គម្រោង​សាងសង់​ព្រលានយន្តហោះ​ថ្មី​នៅ​មណ្ឌល​គី​រី នឹងត្រូវ​ព​ន្លឿ​ន​ដោយ​គណៈកម្មការ​អន្តរក្រសួង

គណៈកម្មការ​អន្តរក្រសួង​ថ្មី​មួយ​ត្រូវបាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បង្កើតឡើង ក្នុង​បំណង​សម្របសម្រួល និង​ព​ន្លឿ​ន​ដំណើរការ​នៃ​គម្រោង និង​ការសាងសង់​អាកាសយាន​ដ្ឋា​ន​ថ្មី ខ្នាត​តំបន់​នៅ​ខេត្ត​មណ្ឌល​គី​រី ដែលជា​ការវិនិយោគ និង​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន។

សេចក្ដីសម្រេច​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ បាន​បញ្ជាក់ថា លោក​ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​​អាកាសចរ​​ស៊ីវិល​​កម្ពុជា ត្រូវបានចាត់តាំង​ជា​ប្រធាន​នៃ​គណៈកម្មការ​អន្តរក្រសួង ដែលមាន​សមាជិក​ជាន់​ខ្ពស់​ចំនួន 13 រូប។

គណៈកម្មការ​អន្តរក្រសួង​នេះ​មាន​ភារកិច្ច​រៀបចំ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​សាងសង់ និង​សម្របសម្រួល ផ្ដល់​អនុសាសន៍ ព​ន្លឿ​ន​ការអនុវត្ត ត្រួតពិនិត្យ តាមដាន និង​វាយតម្លៃ​លើ​គម្រោង ក៏ដូចជា​ការសាងសង់​ប្រ​លាន​យន្តហោះ នេះ​បើតាម​សេចក្ដីសម្រេច​មួយ​ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន កាលពី​សប្ដាហ៍​មុន។

សូម​រំលឹកថា រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ជា​ផ្លូវការ អនុញ្ញាតឱ្យ​រៀបចំ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​ថ្មី​មួយ​នៅលើ​ផ្ទៃដី​ប្រមាណ 600 ហិកតា ដែល​ស្ថិតនៅក្នុង​ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្ត​មណ្ឌល​គី​រី។

សេចក្ដីប្រកាស​របស់​ទីស្ដីការគណរដ្ឋមន្ត្រី ចុះ​ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2020 បាន​បញ្ជាក់ថា ក្រុមហ៊ុន​ចិន​ឈ្មោះ Powerchina International Group គឺជា​អ្នកវិនិយោគ និង​សាងសង់​អាកាសយានដ្ឋាន​នេះ៕

Advertisement