កសិដ្ឋាន​របស់ Michael Jackson ត្រូវបាន​លក់​ក្នុងតម្លៃ​ជាង 20 លាន​ដុល្លារ​អាមេរិក

ធ្លាប់​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ 100 លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​មកដល់​បច្ចុប្បន្ន កសិដ្ឋាន​របស់​អតីត​កំពូល​តារាចម្រៀង លោក Michael Jackson ទើប​តែមាន​អ្នកទិញ​ក្នុងតម្លៃ​ត្រឹមតែ 22 លាន​ដុល្លារ​ប៉ុណ្ណោះ។

កសិដ្ឋាន Neverland នៅ California របស់ Michael Jackson បាន​រកឃើញ​ម្ចាស់​ថ្មី​របស់​វា នោះ​គឺ​មហាសេដ្ឋី Ron Burkle។ អ្នកជំនួញ​នេះ ធ្លាប់ជា​សហការី​របស់ Michael Jackson និង​ជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន​វិនិយោគ Yucaipa Compaies។

Neverland ធ្លាប់​ត្រូវបាន​ដាក់លក់​ក្នុងតម្លៃ 100 លាន​ដុល្លារ​កាលពី​ឆ្នាំ 2015 ហើយ​ក្រោយមក​ក៏បាន​ថយ​មក​នៅត្រឹម 67 លាន​ដុល្លារ​ក្នុង​ឆ្នាំ 2016 រួច​ក៏​ធ្លាក់​ថ្លៃ​មួយកម្រិត ដោ​យមក​នៅត្រឹម 31 លាន​ដុល្លារ​កាលពី​ឆ្នាំមុន។ ប៉ុន្តែ មហាសេដ្ឋី Burkle បាន​យល់ព្រម​ទិញ​ក្នុងតម្លៃ 22 លាន​ដុល្លារ នា​ចុងឆ្នាំ 2020 នេះ។ អ្នកនាំពាក្យ​របស់លោក Burkle និយាយថា ថៅកែ​របស់លោក​ចាត់ទុក​ដី​ទំហំ 1,000 ហិកតា​នេះ​ថា​ជា​ឱកាសល្អ​សម្រាប់​ជំនួញ។

លោក Burkle ចាប់អារម្មណ៍​ទៅលើ Zaca Lake ដែល​ស្ថិត​នៅក្បែរ​កសិដ្ឋាន​រប​ស់ Michael Jackson និង​ទុក​វា​ដូច​ទៅនឹង​ទីតាំង​ថ្មី​សម្រាប់ Soho House ជា​ក្លឹប​មួយ​សម្រាប់តែ​សមាជិក​ប៉ុ​ណ្នោះ ដែល​វា​មាន​ទីតាំងនៅ Los Angeles, Miami, New York និង Toronto។

ប៉ុន្តែ ចុងក្រោយ Burkle យល់ថា Zaca Lake មាន​ទីតាំងនៅ​ឆ្ងាយ និង​ថ្លៃ​ពេក ដូច្នេះ ក្រោយពី​បាន​ពិនិត្យមើល​កសិដ្ឋាន​រប​ស់ Michael Jackson ពីលើ​អាកាស លោក​ក៏បាន​ទាក់ទង​ដើម្បី​ទិញ។ មហាសេដ្ឋី Burkle បច្ចុប្បន្ន​គឺជា​ម្ចាស់​ភាគហ៊ុន​ធំ​បំផុត​របស់ Soho House។

មុនពេល​បាន​ធ្លាក់​មកដល់​ដៃ​ម្ចាស់​ថ្មី កសិដ្ឋាន Neverland ត្រូវបាន​គ្រប់គ្រង​ដោយ​លោក Michael Jackson និង​មូលនិធិ​វិនិយោគ​លើ​អចលនទ្រព្យ Colony Capital។ ក្រុមហ៊ុន​វិនិយោគ​រួមគ្នា​នេះ​ត្រូវបាន​បង្កើតឡើង​ក្រោយពី Colony «សង្គ្រោះ» Michael Jackson ពី​ការ​ក្ស័យធន​ដោយ​ប្រាក់​ឥណទាន​ដែល​យក​កសិដ្ឋាន​ខាងលើ​ធ្វើជា​របស់​បញ្ចាំ។

ដំបូង​ឡើយ Michael Jackson បាន​ទិញ​កសិដ្ឋាន Neverland នេះ​ក្នុងតម្លៃ 19.5 លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ 1987។ លោក​បានធ្វើឱ្យ Neverland ល្បីឈ្មោះ ដោយសារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​បន្ថែមទៀត ដូចជា ផ្លូវ​រថភ្លើង និង​ឧ​ទ្យា​សម្រាប់​កម្សាន្ត​ជាដើម។ ក្នុង​ឧទ្យាន​នេះ​ក៏មាន​ចិញ្ចឹមសត្វ​ស្វាធំៗ និង​សត្វ​ដំរី​ផង​ដែរ។

កសិដ្ឋាន​នេះ​មាន​សំណង់​សរុប​ចំនួន​ជាង 22 ក្នុងនោះ​មាន​វិមាន​បែប Normandy ដែលមាន​ផ្ទៃក្រឡា​ទំហំ 1,100 ម៉ែត្រ។ ក្រៅពីនេះ​ក៏មាន​ផ្ទះ​សម្រាប់​សម្រាក​លម្ហែកាយ ទីលាន​បាល់បោះ ទីលាន​វាយ​កូន​បាល់ រោងភាព​យន្ត​ដែល​អាច​ផ្ទុក​មនុស្ស​បាន 50 នាក់។ បន្ទាប់​ពិ​លោក Jackson បានទទួល​មរណភាព កសិដ្ឋាន​នេះ​ត្រូវបាន​ប្ដូរ​ឈ្មោះ​ទៅជា Sycamore Valley Ranch។

មហាសេដ្ឋី Ron Burkle គឺជា​មនុស្ស​ម្នាក់​ដែល​ស្រលាញ់​ចូលចិត្ត​ស្ថាបត្យកម្មល្បីៗ និង​បាន​កាន់កាប់​ផ្ទះ​ជាច្រើន​ខ្នង​ដែល​គួរឱ្យ​ចាប់អារម្មណ៍ រួមមាន Ennis House នៅ Los Angeles ដែល​រចនា​ដោយ Frank Lloyd Wright និង​ត្រូវបាន​លក់​ក្នុងតម្លៃ 18 លាន​ដុល្លារ​កាលពី​ឆ្នាំមុន ក្រោយពី​ជួសជុល​អស់ 10 លាន​ដុល្លារ។ Burkle ក៏​កាន់កាប់​ផ្ទះមួយ​ខ្នង​​មាន​​ឈ្មោះ​ថា ​John ​Lautner​ នៅ​តំបន់ Palm Springs ដែល​ត្រូវបាន​រចនា និង​សាងសង់​កាលពី​ទសវត្សរ៍​ឆ្នាំ 70 សម្រាប់​តារា​សិល្ប​អាមេរិក ដែលមាន​ឈ្មោះថា Bob និង Dolores Hope៕

ប្រភព៖ WSJ

Advertisement