រក​ឃើញ​វិធី​ផលិត​ដុំឥដ្ឋ​ “រស់​” ដែល​អាចប​ង្កើត​កូនចៅ​ និង​អាច​បិទ​ភ្ជិត​កន្លែង​ប្រេះ​បែក​ដោយខ្លួនឯង​

អ្នក​វិទ្យា​សា​ស្ដ្រ 1ក្រុម​បាន​រក​ឃើញ​វិធី​កែច្នៃ​ ឬអភិវឌ្ឍន៍​ “បេតុង​រស់​” ដែល​ល្អ​សម្រាប់​បរិស្ថាន​ ដោយ​ការ​លាយ​បញ្ចូល​គ្នា​រវាង​ខ្សាច់​ ហាយ​ដ្រូ​ជែល​ (hydrogel​) និង​បាក់តេរី​ ដើម្បី​បង្កើត​បាន​ជា​វត្ថុធាតុ​រឹង​ និង​អាច​ប្រើប្រាស់​បាន​ក្នុង​ការសាងសង់​ដូចគ្នានឹង​ស៊ីម៉ងត៍​ដែរ​។

វត្ថុធាតុ​ថ្មីនេះ​ មាន​ផ្ទុក​សារាយ​បុរាណ​មួយ​ប្រភេទ​ដែល​វិវឌ្ឍ​ជាលើកដំបូង​នៅ​លើ​ផែនដី​កាលពី​ 3.5​ពាន់​លាន​ឆ្នាំមុន​ ហើយ​សារាយ​នេះ​ស្រូប​យក​ថាមពល​ព្រះអាទិត្យ​ធ្វើជា​អាហារ​។ ដោយសារ​សារាយ​នេះ​ហើយ​ ទើប​វត្ថុធាតុ​ថ្មីនេះ​អាច​ប៉ះ​ភ្ជិត​កន្លែង​ប្រេះ​ដាច់​បាន​ដោយ​ស្វ័យប្រវត្តិ​ ហើយ​វា​ក៏​បញ្ចេញ​ឧស្ម័ន​កាបូន​តិច​ជាង​បេតុង​បច្ចុប្បន្ន​ទៀតផង​។ នេះ​បើ​តាម​ការប្រកាស​ឱ្យ​ដឹង​របស់​ក្រុម​អ្នក​វិទ្យា​សា​ស្ដ្រនៅ​សកលវិទ្យាល័យ​ Colorado​ Boulder​ កាលពី​ថ្ងៃទី​15​ មករា​កន្លង​ទៅ​ថ្មី​ៗនេះ​។

ក្រុម​អ្នកស្រាវជ្រាវ​ដែល​ដឹកនាំ​ដោយ​បណ្ឌិត​ Vil​ Sruber​ ដែល​ជា​ជនជាតិ​អាមេរិក​ បានឱ្យ​ដឹង​ថា​ វត្ថុធាតុ​ថ្មីនេះ​នឹង​បើកផ្លូវ​ឱ្យ​មានការ​សាងសង់​ “អគារ​រស់​” នា​ថ្ងៃ​អនាគត​ដ៏​ខ្លី​ខាងមុខ​ ព្រោះ​វា​មាន​សមត្ថភាព​អាច​បិទ​ភ្ជិត​កន្លែង​ប្រេះ​បែក​ដោយខ្លួនឯង​ដោយ​ស្វ័យប្រវត្តិ​ និង​ជួយ​ស្រូប​យកជាតិ​ពុល​ដែល​នៅ​ជុំវិញ​វា​ទៀតផង​។ បដិវត្តន៍​វិស័យ​សំណង់​នឹង​ចាប់ផ្ដើម​ក្នុង​ពេល​ឆាប់​ៗនេះឯង​។ បណ្ឌិត​ Srubar​ បាន​បន្ថែម​ថា​ សម្ភារ​ជីវសាស្ត្រ​ ដូចជា​ឈើ​ ដែល​កំពុង​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​សព្វថ្ងៃ​នេះ​ វា​ជា​វត្ថុធាតុ​ “ងាប់​”។

បណ្ឌិត​ Srubar​ និង​សហការី​ បាន​ប្រើប្រាស់​បាក់តេរី​ ​; Cyanobacteria​ ជា​បាក់តេរី​រស់នៅ​ក្នុងទឹក​ដែល​មាន​សមត្ថភាព​ផលិត​អាហារ​បាន​ដោយខ្លួនឯង​ ដើម្បី​បង្កើត​បាន​ជា​វត្ថុធាតុ​រស់​។

អនាគត​អាច​នឹង​មិន​ពិបាក​ក្នុង​ការ​ធ្វើ​ឱ្យ​វាល​ខ្សាច់​ធំ​មួយ​ក្លាយ​ជា​ដែល​មាន​រូប​រាង​បែប​នេះ

ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ​ ចាប់ផ្ដើម​ដោយ​ការប្រើ​ដីខ្សាច់​ និង​ហាយ​ដ្រូ​ជែល​ (hydrogel​) ដើម្បី​បង្កើត​បាន​ជា​ប្រព័ន្ធ​រន្ទា​មួយ​សម្រាប់​ឱ្យ​បាក់តេរី​រីកចម្រើន​។ ហាយ​ដ្រូ​ជែល​ មាន​ផ្ទុក​ចំហាយ​សំណើម​ និង​សារជាតិ​បំប៉ន​ដែល​អនុញ្ញាត​ឱ្យ​បាក់តេរី​បង្កើតកូន​ចៅ​ និង​រីក​លូតលាស់​ដូចគ្នានឹង​ដំណើរការ​នៃ​ការ​រីកចម្រើន​របស់​សម្បកខ្យង​នៅក្នុង​បាតសមុទ្រ​ដែរ​។ បាក់តេរី​នៅក្នុង​វត្ថុធាតុ​ខាងលើ​ ស្រូប​យក​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​ក្នុង​បរិយាកាស​ និង​បង្កើត​កាល់ស្យូមកាបូណាត​ ដែល​ជា​សារធាតុ​ចម្បង​របស់​ស៊ីម៉ងត៍​។

ស៊ីម៉ងត៍​ គឺជា​វត្ថុធាតុ​សម្រាប់​សំណង់​ដែល​ត្រូវ​បាន​គេ​ប្រើ​ច្រើន​បំផុត​លំដាប់​ទី​2 នៅ​លើ​ផែនដី​បន្ទាប់ពី​ទឹក​។ បើ​គិត​ដោយឡែក​តែ​លើ​វិស័យ​ផលិត​ស៊ីម៉ងត៍​ គេ​រក​ឃើញថា​ វា​បាន​បញ្ចេញ​ឧស្ម័ន​ CO​2 ដល់ទៅ​ 6% ទៅ​ក្នុង​បរិយាកាស​។ របកគំហើញ​ថ្មីនេះ​គឹ​ជា​វិធីសាស្ដ្រ​ដ៏​អស្ចារ្យ​បំផុត​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។

ដុំ​ឥដ្ឋ​ហាយ​ដ្រូ​ជែល​ ក៏​មាន​សមត្ថភាព​បង្កើតកូន​ចៅ​របស់​វា​បាន​ដែរ​។ នៅពេល​គេ​កាត់​ដុំឥដ្ឋ​ជា​ 2កំណាត់​ បាក់តេរី​ក្នុង​ឥដ្ឋ​នោះ​អាច​រីក​លូតលាស់​ទៅជា​ឥដ្ឋ​ចំនួន​ 2ដុំ​ដែល​មាន​រូបរាង​ដូចដើម​ ដោយ​គ្រាន់តែ​បន្ថែម​ខ្សាច់​ ហាយ​ដ្រូ​ជែល​ និង​ជាតិ​បំប៉ន​បន្តិច​ប៉ុណ្ណោះ​។ ជំនួស​ឱ្យ​ការផលិត​ឥដ្ឋ​ម្ដង​ 1ដុំ​ៗ ក្រុម​របស់​បណ្ឌិត​ Srubar​ បាន​បញ្ជាក់​ថា​ ដុំឥដ្ឋ​មេ​ 1ដុំ​ អាចប​ង្កើត​ដុំឥដ្ឋ​កូន​ដល់ទៅ​ 8ដុំ​ បន្ទាប់ពី​ឆ្លងកាត់​ 3ជំនាន់​។

ក្រុម​អ្នក​វិទ្យា​សា​ស្ដ្រខាងលើ​បានឱ្យ​ដឹង​ថា​ ការសិក្សា​ស្រាវជ្រាវ​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​នៅឡើយ​ និង​នៅ​មាន​ឧបសគ្គ​មួយចំនួន​ទៀត​ដែល​ត្រូវ​ដោះស្រាយ​។ បញ្ហា​ធំ​បំផុត​នោះ​គឹ​ ដុំឥដ្ឋ​ត្រូវតែ​ស្ងួត​ទាំងស្រុង​ ដើម្បី​បង្កើន​គុណភាព​ដល់កម្រិត​ខ្ពស់​បំផុត​ ប៉ុន្តែ​ប្រការ​នេះ​បែរជា​ធ្វើ​ឱ្យ​មាន​សម្ពាធ​ទៅលើ​បាក់តេរី​ និង​កាត់បន្ថយ​លទ្ធភាព​នៃ​ការ​រក្សា​ជីវិត​របស់​ពួកវា​។ ដើម្បី​រក្សា​ជីវិត​របស់​បាក់តេរី​ក្នុង​ដុំឥដ្ឋ​ គេ​ត្រូវ​រក្សា​សំណើម​ និង​កម្ដៅ​ឱ្យ​បាន​ត្រឹមត្រូវ​។ ក្រុម​អ្នក​វិទ្យា​សា​ស្ដ្រនេះ​ ក៏អាច​គ្រប់គ្រង​ដុំឥដ្ឋ​ ដោយ​អាច​ឱ្យ​វា​នៅ​ស្ងៀម​ ឬរីក​លូតលាស់​ពេលណា​ក៏បាន​ ដើម្បី​ងាយស្រួល​ក្នុង​ការសាងសង់​៕

ប្រភព​៖ សារព័ត៌មាន​បរទេស​

Advertisement