ផ្ទៃ​បឹង​កប់​ស្រូវ 4 ហិកតា នឹងត្រូវ​​យក​មក​​សាង​សង់​ទីស្ដីការ​ថ្មី​នៃ​​ក្រសួង​​មុខ​ងារ​សាធារណៈ

ទីស្ដីការ​ថ្មី​របស់​ក្រសួង​មុខងារសាធារណៈ​នឹង​ត្រូវបាន​សាងសង់​លើ​តំបន់​បឹង​កប់​ស្រូវ (បឹង​តា​មោក) បន្ទាប់ពី​រដ្ឋាភិបាល​ក​ម្ពុ​ជា​បានសម្រេច​ប្រគល់ឱ្យ​ក្រសួង​នេះ​តាមរយៈ​អនុក្រឹត្យ មួយ ចុះ​ថ្ងៃទី 28 ខែមករា​កន្លងទៅ។

នៅក្នុង​អនុក្រឹត្យ លេខ 63 សជណ ចុះ​ថ្ងៃទី 28 ខែមករា ឆ្នាំ 2021 ខាងលើ បានឱ្យដឹងថា ទីតាំង​ផ្ទៃដី​បឹង​តា​មោក​ទំហំ 4 ហិកតា ដែល​ត្រូវបាន​ប្រគល់ឱ្យ​ក្រសួង​មុខងារសាធារណៈ​នេះ ស្ថិតនៅក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ភ្នៅ ក្រុងភ្នំពេញ ជាប់​នឹង​ភាគ​ខាងលិច​នៃ​តំបន់​ដី​របស់​ក្រសួងយុត្តិធម៌។ ទីតាំង​នេះ​មាន​ចម្ងាយ​ពី​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ប្រមាណ 12 គីឡូម៉ែត្រ​ទៅ​ទិស​ខាងជើង និង​ចម្ងាយ​ពី​វត្តភ្នំ​ប្រមាណ 18 គីឡូម៉ែត្រ ទៅ​ទិស​ខាងជើង​ឆៀង​ខាងលិច។

នៅ​ថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ 2016 រដ្ឋាភិបាល បានចេញ​អនុក្រឹត្យ​មួយ​ស្តីពី​ការកំណត់​ផ្ទៃ​បឹង ចំនួន 3,239 ហិកតា ​ដែល​​គ្រប​ដណ្តប់​​លើ​​តំបន់​បឹង​តា​មោក និង​ដី​ជុំវិញ​បឹង​នេះ ទុកជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ។ ក្នុង​ឆ្នាំ 2020 រដ្ឋ​ក៏បាន​សម្រេច​កាត់​ដី​បឹង​តា​មោក​ប្រមាណ 682 ហិកតា ឱ្យទៅជា​កម្មសិទ្ធិឯកជន និង​ស្ថាប័នរដ្ឋ​មួយចំនួន ប៉ុន្តែ ក្នុងនោះ​ក៏មាន​ករណី​ជាច្រើន​ត្រូវបាន​ទុកជា​មោ​ឃៈ​ផងដែរ។

បឹង​កប់​ស្រូវ គឺជា​បឹង​មួយ ដែល​ត្រូវបាន​ចាប់ផ្ដើម​អភិវឌ្ឍ​ក្រោយ​គេ​នៅក្នុង​ចំណោម​បឹងធំៗនៅ​រាជធានី​ភ្នំពេញ។ នៅ​ជុំវិញ​បឹង​នេះ មាន​ខណ្ឌ​ចំនួន 2 គឺ​ខណ្ឌ​ព្រែក​ព្នៅ និង ខណ្ឌ​សែន​សុខ។ នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​អគារ​ទីស្ដីការក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ថ្មី នា​ព្រឹក​ថ្ងៃទី 22 ខែមករា ឆ្នាំ 2021 សម្តេច​តេ​ជោ ហ៊ុន សែន ​បាន​មានប្រសាសន៍ថា ស្ថាប័នរដ្ឋ​ចំនួន 3 ទៀត នឹងត្រូវ​រើ​ទៅ​តំបន់​បឹង​តា​មោក រួមមាន​អគ្គបញ្ជាការដ្ឋាន​កងទ័ព និង​មន្ទីរពេទ្យ​រដ្ឋ​ចំនួន 2។

ក្រោយពី​មាន​អនុក្រឹត្យ ចុះ​ថ្ងៃទី 3 ខែកុម្ភៈ ឆ្នាំ 2016 និង​គម្រោងខ្លះៗរបស់​រដ្ឋាភិបាល រហូតមកដល់​បច្ចុប្បន្ន គេ​ឃើញ​មាន​គម្រោង​អភិវឌ្ឍ​ឯកជន​ជាច្រើន បានចាប់ផ្ដើម​មាន​ឡើង​នៅ​តំបន់​នេះ៕

Advertisement