តំបន់​បឹង​កប់ស្រូវ​​នឹងមាន​អនុក្រឹត្យ​ថ្មី កែប្រែ​អនុក្រឹត្យ​ចាស់ ខណៈ​ស្ថាប័នរដ្ឋ​ចំនួន 3 ទៀត នឹង​រើ​ទៅ​ទីនោះ

តំបន់​បឹង​កប់ស្រូវ​​នឹងមាន​អនុក្រឹត្យ​ថ្មី កែប្រែ​អនុក្រឹត្យ​ចាស់ ខណៈ​ស្ថាប័នរដ្ឋ​ចំនួន 3 ទៀត នឹង​រើ​ទៅ​ទីនោះ

កាលពី​ព្រឹក​មិញ​នេះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មានប្រសាសន៍ថា ស្ថាប័នរដ្ឋ​ចំនួន 3 ទៀត នឹងត្រូវ​រើ​ទៅ​តំបន់​បឹង​តា​មោក ក្នុងនោះ​ក៏មាន​អគ្គបញ្ជាការដ្ឋាន​កងទ័ព​ផងដែរ។

នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​ទីស្ដីការក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ថ្មី នា​ព្រឹក​ថ្ងៃទី 22 ខែមករា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា អនុក្រឹត្យ​ដែល​ត្រូវ​បានចេញ​កាលពី​លើក​មុន​គឺ​ខុសពី​ស្ថានភាព​ជាក់ស្តែង​នៃ​បឹង​លិច​ទឹក​នៅ​ខាងជើង​ទីក្រុង​ភ្នំពេញ ដូច្នេះ សម្តេច​នឹង​ចេញ​អនុក្រឹត្យ​ថ្មី​ដើម្បី​កែប្រែ​អនុក្រឹត្យ​ចាស់ ទាក់ទង​នឹង​ទំហំ​ផ្ទៃ​បឹង​តា​មោក។

ទាក់ទង​នឹង​តំបន់​បឹង​តា​មោក​នេះដែរ សម្ដេច មាន​បន្ថែមថា ការ​លុប​បឹង ឬ​ប្រឡាយ ដែល​បិទមុខ​ទឹក​នៅ​តំបន់​បឹង​តា​មោក​នេះ សម្តេច​មិន​យល់ស្រប​នោះទេ។ យ៉ាងនេះ​ក្ដី ប្រមុខ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់ថា សម្ដេច​គាំទ្រ​ដល់​ការ​លុប​បឹង ប្រឡាយ ក្នុង​បំណង​អភិវឌ្ឍ និង​ពង្រីក​ទីក្រុង​ភ្នំពេញ​តែប៉ុណ្ណោះ។

នៅ​តំបន់​បឹង​តា​មោក បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ឯកជន​ជាច្រើន​កំពុង​តែមាន​គម្រោង​អភិវឌ្ឍន៍ រួម​នឹង​សំណង់​នានា​​គួរ​ឱ្យ​កត់​សម្គាល់​ បន្ទាប់ពី​រាជរដ្ឋាភិបាល​មាន​គម្រោង​អភិវឌ្ឍ​នៅ​តំបន់​នេះ។ ប្រមុខ​រាជរដ្ឋាភិបាល​មានប្រសាសន៍ថា ស្ថាប័នរដ្ឋ​ចំនួន 3 ទៀត នឹងត្រូវ​រើ​ទៅ​តំបន់​បឹង​តា​មោក រួមមាន​អគ្គបញ្ជាការដ្ឋាន​កងទ័ព និង​មន្ទីរពេទ្យ​ចំនួន 2។

បឹងតាមោក ឬបឹង​កប់ស្រូវដែល​មាន​ចម្ងាយ​​ពី​អាកាស​យានដ្ឋានអន្តរ​ជាតិ​​ភ្នំ​ពេញ​ប្រមាណ​ 12 គីឡូម៉ែត្រ​ គឺ​ជា​បឹង​ធម្មជាតិធំជាង​គេ​នៅ​រាជធានី​ភ្នំពេញនាបច្ចុប្បន្ន និង​មាន​ទីតាំង​នៅ​ភាគ​ខាង​លិច​ឈៀង​ខាង​ជើង​តាម​បណ្តោយ​មហាវិថីឈ្នះឈ្នះ លាត​សន្ធឹង​លើ​ខណ្ឌ​ចំនួន 2 សង្កាត់ចំនួន 6 និងភូមិចំនួន 25៕

Advertisement