ក្រុម​ហ៊ុន​ចិនទទួលបានសិទ្ធិស្ថាបនា​អាកាស​យាន​ដ្ឋាន​ថ្មី​នៅ​កម្ពុជា

ចិនទទួលបានសិទ្ធិស្ថាបនាអាកាសយានដ្ឋានថ្មីនៅកម្ពុជា

ក្រុមហ៊ុនមួយរបស់ចិន ទទួលបានសិទ្ធិក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសំខាន់ដែលមានតម្លៃ405លានដុល្លារអាមេរិកនៅក្នុងគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនៅក្បែររាជធានីភ្នំពេញ។

ក្រុមហ៊ុន MCC នឹងរចនាប្លង់ និងស្ថាបនាគម្រោងមួយដែលស្ថិតក្នុងគម្រោងស្ថាបនាអាកាសយានដ្ឋានអន្តរជាតិថ្មីនៅក្បែរភ្នំពេញដែលមានតម្លៃ1.5ពាន់លានដុល្លារអាមេរិក នេះបើតាមសារព័ត៌មាន Nikkei ចុះផ្សាយក្នុងថ្ងៃនេះ។ ប្រទេសចិនវិនិយោគប្រាក់ស្ទើរតែទាំងអស់នៅក្នុងគម្រោងសាងសង់ព្រលានយន្តហោះនេះ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះស្ថិតក្នុងយុទ្ធសាស្ត្រជំរុញវិស័យទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជា។

កិច្ចព្រមព្រៀងរចនា និងស្ថាបនាដែលមានតម្លៃ405លានដុល្លារនេះ គឺជាជ័យជំនះសំខាន់របស់ក្រុមហ៊ុន MCC។ នេះគឺជាកិច្ចព្រមព្រៀងធំបំផុតរបស់ MCC នៅក្នុងឆ្នាំ2020 ដោយវាមានទំហំធំជាងកិច្ចព្រមព្រមរចនា និងស្ថាបនាឧទ្យានព្រៃត្រូពិកមួយនៅភាគខាងជើងសិង្ហបុរីដែលមានតម្លៃ192លានដុល្លារដែលបានចុះហត្ថលេខាកាលពីខែកុម្ភ។

MCC និងក្រុមហ៊ុនបុត្រសម្ព័ន្ធមួយចំនួនកំពុងតែដំណើរការគម្រោងមួយចំនួននៅកម្ពុជា ក្នុងនោះមានដូចជា គម្រោងអភិវឌ្ឍតំបន់សមុទ្រដែលត្រូវបានអនុវត្តគម្រោងដោយ Union Development Group។

ទីតាំង​របស់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី មានទំហំប្រមាណ700ហិកតា ស្ថិតនៅក្នុងតំបន់ប្រជុំជន និងពាណិជ្ជកម្ម ជាមួយនឹងទំហំឡើងដល់ប្រមាណជា 2,600ហិកតា។ គម្រោងនេះត្រូវបានក្រុមហ៊ុនវិនិយោគបរទេសរបស់កម្ពុជា OCIC ជាអ្នកគ្រប់គ្រង។ OCIC វិនិយោគ 180លានដុល្លារទៅក្នុងគម្រោងនេះ និងកាន់កាប់ភាគហ៊ុន90%នៃគម្រោងនេះផងដែរ ខណៈដែលអាកាសចរណ៍ស៊ីវិលកម្ពុជាកាន់កាប់10%។

ក្រៅពី MCC ក៏មានក្រុមហ៊ុនមួយចំនួនទៀតចូលរួមក្នុងគម្រោងនេះ រួមមានក្រុមហ៊ុនបច្ចេកទេសសាងសង់របស់រដ្ឋចិន និងក្រុមហ៊ុនរចនា Foster & Partner របស់អង់គ្លេស។ កិច្ចព្រមព្រៀង MCC កាន់កាប់ប្រមាណ 30% នៃថវិកាសម្រាប់គម្រោង នេះបើតាមឯកសារដែលបានផ្ញើទៅកាន់ផ្សារហ៊ុនហុងកុង និងសៀងហៃកាលពីសប្ដាហ៍មុន។

Shanghai Baoye Group ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ MCC ទទួលខុសត្រូវក្នុងការសាងសង់ផ្លូវប្រវែង4,000ម៉ែត្រចុះចតនៃព្រលានយន្តហោះនេះ រួមនឹងទីលានចត និងហេដ្ឋារចនាសម្ព័ន្ធដែលពាក់ព័ន្ធដទៃទៀត។

ក្រុមហ៊ុនវិនិយោគ China’s Yunnan Investment Group របស់ចិន ទទួលខុសត្រូវក្នុងការបង្ហើយគម្រោងនេះទៅតាមផែនការនៃការសាងសង់ ការដំណើរការ និងការប្រគល់មកកម្ពុជា។ តាមគម្រោង ព្រលានយន្តហោះនេះនឹងត្រូវប្រគល់មករាជរដ្ឋាភិបាលកម្ពុជា ក្រោយដំណើរការរយៈពេល55ឆ្នាំ៕

ប្រភព៖ Nikkei

Advertisement