ស្ពានឫស្សីវែងជាងគេបង្អស់ក្នុងពិភពលោក នឹងបើ​កទ្វារ​ទទួល​ទេសចរ​ ចាប់​ពី​ពាក់​កណ្ដាល​ខែ​នេះ​តទៅ (មាន​វីដេអូ)

ស្ពាន​ឫស្រី​ប្រវែង​ជិត​5គីឡូម៉ែត្រ​ និង​ទទឹង​3ម៉ែត្រ​ សម្រាប់​ថ្មើរ​ជើង​

ស្ពានប្រវែងជិត5គីឡូម៉ែត្រដែលត្រូវបានធ្វើឡើងពីបន្ទះ​ឫស្សីនេះ ស្ថិតនៅចំកណ្ដាលនៃតំបន់បឹង Poyang ក្នុងទីក្រុង Jiujiang ប្រទេសចិន។ តាមគម្រោង ស្ពាននេះនឹងដាក់ឱ្យដំណើរការនៅពាក់កណ្ដាលខែ​មិថុនា ឆ្នាំ​2020។

ចំណុច​ក្រហម​គឺជា​តំបន់​របស់​ស្ពាន​ឫស្សី​នេះ​

ក្រុមកម្មករបានសាងសង់ផ្លូវដើរជា​ស្ពាន​ដែលធ្វើអំពីឬស្សី វែង​ជាងគេបំផុតក្នុងពិភពលោក​រួច​រាល់​ហើយ​។ ស្ពាន​នេះ​មាន​ទីតាំង​​នៅក្នុងទីក្រុង Jiujiang ខេត្ត Jiangxi ដែលស្ថិតនៅក្នុងតំបន់ភាគខាងកើតនៃ​ប្រទេសចិន។ ស្ពាន​នេះ​ត្រូវ​បាន​សាង​សង់នៅចំកណ្ដាលតំបន់អភិរក្សបឹង Poyang (Poyang Lake Natural Reserve)។

ផ្លូវ​ឆ្លង​កាត់​តំបន់អភិរក្សបឹង Poyang (Poyang Lake Natural Reserve)

ស្ពានឫស្សីនេះមានប្រវែងជិត5គីឡូម៉ែត្រ និងទទឹង3ម៉ែត្រ។ ដើម្បីសាងសង់ស្ពាននេះ គេត្រូវប្រើប្រាស់បន្ទះឫស្សី​ចំនួនជាង 66,000បន្ទះ។ វត្ថុធាតុសម្រាប់សាងសង់ស្ពាន​នេះ សុទ្ធសឹងតែមានលក្ខណៈធម្មជាតិ ហើយធន់នឹងទឹកទៀតផង។

ស្ពាននេះនឹងជួយឱ្យអ្នកទេសចរ និងជាងថតរូប ធ្វើដំណើរដោយថ្មើរជើងប្រកបដោយសុវត្ថិភាព និងងាយស្រួលជាងមុន ដើម្បីចូល​ទៅ​ទស្សនាទេសភាពដ៏ស្រស់ស្អាត រួមនឹងសត្វស្លាប និងសត្វព្រៃទាំង​ឡាយ​នៅជុំវិញបឹង Poyang នេះផងដែរ។

តំបន់​ទេសចរណ៍​​នៅ​​​ចំ​កណ្ដាល​បឹង​អភិរក្សធម្មជាតិ​ Poyang (Poyang Lake Natural Reserve)

ស្ពានឫស្សីវែងជាងគេក្នុងពិភពលោកនេះ នឹងត្រូវបើកទ្វារទទួលអ្នកទេសចរចាប់ពីពាក់កណ្ដាលខែមិថុនា ឆ្នាំ​2020​នេះតទៅ៕

ប្រភព៖ CGTN

Advertisement