អ្នក​ក្រុង​ហុងកុង​សម្រុក​​ទៅ​​រង់​​ចាំ​ទិញ​ផ្ទះ​ បើ​ទោះ​​នយោបាយ​និង​សេដ្ឋ​កិច្ច​កំពុង​ជួប​បញ្ហា​

អ្នក​ក្រុង​ហុងកុង​តម្រង់​ជួរ​គ្នា​រង់​ចាំ​ទិញ​ផ្ទះ​ បើ​ទោះ​​នយោបាយ​និង​សេដ្ឋ​កិច្ច​កំពុង​ជួប​បញ្ហា​
អ្នក​ក្រុង​ហុងកុង​តម្រង់​ជួរ​គ្នា​រង់​ចាំ​ទិញ​ផ្ទះ​ បើ​ទោះ​​នយោបាយ​និង​សេដ្ឋ​កិច្ច​កំពុង​ជួប​បញ្ហា​

ផ្ទះ​​ចំនួន​93​ល្វែង​ដែល​ស្ថិត​ក្នុង​គម្រោង​​មួយ​របស់​ក្រុម​ហ៊ុន​អចលន​ទ្រព្យ China Vanke ត្រូវ​បាន​លក់​ដាច់​អស់​គ្មាន​សល់​​ ដោយ​ប្រើ​ពេល​ត្រឹម​តែ​ 8​ម៉ោង​ប៉ុណ្ណោះ​ ដែល​នេះ​បាន​ជួយ​ឱ្យ​ក្រុម​ហ៊ុន​​​រក​បាន​ប្រាក់​ 880​លាន​ដុល្លារ​ហុង​កុង​​​ដោយ​មិន​បាច់​ហត់​យូរ​។

ច្បាប់​សន្តិសុខ​ហុង​កុង​ដែល​ទើប​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ទីក្រុង​ប៉េកាំង គំរាម​កំហែង​ខ្លាំង​ដល់​​ “តំណែង”​ ជា​មជ្ឈមណ្ឌល​ហិរញ្ញ​វត្ថុ​​ពិភពលោក​របស់​ទីក្រុង​ហុង​កុង​​ ក៏ប៉ុន្តែ វា​​ហាក់​មិន​​​មាន​ឥទ្ធិពល​ច្រើន​ទៅ​លើ​ទីផ្សារ​អចលន​ទ្រព្យ​​​លំដាប់​ថ្លៃ​បំផុត​នេះ​​ទេ​។​ កាល​ពី​សប្ដាហ៍​មុន មនុស្ស​រាប់​សិប​នាក់​បាន​មក​តម្រង់​ជួរ​រង់​ចាំ​ដេញ​ថ្លៃ​ទិញ​ផ្ទះ​ចំនួន​94​ល្វែង​នៅ​ក្នុង​គម្រោង​ The Campton នៅក្នុង​មជ្ឈមណ្ឌល​ Kowloon។

ក្រុម​ហ៊ុន​ China Vanke បាន​ឱ្យ​ដឹង​ថា ផ្ទះ​ចំនួន​94​ខាង​លើ​​ ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ចាប់​ពី​ 6.8​លាន​ដុល្លារ​ហុង​កុង​ (872.400 USD) សម្រាប់​​​ល្វែង​ដែល​មាន​បន្ទប់​គេង​ចំនួន​មួយ​។ ផ្ទះ​ល្វែង​ចំនួន​93​ខ្នង​ត្រូវ​បាន​លក់​អស់​ក្នុង​រយៈ​ពេល​8ម៉ោង​ ដែល​នេះ​បាន​​ជួយ​ឱ្យ​ក្រុម​ហ៊ុន​ China Vanke​ ​រក​បាន​ប្រាក់​ 880​លាន​ដុល្លារ​ហុង​កុង​ (113,546,570​ USD)។

អ្នក​ស្រី​ Li ដែល​ជា​អតិថិ​ជន​ម្នាក់​​របស់​ក្រុម​ហ៊ុន​ China Vanke បាន​ឱ្យដឹង​ថា “នៅ​ពេល​ដែល​ប្រព័ន្ធ​នយោបាយ​ និង​សេដ្ឋ​កិច្ច​ជួប​អស្ថិរ​ភាព​ ប្រាក់​សុទ្ធនឹង​បាត់​បង់​តម្លៃ​យ៉ាង​លឿន​។ ខ្ញុំ​ចង់​យក​ប្រាក់​ទៅ​ទិញ​ផ្ទះ​ដើម្បី​ការ​ពារ​តម្លៃ​របស់​វា​”។

នៅ​ពេល​គេ​មើល​មួយ​ក្រឡេក គេ​នឹង​ឃើញ​ថា បច្ចុប្បន្ន​មិន​មែន​ជា​ពេល​ល្អ​បំផុត​សម្រាប់​ទិញ​អចលន​ទ្រព្យ​នៅ​ហុងកុង​នោះ​ទេ​។ អនាគត​របស់​ហុងកុង​កំពុង​ចាប់​ផ្ដើម​អាប់​អួ​ដោយ​ស្រមោល​នៃ​ច្បាប់​សន្តិសុខ​ហុង​កុង​របស់​ទីក្រុង​ប៉េកាំង​ ដែល​នាំ​ឱ្យ​សហរដ្ឋ​អាមេរិក​គំរាម​ដក​ហូត​អាទិភាព​​​ពិសេស​របស់​ទីក្រុង​នេះ​។

ច្បាប់​សន្តិសុខ​ហុងកុង​ក៏​បានធ្វើ​​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ទុន​វិនិយោគ​ដែល​នឹង​អាច​ “រត់​ចោល” ហុង​កុង​​ ផង​ដែរ​ បណ្ដាល​ឱ្យ​មាន​បាតុកម្ម​ជា​ច្រើន​កើត​ឡើង​ និង​បង្កើន​អស្ថិរ​ភាព​ក្នុង​តំបន់​សេដ្ឋ​កិច្ច​​ “យក្ស” មួយ​នេះ​។ GDP របស់​ហុង​កុង​ត្រូវ​បាន​ព្យាករ​ថា​នឹង​ធ្លាក់​ចុះ​ដល់​ទៅ​7​%​ ក្នុង​ឆ្នាំ​2020​នេះ​។

បើ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ សម្រាប់​មនុស្ស​មួយ​ចំនួន​​យល់​ថា អស្ថិរ​ភាព​សេដ្ឋ​កិច្ច​ និង​នយោបាយ​ បាន​ធ្វើ​ឱ្យ​អចលន​ទ្រព្យ​ក្លាយ​ជា​របស់​ផ្សង​ព្រេង​ដែល​មាន​សុវត្ថិ​ភាព​ជាង​ទ្រព្យ​ដទៃ​។ កាល​ពី​ខែ​មុន​ Sun Hung Kai Properties លក់​បាន​ 97​%​ ក្នុង​ចំណោម​ផ្ទះ​ចំនួន​298​ល្វែង​ ប្រមូល​បាន​ប្រាក់​2​ពាន់​លាន​ដុល្លារ​ហុង​កុង (258,060,386 USD)​​ ក្នុង​រយៈ​ពេល​តែ​មួយ​ថ្ងៃ​។

Prospective buyers waiting in line outside the sales office for the Campton residential project by China Vanke in Hong Kong, on June 2, 2020

អ្នកស្រី​ Li វ័យ​40​ឆ្នាំ​ ជឿ​ជាក់​ថា ទីផ្សារ​អចលន​ទ្រព្យ​អាច​ទប់​ទល់​នឹង​ឱន​ភាព​នៃ​សេដ្ឋ​កិច្ច​ ដោយ​សារ​តែ​គិត​ថា​ “ដី​មិន​កើន តែ​មនុស្ស​កើន”។ អ្នក​ស្រី​បន្ត​ថា “ហុង​កុង​តូច​ណស់​។ បើ​ប្រៀប​ធៀបតម្លៃ​ផ្ទះ​កាល​ពី​​​20​ឆ្នាំ​មុន​ និង​ពេល​នេះ លោក​នឹង​ឃើញ​ថា អចលន​ទ្រព្យ​ដែល​បាន​ទិញ​កាល​ណោះ កំពុង​តែ​នាំ​មក​នូវ​ចំណេញ​យ៉ាង​សម្បើម​”។

អ្នក​ស្រី​ Li និយាយ​មិន​ខុស​ទេ​។ ​ទិន្ន​ន័យ​របស់ក្រុម​ហ៊ុន​ Centaline Property Agency បាន​បង្ហាញថា តម្លៃ​អចលន​ទ្រព្យ​នៅ​ហុង​កុង​បាន​កើន​ឡើង​230​% ចាប់​ពី​ឆ្នាំ​2000​​មក​នេះ​។ ប្រការ​នេះ​​បាន​​ធ្វើ​ឱ្យ​ពលរដ្ឋ​ហុង​កុង​​កាន់​តែ​ជឿ​ជាក់​​ទៅ​លើ​ការ​យល់​ឃើញ​របស់​ពួកគេ​​ដែល​ថា “អចលន​ទ្រព្យ​​តែង​តែ​ជា​ទ្រព្យ​សុវត្ថិ​ភាព​”។

ទោះ​បី​ជា​សេដ្ឋ​កិច្ច​កំពុង​មាន​ឱន​ភាព​ ប៉ុន្តែ​តម្លៃ​ផ្ទះ​នៅ​ទីក្រុង​ហុង​កុង​បែរ​ជា​ឡើង​ថ្លៃ​1.2% ក្នុង​ឆ្នាំ​នេះ​ ហើយ​បច្ចុប្បន្ន​​វា​បាន​ឡើង​ដល់​ចំណុច​កំពូល​​រាប់​ចាប់​ពី​ខែ​​វិច្ឆិកា​ ឆ្នាំ​2019​។

ក្នុង​ពេល​ដែល​តម្លៃ និង​ចំនួន​ផ្ទះ​នៅ​ក្នុង​បណ្ដា​ទីផ្សារ​​​ពិភពលោក​ ដូច​ជា​ទីក្រុង​ឡុង​ដ៍​ ឬ​សិង្ហបុរី​​ជា​ដើម​ កំពុង​តែ​ដាំក្បាល​ចុះ ទីក្រុង​ហុង​កុង​ឯណោះ​បែរ​ជា​ងើប​ក្បាល​ឡើង​​ ដោយ​មាន​ការ​ជួញ​ដូរចំនួន​ ​6,885​លើក​ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ខែ​ឧសភា​កន្លង​ទៅ​។ នេះ​គឺជា​តួលេខ​ខ្ពស់​បំផុត​ក្នុង​អំឡុង​12​ខែ​​មក​នេះ​។

របាយ​ការណ៍​មួយ​របស់​ Morgan Stanley កាល​ពី​ថ្ងៃទី​26​ឧសភា បាន​ព្យាករ​ថា ក្នុងរយៈ​ពេល​វែង​ ប្រភព​ផ្គត់​ផ្គង់​​​​មាន​កំណត់​ និង​តម្រូវ​ការ​ខ្ពស់​​ដោយ​សារ​តែ​អត្រា​មាន​ផ្ទះ​នៅ​ទាបនៅ​ឡើយ​ រួម​នឹង​ការ​ប្រាក់​ជិត​ស្មើ​​នឹង​0% នឹង​ជំរុញ​ឱ្យ​ទីផ្សារ​អចលន​ទ្រព្យ​នៅ​ហុង​កុង​កាន់​តែ​ងើប​ឡើង​ខ្ពស់​។

យ៉ាង​ណា​ក៏ដោយ ទី​ផ្សារ​អចលន​ទ្រព្យ​មិន​មែន​មិន​មាន​ហានិភ័យ​នោះ​ទេ។ ក្រុម​ហ៊ុន​នានា​កំពុង​តែ​ផ្អាក​ដំណើរ​ការ​។ អត្រា​បាត់​បង់​ការ​ងារ​ក៏កំពុង​ស្ថិត​នៅ​ក្នុង​កម្រិត​ខ្ពស់​​បំផុត​​ ហើយ​បើ​ទោះ​ចំនួន​ការ​ងារ​ដែល​បាន​បាត់​បង់​ភាគ​ច្រើន​ជា​ការ​ងារ​លំដាប់​ទាប​ ដូច​ជា​វិស័យ​លក់​រាយ​ ឬ​សេវា​អាហារ​ជា​ដើម​ ប៉ុន្តែ​​វា​ជះ​​​ឥទ្ធិ​ពល​​​រាល​ដាល​ដល់​​ការ​ងារ​លំដាប់​ខ្ពស់​ផង​ដែរ​ ដែល​ប្រការ​នេះ​ក៏​នឹង​មាន​ផល​ប៉ះពាល់​​ដល់​លទ្ធ​ភាព​នៃ​ការ​បង់​រំលស់​​ទ្រព្យ​របស់​អ្នក​ទិញ​។ Simon Smith ដែល​ជា​ប្រធាន​ផ្នែក​ស្រាវ​ជ្រាវ​ទីផ្សារ​និង​ប្រឹក្សា​យោបល់​របស់​ក្រុម​ហ៊ុន​ Savills បាន​ព្យាករ​ថា តម្លៃ​ផ្ទះ​នៅ​ហុង​កុង​នឹង​ធ្លាក់​ចុះ​5​%​ ក្នុង​ឆ្នាំនេះ​៕

ប្រភព​៖ Bloomberg

Advertisement