កោះ​កុង​នឹង​មាន​​ព្រលានយន្ដហោះ​​ថ្មី​ទីពីរ​ ខណៈ​ទីមួយ​​នឹង​ហោះហើរ​សាកល្បង​នៅ​ត្រីមាស​ទី​បួន ឆ្នាំ2021

នៅ​ចុងឆ្នាំ 2021 នេះ រដ្ឋាភិបាល​កម្ពុជា​នឹង​បើក​ដំណើរការ​ជើងហោះហើរ​សាកល្បង​សម្រាប់​អាកាសយានដ្ឋាន​ថ្មី​ដែល​ស្ថិតនៅក្នុង​តំបន់​តារា​សាគរ ក្នុងស្រុក​បទុម​សាគរ​នៃ​ខេត្តកោះកុង ដែល​នេះ​គឺ​ប្រសាសន៍​របស់​អភិបាលរង​ខេត្តកោះកុង។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​ត្រូវបាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី 4 កុម្ភៈ​នេះ អភិបាលរង​ខេត្តកោះកុង លោក សុខ សុ​ទ្ធី បានឱ្យដឹងថា ផ្លូវ​រត់​សម្រាប់​យន្តហោះ​នៃ​ព្រលានយន្តហោះ​ថ្មី​នេះ ត្រូវបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ នៅឡើយ​តែ​ការបំពាក់​ភ្លើង​សញ្ញា​ប៉ុណ្ណោះ។

ទាក់ទង​នឹង​ការដាក់ឱ្យ​ដំណើរការ​ព្រលានយន្ដហោះ​តារា​សាគរ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន Union Development Group របស់​ចិន ជាមួយនឹង​ទំហំ​ទឹកប្រាក់ 150 លាន​ដុល្លារ​នេះ លោក​អភិបាលរង​ខេត្តកោះកុង បាន​សង្កត់ធ្ងន់ថា៖ «នឹងត្រូវ​ពន្យារពេល​រហូតដល់​ត្រីមាស​ទី​បួន​នៃ​ឆ្នាំ 2021 នេះ» ដោយសារតែ​បញ្ហា​វិបត្តិ​សុខភាព​ដែល​បង្កឡើង​ដោយ Covid-19។

អាកាសយានដ្ឋាន​តារា​សារ​គរ​នេះ មិនមែនជា​ព្រលានយន្តហោះ​ថ្មី​តែមួយ​នៅ​ខេត្តកោះកុង​នោះទេ អភិបាលរង​ខេត្តកោះកុង បាន​បង្ហើប​ឱ្យដឹងថា ព្រលានយន្តហោះ​ថ្មី​មួយ​ផ្សេងទៀត​ដែល​អាច​នឹងត្រូវ​សាងសង់​នៅត្រង់​ព្រំប្រទល់​នៃ​ស្រុក​កោះកុង និង​ស្រុក​មណ្ឌលសីមា ក៏​កំពុង​ត្រូវបាន​សិក្សា​លម្អិត​ផងដែរ៕

Advertisement