ខេត្តស្ទឹងត្រែង​កំពុង​សិក្សា​​អំពី​ទីតាំង​​​សម្រាប់​សាងសង់​អាកាសយានដ្ឋាន​ថ្មី

អាជ្ញាធរខេត្ត​ស្ទឹងត្រែង នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ បានឱ្យដឹងថា ក្នុងករណី​ដែល​ព្រលានយន្តហោះ​ចាស់​មាន​ទំហំ​តូច ពិបាក​ក្នុងការ​ពង្រីក​បន្ថែម និង​មិន​អំណោយផល​ដល់​ការ​ចុះចត​របស់​យន្តហោះ​ធុន​ធំ នោះ​អាកាសយានដ្ឋាន​ថ្មី​មួយ​អាច​នឹងត្រូវ​បង្កើតឡើង។

កាលពី​ថ្ងៃទី 21 ខែមករា​នេះ នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ក្រោម​ប្រធានបទ «វឌ្ឍនភាព​មូលដ្ឋាន​ឃុំ សង្កាត់ ​និង​​ទិស​ដៅ​​ការ​ងារ​បន្ដ​ខេត្ដ​ស្ទឹងត្រែង» លោក ដួង ពៅ អភិបាលរង​នៃ​គណៈ​ឣ​ភិ​បាល​ខេត្តស្ទឹងត្រែង​បានលើកឡើង​ថា ព្រលាន​យន្ត​ហោះ​​នៅ​ក្នុង​​ខេត្តស្ទឹងត្រែង អាច​នឹងត្រូវ​សាងសង់​ឡើង​នាពេល​អនាគត ដោយ​ពង្រីក​ពី​ព្រលានយន្តហោះ​ចាស់។ លោក​បាន​​ថ្លែងថា អនាគត​អាកាសយានដ្ឋាន​នេះ​នឹងមាន​ទំហំ​ផ្ទៃដី​ប្រមាណ 500 ហិកតា និង​​បន្ថែមថា រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យ​ក្រសួងទេសចរណ៍ និង​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា ធ្វើការ​សិក្សា និង​រៀបចំ​ផែនទី​គោល​សម្រាប់​ការសាងសង់​ដើម្បី​ពង្រីក​ព្រលានយន្តហោះ​ចាស់​ក្នុង​ខេត្ត​នេះ។

ខេត្តស្ទឹងត្រែងកំពុងសិក្សាទីតាំងសម្រាប់សាងសង់អាកាសយានដ្ឋានថ្មី
អគារ​មួយ​នៃ​អាកាស​យានដ្ឋាន​ចាស់​របស់​ខេត្ត​ស្ទឹង​ត្រែង

ទាក់ទង​នឹង​គម្រោង​សាងសង់​ខាងលើ អភិបាលរង​ខេត្តស្ទឹងត្រែង​មានប្រសាសន៍ថា គោលដៅ​រយៈពេល 5 ឆ្នាំ​ខាងមុខ​ទៀត អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល និង​ក្រសួងទេសចរណ៍​កម្ពុជា កំពុងតែ​សិក្សា​លម្អិត​ជាមួយ​ភាគី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ហើយ​អាជ្ញាធរ​ក៏​កំពុងតែ​សិក្សា​អំពី​ទីតាំង​ដទៃទៀត​ដែល​អាច​សាងសង់​ជា​អាកាសយានដ្ឋាន​ថ្មី​បាន ក្នុង​ករណី​​ព្រលាន​យន្ត​ហោះ​​ចាស់​​មិន​​អំណោយផល​ដល់​ការ​ចុះចត​របស់​យន្តហោះ​ប្រភេទធំ។

លោក​អភិបាលរង​ខេត្តស្ទឹងត្រែង បានបញ្ជាក់​យ៉ាងច្បាស់​ថា អនាគត​អាចមាន​ព្រលានយន្តហោះ​នៅ​ខេត្ត​នេះ ដោយ​ការស្ដារ ពង្រីក និង​អភិវឌ្ឍ​នៅពេល​ណាមួយ។ ក៏ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា មិនទាន់​ដឹង​ច្បាស់​ថា នឹង​អាចមាន​នៅពេលណា​ឱ្យ​ប្រាកដ​នៅឡើយ៕

Advertisement