុញ​ការវិនិយោគ​ទៅលើ​ការផលិត​ថ្ម​ផ្ទុក​អគ្គិសនី និង​រថយន្ត​អគ្គិសនី​ក្នុងប្រទេស​ដើម្បី​ប្រើប្រាស់​ប្រភពធនធាន​នី​កែ​ល​ដ៏​សម្បូរបែប​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព។

ក្រុមហ៊ុន​កូរ៉េខាងត្បូង Hyundai បាន​សម្ពោធ​រោងចក្រ​នៅ​ឥណ្ឌូណេស៊ី កាលពី​ខែឧសភា​ឆ្នាំ​កន្លង ដើម្បី​ផលិត​រថយន្ត​អគ្គិសនី។ ចំណែក SGMW Motor Indonesia ដែលជា​ក្រុមហ៊ុន​បណ្ដាក់ទុន​រួម​រវាង SAIC Motor, General Motors និង Wuling Motor Holdings ក៏បាន​សាងសង់​បណ្ដា​រោងចក្រ​ដំឡើងរថយន្ត​អគ្គិសនី​នៅ​ឥណ្ឌូណេស៊ី​ផងដែរ។

ឥណ្ឌូណេស៊ី​គឺជា​ច្រក​ចេញ​ដើម្បី​ឱ្យ​​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត​ អាច​ចូលទៅ​កាន់​ទីផ្សារ​អាស៊ីអាគ្នេយ៍​ដែលមាន​ប្រជាជន​ជាង 675 លាន​នាក់។ ក៏ប៉ុន្តែ ទីនេះ​គឺជា​ទីផ្សារ​ដែល​លំបាក​សម្រាប់​អ្នក​ផលិត​រថយន្តប្រណិតៗ ដោយសារ​ថា រថយន្ត​ដែលមាន​តម្លៃ​ក្រោម 20,000 ដុល្លារ​អាម៉េរិក មាន​ចំណែក​ធំជាងគេ​នៅក្នុង​បរិមាណ​រថយន្ត​ដែល​បាន​លក់​ចេញ៕

Advertisement