ស្ពាន​ស្ទឹងត្រង់-ក្រូចឆ្មារ នឹង​បើក​ឱ្យធ្វើ​ចរាចរណ៍​មុន​បុណ្យចូលឆ្នាំ​ខ្មែរ 2021

ឯក​ឧត្ដម​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និង​ស្ពាន​ស្ទឹងត្រង់-ក្រូចឆ្មារ

ស្ពាន​មិត្តភាព​កម្ពុជា-ចិន ដែល​ត​ភ្ជាប់​ស្រុក​ក្រូចឆ្មារ​នៃ​ខេត្ត​ត្បូ​ន​ឃ្មុំ ជាមួយនឹង​ស្រុក​ស្ទឹងត្រង់​នៃ​ខេត្តកំពង់ចាម ត្រូវបាន​ស្ថាបនា​រួចរាល់​ប្រមាណ​ជាង 90%។ តាម​គម្រោង ស្ពាន​នេះ​នឹងត្រូវ​ដាក់ឱ្យ​ធ្វើចរាចរ​ណ៍​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​នា​ឆ្នាំ 2021 នេះ។

ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​នេះ គឺជា​ជំនួយឥតសំណង​ពី​រដ្ឋាភិបាល​ចិន នេះ​បើតាម​ប្រសាសន៍​របស់​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។ លោក​បន្តថា មកដល់​បច្ចុប្បន្ន ស្ពាន​នេះ​ត្រូវបាន​សាងសង់​រួចរាល់​ប្រមាណ 96% ហើយ​ថា នឹងត្រូវ​ដាក់ឱ្យ​ធ្វើចរាច​រណ៍​នៅមុន​ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី​ខ្មែរ​ក្នុង​ឆ្នាំ 2021 នេះ។

Advertisement

ស្ពានបេតុង​សរសៃដែក​ដែលមាន​តម្លៃ 56.998 លាន​ដុល្លារ ប្រវែង 1,131 ម៉ែត្រ និង​ទទឹង​ប្រវែង 13.50 ម៉ែត្រ​នេះ ត្រូវបាន​សាងសង់​ចាប់ពី​ដើមខែ​កុម្ភៈ ឆ្នាំ 2018។ តាម​គម្រោង ការសាងសង់​ស្ពាន​នេះ នឹង​ស៊ីពេល​អស់ 42 ខែ។

ស្ពាន​ស្ទឹងត្រង់-ក្រូចឆ្មារ ស្ថិតនៅ​ក្នុងភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម និង​ឆ្លងកាត់​ទន្លេមេគង្គ​ទៅកាន់​ត្រើយ​ខាងកើត​ស្ថិតនៅ​ភូមិ​ក្តុល​លើ ឃុំ ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ។ ស្ពាន​នេះ សាងសង់​ដោយ​ក្រុមហ៊ុន​ចិន​ Shanghai Construction Group និងត្រូវ​បាន​​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​ចិន​ Guangzhou Wanan Construction Supervision៕

Advertisement