ពី​មនុស្ស​ធ្លាប់​​សុំអាហារ​គេ​ហូប ក្លាយ​ជា​មហាសេដ្ឋី ព្រោះ​តែ​ចេះ​​ប្រមាញ់​ផ្ទះ​ចាស់​ៗ

Tins Plaza គឺជា​រោង​ចក្រ​ផលិត​ជ័រ​មួយ​​ត្រូវ​បាន​គេ​ទុក​ឱ្យ​នៅ​ទំនេរ ដែល​វាស្ថិត​ក្នុង​សង្កាត់ Tuen Mun នៃ​ទី​​ក្រុង​ហុង​កុង​។ ប៉ុន្តែ នៅ​ពេល​បាន​ឃើញ​ភ្លាម អ្នក​ជំនួញ Tang Shing-bor ដឹង​ភ្លាម​ថា វា​ជា​កំណប់​ទ្រព្យ​។

កាល​ពី​ឆ្នាំ2005 លោក Tang Shing-bor បាន​ចំណាយ​ប្រាក់​36លាន​ដុល្លារ​អាមេរិក​ ដើម្បី​ទិញ​រោង​ចក្រ​ Tins Plaza នេះ​។ ប៉ុន្តែ គាត់មិន​នឹក​ស្មាន​ថា 2ឆ្នាំ​ក្រោយ​មក គាត់​រក​បាន​ប្រាក់​ចំណេញពី​រោង​ចក្រ​នេះ​ ​ច្រើន​ជាង​3ដង ធៀប​នឹង​ប្រាក់​ដែល​លោក​បាន​ចំណាយ​សម្រាប់​ទិញ​វា​។

ដោយ​សារ​តែ​ការ​ស្វែង​រក​ទិញ​អចលន​ទ្រព្យ​ឧស្សាហ​កម្ម​ចាស់ៗ ឬ​ត្រូវ​គេ​ទុក​ចោល​ទំនេរ​ ដូច​ជារោង​ចក្រ Tins Plaza ជា​ដើម​ ហើយជួស​ជុស​ឡើង​វិញ​ រួច​លក់​ទៅ​ឱ្យ​អ្នក​ផ្សេង លោក​ Tang បាន​រួច​ផុត​ពី​មាត់​ជ្រោះ​ក្ស័យ​ធន​កាល​ពីឆ្នាំ​2003 ហើយ​បាន​ក្លាយជា​មហា​សេដ្ឋី​ក្នុង​ឆ្នាំ​2016។ បច្ចុប្បន្ន​ មហាសេដ្ឋី​​វ័យ86ឆ្នាំ​រូប​នេះ គឺ​ជា​អ្នក​មាន​បំផុត​លំដាប់​ទី​14​នៅ​ហុងកុង ដោយ​មាន​ទ្រព្យ​ 5,7​ពាន់​លាន​ដុល្លារ​អាមេរិក​។ នេះ​បើ​តាម​ទស្សនាវដ្ដី Forbes។

ល្បី​ឈ្មោះ​ខ្លាំង​ដោយ​សារ​តែ​ការ​រកស៊ី​បែប​ដើរ​បញ្ច្រាស់​និន្នាការ​របស់​មនុស្ស​សម័យ​ថ្មី និង​មិន​ខ្វល់​ពី​បាតុកម្ម​ដែល​អូស​បន្លាយ​ពេល​រាប់​ខែ​នៅ​ទូទាំង​ទី​ក្រុង​ហុង​កុង​ លោក​ Tang នៅ​តែ​បញ្ចេញ​ប្រាក់​រក​ស៊ី​ខាង​អចលន​ទ្រព្យ​ឧស្សាហ​កម្ម​នៅ​ទី​នេះ​។ កាល​ពី​ឆ្នាំ​ទៅ(2019) គាត់​បាន​ចំណាយ​ប្រាក់​ដល់​ទៅ​ 700​លាន​ដុល្លារ​អាមេរិក​ដើម្បី​​រក​ស៊ី​ក្នុង​វិស័យ​នេះ​។ យោង​តាម​ក្រុម​ហ៊ុន​ស្រាវ​ជ្រាវ​ Real Capital Analytics លោក​ Tang គឺជា​អ្នក​ដែល​បាន​ចំណាយ​ប្រាក់​ច្រើន​ជាង​គេ​បង្អស់​នៅ​ទីក្រុង​ហុង​កុង ក្នុង​ការ​ទិញ​អចលន​ទ្រព្យ​ឧស្សាហ​កម្ម​ ក្នុង​ឆ្នាំ​2019។

“នេះ​គឺជា​ឱកាស​ល្អ​បំផុត​ដែល​ខ្ញុំ​មិន​ធ្លាប់ជួប​ប្រទះ” នេះ​គឺជា​សម្ដី​របស់​លោក Tang ក្នុង​កិច្ច​សម្ភាស​មួយ​នៅ​ឯផ្ទះ​របស់​គាត់​ក្នុង​ខណ្ឌ Mong Kok ដែល​មាន​ទី​តាំង​នៅ​មិន​ឆ្ងាយ​ប៉ុន្មា​នពី​តំបន់​ដែល​មាន​បាតុកម្ម​កើតឡើង​។

ជំនាញ​របស់​លោក Tang ក្នុងការ​ស្វែង​រក​ និង​កែលម្អអចលន​ទ្រព្យ​ចាស់​ៗក្នុង​ទី​ក្រុង​ហុង​កុងពេល​ដែល​វា​នៅ​ជា​មជ្ឈ​មណ្ឌល​ផលិតកម្ម បាន​ទាក់​ទាញ​ដៃគូសហការ​ជា​ច្រើន​ ដូចជា Chinese Estates Holdings និង Juayuan International ជា​ដើម​។ ក្រុម​ហ៊ុន​ទាំង​2ខាង​លើ​នេះ បាន​សហការ​ជាមួយ​ក្រុម​ហ៊ុន​ Stan Group របស់​លោក Tang ដើម្បី​កែ​ប្រែ​ ឬ​ជួស​ជុស​អចលន​ទ្រព្យ​ទាំង​ឡាយ​ដែល​លោក​ Tang បាន​ទិញ​។ “គាត់​ធ្វើ​ការ​មាន​ប្រសិទ្ធ​ភាព និង​មាន​បទ​ពិសោធន៍​ច្រើន​” នេះ​បើ​តាម​ Joseph Lam ដែល​ជា​អ្នក​ដឹកនាំ​ម្នាក់​នៃ​ក្រុម​ហ៊ុន Colliers International។

ក្រុម​អ្នក​រក​ស៊ី​ខាង​អចលន​ទ្រព្យ​នៅ​ទី​ក្រុង​ហុង​កុង តែង​តែ​ហៅ​លោក​ Tang ថា​ “ពូ Bor”។ អចលន​ទ្រព្យ​ គ្រាន់​តែ​ជា​ផ្នែក​មួយ​ដែល​លោក​បាន​ចូល​រក​ស៊ី។​ កាល​ពី​ទសវត្សរ៍​ឆ្នាំ​1950 លោក Tang ក៏ធ្លាប់​ផលិត​អំពូល​ភ្លើង neon និង​ធ្លាប់​កាន់​កាប់​ភោជនីយដ្ឋាន​ក្នុង​ទសវត្សរ៍​ឆ្នាំ​1970ផងដែរ​។ ការ​រក​ស៊ី​របស់​គាត់ ក៏​បាន​បង្ហាញ​ពី​ការ​រីក​ចម្រើន​របស់​ទីក្រុង​ហុង​កុង​ក្នុង​រយៈ​ពេល​ប៉ុន្មានទសវត្សរ៍​ចុង​ក្រោយ​នេះ​។

មហាសេដ្ឋី​រូប​នេះ​ មិន​ដែល​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​បរាជ័យ​នោះ​ទេ​។ ឪពុក​របស់​គាត់​បាន​ស្លាប់​ចោល​ ពេល​គាត់​មាន​អាយុ​ត្រឹម​តែ​5ឆ្នាំ​។ ចំណែក​ម្ដាយ​របស់​គាត់​វិញ គឺ​ត្រូវធ្វើ​ការ​ក្នុង​រោង​ចក្រ​ដើម្បី​ចិញ្ចឹម​កូន​ៗ។ “ខ្ញុំ​ត្រូវ​រិះ​រក​វិធី​ជា​ច្រើន​ដើម្បី​រស់​” លោក​ Tang និយាយ​បែប​នេះ​។ លោក​បន្ត​ថា លោក​ធ្លាប់​តែល​តោល​នៅ​ខាង​ក្រៅ​អាហារ​ដ្ឋាន នៅ​ពេល​កំពុង​ឃ្លាន​បាយ ដើម្បី​រង់​ចាំ​សុំ​អាហារ​ពី​គេ​។

ការ​រស់​នៅ​ និង​ធំ​ដឹង​ក្ដី​ក្នុង​ភាព​ក្រី​ក្របែប​នេះហើយ ធ្វើ​ឱ្យ​លោក Tang មានស្មារតី​អង់អាច និង​​ “ថ្លើង​ធំ” ព្រោះ​គាត់​មិន​ដែល​ខ្លាច​បរាជ័យ។ លោកនិយាយ “គ្មាន​បញ្ហា​ណា​ដែល​គ្មាន​ដំណោះ​ស្រាយ​នោះ​ឡើយ​”។

Tang រៀន​ចប់​ត្រឹម​បឋម​សិក្សា​ប៉ុណ្ណោះ។ ឆ្នាំ​1950 លោក​បាន​ដើរ​តាម​ក្រុម​ជាង​ធ្វើ​ស្លាកយីហោ ដើម្បី​រៀន​ជំនាញ​។ ពេល​អាយុ​20ឆ្នាំ គាត់​បាន​បើក​ហាង​ផ្ទាល់​ខ្លួន​។ ជោគ​ជ័យ​ក្នុងការ​រក​ស៊ី​នេះ បាន​នាំ​ឱ្យ​លោក អាច​សហ​ការ​ជាមួយមិត្ត​ភក្ដិ​របស់​គាត់​ដើម្បី​​បើក​ភោជនីយដ្ឋាន​មួយ​ ក្នុង​ឆ្នាំ​1970។ ចាប់​តាំង​ពីពេល​នោះ លោក Tang ក៏ចាប់​ផ្ដើម​វិនិយោគ​ច្រើន​ទៅ​លើ​ភោជ​នីយដ្ឋាន។

ទសវត្សរ៍​ទី 80 លោក Tang បាន​លោត​ចូល​វិនិយោគ​ទៅ​លើ​វិស័យ​ផ្សេង​ៗ ក្នុង​នោះ​ក៏​មាន​វិស័យ​រថយន្ត​ចាស់​ៗ​។ ប៉ុន្តែ ការ​ដែល​លោក​ទទួល​បាន​ជោគ​ជ័យ​ច្រើន​ ក៏ដោយ​សារតែ​​ការ​ទិញលក់ហាង​នានា​។ ជំនួញ​ដែល​លេច​ធ្លោ​ជាង​គេ​របស់​គាត់ គឺ​ការ​ទិញ​អគារ​ចាស់​មួយ​ក្នុង​ឆ្នាំ​1990 ហើយ​កែប្រែ​វា​ឱ្យ​ទៅ​ជាមជ្ឈមណ្ឌល​​ Mongkok Centre ដ៏ល្បី​ឈ្មោះ​។

ឆ្នាំ​1997 លោក​ Tang មាន​​ហាង​ក្នុង​ដៃ​ចំនួន​ជាង​200ហាង ដែល​មាន​តម្លៃ​ជិត​7,3​ពាន់​លាន​​ដុល្លារ​ហុង​កុង (942លាន​ដុល្លារ​អាមេរិក​) ហើយ​ក៏​ចាប់​ផ្ដើម​រៀប​គម្រោង​ចូល​រួម​ក្នុង​ផ្សារ​មូល​បត្រ​ (IPO)។ ប៉ុន្តែ ពេល​ក្រោយ​មក​បន្តិច វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​បាន​កើត​ឡើង​។ ទី​ផ្សារ​អចលន​ទ្រព្យ​នៅ​ទី​ក្រុង​ហុង​កុង​បាន​ធ្លាក់់ថ្លៃ​ដល់​ទៅ​70% ក្នុង​អំឡុង​ចាប់​ពី​ឆ្នាំ​1997 ដល់​ឆ្នាំ​2004 ដោយ​មួយ​ផ្នែក​បណ្ដាល​មក​ពី​អាសន្នរោគ​ SARS។ ឆ្នាំ​2004 លោក​ Tang ត្រូវ​ជាប់​​បំណុល​4ពាន់​លានដុល្លារ​ហុង​កុង​ (514,982,760ដុល្លារ​អាមេរិក)។

លោក Tang ក៏​បាន​ចាប់​ផ្ដើម​លក់​អចលន​ទ្រព្យ​ខ្លះ​របស់​គាត់ បូក​រួម​ទាំង​ Mongkok Computer Centre។ ប៉ុន្តែ គាត់​រក្សា​ទុក​អចលនទ្រព្យ​​ឧស្សាហ​កម្ម​ដែល​បាន​ទិញ​ចាប់​ពី​ឆ្នាំ​1996 ដើម្បី​ការ​ពារ​ហានិភ័យ​។

ឆ្នាំ​2005 គាត់​បាន​ទិញ​ Tins Plaza ក្នុង​តម្លៃ​280លាន​ដុល្លារ​ហុង​កុង (36,048,793​ ដុល្លារ​អាមេរិក)។ គាត់​ចំណាយប្រាក់​ដែល​មាន​ក្នុង​ដៃ​ត្រឹម​តែ28​លាន​ដុល្លារ​ហុង​កុង​ ក្រៅ​ពី​នេះ​គឺ​លុយបាន​មក​ពី​ការ​បញ្ចាំ​អគារ​ទាំង​ឡាយ​ដែល​គាត់​បាន​ទិញ​ពី​មុន​។

6ខែក្រោយ​មក លោក​ Tang ទទួល​បាន​ការ​ស្នើ​ទិញ​អគារ ​Tins Plaza នេះ ពីក្រុម​ហ៊ុន​អូស្ដ្រា​លី​ Macquarie Goodman ក្នុង​តម្លៃ​500​លាន​ដុល្លារ​ហុង​កុង (64,372,845 ដុល្លារ​អាមេរិក)​។ មក​ដល់​ខែ​តុលា​ ឆ្នាំ​2005ដដែល ក្រុម​ហ៊ុន Mapletree របស់​សិង្ហ​បុរី​ បាន​ឱ្យ​តម្លៃ​520​លាន​ដុល្លារ​ហុង​កុង (70,810,129ដុល្លារ​អាមេរិក) ប៉ុន្តែ គាត់​នៅ​តែ​មិន​ព្រម​លក់​។ នេះ​បើ​តាម​ទស្សនាវដ្ដី Forbes។

មហាសេដ្ឋី​រូប​នេះ ដឹង​ថា អចលនទ្រព្យ​ពាណិជ្ជ​កម្ម វា​មាន​តម្លៃ​ខ្ពស់​ជាង​អចលន​ទ្រព្យ​ឧស្សាហ​កម្ម ដូច្នេះ គាត់​ក៏​បាន​អភិវឌ្ឍ​ Tins Plaza ​ឱ្យ​ធ្លាក់​ទៅ​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម។ 2ឆ្នាំ​ក្រោយ​មក តំណាង​ក្រុម​ហ៊ុន Macquarie មក​ពី​ Sydney ស្នើ​ទិញ​ក្នុង​តម្លៃ​​850​លាន​ដុល្លារ​ហុង​កុង (109,433,836ដុល្លារ​អាមេរិក)។ គាត់​ក៏​បាន​លក់​ឱ្យ​ក្រុម​ហ៊ុន​នេះ ដោយ​ទទួល​បាន​ប្រាក់​ចំណេញ​570​លាន​ដុល្លារ​ហុងកុង​ (73,385,000ដុល្លារ​អាមេរិក)។ លោក​ Tang ថ្លែង​ថា “នេះ​គឺជា​ជំនួញ​ដែល​គួរ​ឱ្យ​ចង​ចាំ​បំផុត​សម្រាប់ខ្ញុំ”។

ក្រោយ​មក លោក​ Tang នៅ​តែ​បន្ត​រកស៊ី ដោយ​មិន​គិត​ពី​រឿង​ចូល​និវត្តន៍។ គាត់​បាន​ឃើញ​រោង​ចក្រ​ចាស់​មួយ​នៅ​ក្បែរ​នោះ​ គឺ Gold Sung Industrial Building។ មិន​ដូច​ការ​ជួញ​ដូរ​មុន​ៗ Gold Sun មាន​ម្ចាស់​ច្រើន​នាក់​ ធ្វើ​ឱ្យ​គាត់​ត្រូវ​ចំណាយ​ពេល​ដើម្បី​ចរចា​ដាច់​ដោយ​ឡែក​ម្ដង​មួយ​ៗ​។ គាត់​ចាប់​ផ្ដើមទិញ​ជាន់​ដំបូង​គេ​ក្នុង​ឆ្នាំ​2006 ប៉ុន្តែ រហូត​ដល់​ឆ្នាំ​2014 ទើប​​បាន​ជោគជ័យ​ទាំង​ស្រុង​។ គាត់​រំឭកថា “ខ្ញុំ​ត្រូវ​ទិញ​ម្ដង​មួយ​ជាន់​ៗ​”។

លោក Tang ក៏​បាន​ជួប​នឹង​សំណាង​ល្អ​ច្រើន​ផងដែរ។ ដោយ​សារ​តែ​ចង់​បង្កើនប្រភព​ផ្គត់​ផ្គង់​អចលន​ទ្រព្យ​សម្រាប់​ការិយា​ល័យ សណ្ឋាគារ​ និង​តំបន់​ពាណិជ្ជ​កម្ម​ អាជ្ញា​ធរ​ទី​ក្រុង​ហុង​កុង​នា​ឆ្នាំ2010 ក៏បាន​ចេញ​គោល​នយោបាយ​​លើក​ទឹក​ចិត្ត​ឱ្យមានការ​អភិវឌ្ឍ​អចលន​ទ្រព្យ​ឧស្សាហ​កម្ម​ចាស់​ៗ ឱ្យ​ទៅ​ជា​តំបន់​ពាណិជ្ជ​កម្ម​។ល។ ដូច្នេះ ធ្វើ​ឱ្យ​តម្លៃ​រោង​ចក្រ​ចាស់​ៗ ឡើង​ថ្លៃ​ដល់​152​% ក្នុង​អំឡុង​ពេល​ពី​ឆ្នាំ​2010 ដល់​2016។ ដូច្នេះ ការ​រក​ស៊ី​របស់​លោក ក៏​បាន​រលូត​ជាង​មុន​ទៅ​ទៀត​។

គិត​មក​ដល់​បច្ចុប្បន្ន មហាសេដ្ឋី​ Tang កំពុង​កាន់​កាប់​អគារ​នៅ​ក្បែរ​អាកាស​យាន​ដ្ឋាន​ចាស់ ​ប្រមាណ​ជា​73​%​។ ការ​កសាង​ឡើង​វិញ​នូវ​អាកាស​យាន​ដ្ឋាន Kai Tak ប្រាកដ​ជា​នឹង​ធ្វើ​ឱ្យ​អចលន​ទ្រព្យ​នៅ​ក្បែរ​ៗ​នេះ ឡើង​ថ្លៃ​កប់​ពពក​មិន​ខាន​។ ប្រការ​នេះ នឹង​ជួយ​ឱ្យ​លោក Tang កើន​ទ្រព្យ​ថែម​មួយ​កម្រិត​ធំ​ទៀត​។

មហា​សេដ្ឋី​រូប​នេះ ថ្លែង​ថា “ខ្ញុំ​ពិត​ជា​ជឿ​ជាក់​លើ​អនាគត​របស់​ហុង​កុង។ ខ្ញុំ​បាន​ស្គាល់​ឧបសគ្គ​ច្រើន​មក​ហើយ​។ វា​តែង​តែ​មាន​ឱកាស​ច្រើន​​ស្ថិត​ក្នុង​ហានិភ័យ ហើយ​នេះ​គឺជា​ឱកាស​របស់​ខ្ញុំ”៕

ប្រភព​៖ សារ​ព័ត៌មាន​បរទេស

Advertisement