ទីតាំង​ផលិត​អគ្គិសនី​ប្រើ​កម្លាំង​ខ្យល់​ធំជាងគេ​ក្នុង​លោក​នៅលើ​លម្ហ​សមុទ្រ នឹង​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ2021

ក្រុមហ៊ុន Vineyard Wind បានប្រកាស​អំពី​គម្រោង​សាងសង់​ទីតាំង​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​នៅក្នុង​លម្ហ​សមុទ្រ ដែលមាន​ទ្រង់ទ្រាយ​ធំជាងគេ​បង្អស់​នៅ​សហរដ្ឋអាមេរិក និង​នៅក្នុង​ពិភពលោក ជាមួយនឹង​ទួ​រ​ប៊ី​ន​កង្ហារ​ដែលមាន​កម្ពស់​ដល់​ទៅ 260ម៉ែត្រ។

ទីតាំង​ផលិត​អគ្គិសនី​ដែលមាន​ទួ​រ​ប៊ី​ន​កង្ហារ​យក្ស​ចំនួន​ជាង 60 នឹងត្រូវ​បាន​ដំឡើង​នៅក្នុង​លម្ហ​សមុទ្រ​ដែលមាន​ចម្ងាយ​ប្រហែល 24គីឡូម៉ែត្រ ពី​ឆ្នេរសមុទ្រ Martha’s Vineyard នៃ​រដ្ឋ Massachusetts។ នៅពេល​ដាក់ឱ្យ​ដំណើរការ​ពេញលេញ​នៅ​ឆ្នាំ 2023 មូលដ្ឋាន​នេះ​នឹង​ផលិត​បាន​អគ្គិសនី​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​គ្រួសារ​ចំនួន 400,000គ្រួ នៅ​តំបន់ New England។

ដោយមាន​កម្ពស់​ដល់​ទៅ 260ម ទួ​រ​ប៊ី​ន Haliade-X នីមួយៗ មាន​កម្លាំង 13MW ដែល​ខ្លាំង​ដល់​ថ្នាក់ ការវិល​មួយ​ជុំ​របស់​កង្ហារ អាច​ផលិត​អគ្គិសនី​បាន​គ្រប់គ្រាន់​សម្រាប់​មនុស្ស​មួយ​គ្រួសារ​ប្រើប្រាស់​ក្នុង​រយៈពេល 2ថ្ងៃ នេះ​បើតាម ​ក្រុម​ហ៊ុន​ GE Renewable Energy។ ទាំងនេះ​គឺជា​ម៉ូ​ដែល​ទួ​រ​ប៊ី​ន​ខ្យល់​ធំជាងគេ​បង្អស់​ក្នុង​ពិភពលោក។

ទីតាំងផលិតអគ្គិសនីប្រើកម្លាំងខ្យល់ធំជាងគេក្នុងលោកនៅលើលម្ហសមុទ្រ នឹងចាប់ផ្ដើមសាងសង់នៅឆ្នាំ2021
លោក Lars T. Pedersen នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Vineyard Wind

ជាមួយនឹង​ទួ​រ​ប៊ី​ន​សរុប​ចំនួន 62 នៅពេល​ដំណើរការ​អស់ពី​សមត្ថភាព ទីតាំង​ផលិត​អគ្គិសនី Vineyard Wind នេះ នឹង​អាច​ផលិត​បាន​អគ្គិសនី​ចំនួន 312 MWh/ថ្ងៃ ច្រើនជាង 10% បើ​ធៀប​នឹង​ឯតទគ្គ​កម្ម 262 MWh ដែល​ត្រូវបាន​ផលិតឡើង​ដោយ​ទីតាំង​ទួ​រ​ប៊ី​ន​ខ្យល់​នៅ​ប្រទេស​ហូ​ឡង់។

នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Vineyard Wind លោក Lars T. Pedersen បញ្ជាក់ថា៖ «នេះ​គឺជា​គម្រោង​ដ៏​សំខាន់​សម្រាប់​យើងខ្ញុំ និង​សម្រាប់​អនាគត​នៃ​វិស័យ​ថាមពល​ស្អាត ដែល​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុងការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នាពេលខាងមុខ»។

ការ​ប្រៀប​ធៀប​រវាង​បង្គោល​កង្ហារ Haliade-X របស់​ក្រុមហ៊ុន​ Vineyard Wind ជាមួយ​នឹង​សំណង់​ខ្ពស់​ៗ​ក្នុង​ពិភពលោក

គម្រោង​ខាងលើនេះ ក៏ត្រូវ​បាន​គេ​សង្ឃឹមថា នឹង​ជួយ​កាត់បន្ថយ​ឧស្ម័ន​កា​បោ​ន​ចំនួន​ជាង 1.6លាន​តោន​ក្នុងមួយឆ្នាំៗ ដែល​នេះ​នឹង​រួមចំណែក​ក្នុងការ​ទប់ស្កាត់​ការប្រែប្រួល​អាកាសធាតុ​នៅលើ​ពិភពលោក​ផងដែរ។

ក្រុមហ៊ុន Vineyard Wind ឱ្យដឹងថា ការសាងសង់​ទីតាំង​ផលិត​អគ្គិសនី​នេះ​នឹង​ចាប់ផ្ដើម​ធ្វើឡើង​នៅ​ពាក់​កណ្ដាល​​ចុងឆ្នាំ 2021 ជាមួយនឹង​ទុនវិនិយោគ​ឡើងដល់ 3ពាន់​លាន​ដុល្លារ​អាមេរិក។ បង្គោល​កង្ហារ​យក្សនីមួយៗ នឹងត្រូវ​បានដាក់​ឃ្លាត​ពីគ្នា 0.8 ម៉ា​យល៍ (ប្រហែល 1.3គីឡូម៉ែត្រ)៕

ប្រភព៖ Amed Post

Advertisement