ប្រទេស​នាំចេញ​ប្រេង​លំដាប់​កំពូល​របស់​ពិភពលោក ​ប្រកាស​សាង​សង់​​ទីក្រុង​គ្មាន​រថយន្ត និង​គ្មាន​កា​បោ​ន

កាលពី​ថ្ងៃទី 10 មករា​កន្លងទៅ រាជបុត្រា​របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ព្រះនាម Mohammed bin Salman បានប្រកាស​បង្ហាញ​ផែន​ការកសាង​ទីក្រុង​មួយ​ដែល​មិនមាន​សកម្មភាព​បញ្ចេញ​ឧស្ម័ន​កា​បោ​ន ដែល​ស្ថិតក្នុង​គម្រោង​លំដាប់​យក្ស NEOM។

អា​រ៉ា​ប៊ី​សា​អូឌីត ដែលជា​ប្រទេស​នាំចេញ​ប្រេង​លំដាប់​កំពូល​របស់​ពិភពលោក បានប្រកាស​អំពី​គម្រោង​បើក​ដំណើរការ​ទីក្រុង​ធម្មជាតិ «គ្មាន​រថយន្ត គ្មាន​ផ្លូវ​ក្នុង​ក្រុង និង​គ្មាន​សកម្មភាព​បញ្ចេញ​ឧស្ម័ន​ពុល​កា​បោ​ន» នៅក្នុង​មហា​គម្រោង NEOM។ NEOM ដែលមាន​តម្លៃ 500 ពាន់​លាន​ដុល្លារ​អាមេរិក ត្រូវបាន​កសាង​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​ក្រហម​នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ក្នុង​បំណង​ធ្វើ​ពិ​ធិ​ធ​កម្ម​ខឿន​សេដ្ឋកិច្ចជាតិ។

Advertisement

នៅលើ​កញ្ចក់​ទូរទស្សន៍​ជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត រាជបុត្រា Mohammed bin Salman ឱ្យដឹងថា ទីក្រុង​ថ្មី​នេះ​មាន​ឈ្មោះថា The Line។ ក្នុង​ទីក្រុង​ឆ្លាត​វៃ The Line ដែលមាន​បណ្ដោយ 170 គីឡូម៉ែត្រ​នេះ មនុស្ស 1 លាន​នាក់​អាច​ស្នាក់​នៅបាន និង​ធានាថា មិនមាន​រថយន្ត មិនមាន​ផ្លូវ​សម្រាប់​រថយន្ត និង​មិន​បញ្ចេញ​ឧស្ម័ន​កា​បោ​ន។

គម្រោង​ NEOM របស់​អារ៉ាប៊ីសាអូឌីត

ទីក្រុង​នេះ​នឹងមាន​សេវាកម្ម​នានា​ដូចជា​សាលារៀន មជ្ឈមណ្ឌល​សុខភាព និង​ទីលាន​ធម្មជាតិ ក៏ដូចជា​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​ល្បឿន​លឿន​ជាមួយនឹង​ការធ្វើដំណើរ​មិន​លើសពី 20 នាទី។ បញ្ញា​សិប្បនិម្មិត​នឹង​ដើរតួនាទី​សំខាន់​ក្នុង​ទីក្រុង​នេះ។ សកម្មភាព​របស់​ទីក្រុង​នេះ​នឹង​ដំណើរការ​ដោយ​ថាមពល​ស្អាត 100% នាំមក​នូវ​បរិស្ថាន​ស្អាត បរិសុទ្ធ និង​ស្ថិរភាព​យូរអង្វែង​សម្រាប់​ប្រជាជន។

ការសាងសង់​ទីក្រុង​នេះ​នឹង​ត្រូវបាន​ធ្វើឡើង​ចាប់ពី​ត្រីមាស​ទីមួយ​នៃ​ឆ្នាំ 2021 នេះ ជាមួយនឹង​ជំនួយ​របស់​មូលនិធិ​វិនិយោគសាធារណៈ​របស់​អា​រ៉ា​ប៊ី​សា​អូឌីត។ តាម​ផែនការ គម្រោង​នេះ​នឹង​បង្កើត​ការងារ​ចំនួន 380,000 មុខតំណែង និង​រួមចំណែក 180 ពាន់​លាន​រី​យ៉ា​ល់ (48 ពាន់​លាន​ដុល្លារ​អាមេរិក) ទៅក្នុង GDP របស់​ប្រទេស​នេះ​ក្នុង​ឆ្នាំ 2030។

នេះ​គឺជា​ផែនការ​សាងសង់​ធំ​ដំបូង​នៅក្នុង​គម្រោង​យក្ស NEOM រាប់​ចាប់ពី​គម្រោង​នេះ​ត្រូវបាន​រាជបុត្រា bin Salman ប្រកាស​កសាង​កាលពី​ឆ្នាំ 2017 ដោយ​ចាត់​ទុកដូចជា​សសរទ្រូង​ក្នុង​គម្រោង​ចក្ខុវិស័យ​ឆ្នាំ 2030 ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ទៅលើ​ប្រភព​ចំណូល​ពី​ប្រេង៕

ប្រភព៖ Economic Times

Advertisement