គម្រោង​កសាង​រដ្ឋធានី​ថ្មី​របស់​ឥណ្ឌូនេស៊ី នឹង​បញ្ចប់​នៅក្នុង​ឆ្នាំ 2024

រដ្ឋធានី​ Jakarta របស់​ប្រទេស​ឥណ្ឌូនេស៊ី

រដ្ឋមន្ត្រី​ក្រសួងផែនកា​រ​អភិវឌ្ឍ​ជាតិ​ឥណ្ឌូនេស៊ី លោក Suharso Monoarfa កាលពី​ថ្ងៃទី 17 មីនា បានឱ្យដឹងថា គម្រោង​កសាង​រដ្ឋធានី​ថ្មី​របស់​ប្រទេស​នេះ​នឹងត្រូវ​បន្ត​នៅក្នុង​ឆ្នាំ 2021 ជាមួយនឹង​គោលដៅ​សម្រេច​ជា​ស្ថាពរ​នៅក្នុង​ឆ្នាំ 2024។

នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពីពេលថ្មីៗនេះ លោក Suharso Monoarfa ដែលជា​រដ្ឋមន្ត្រី និង​ជា​អ្នកទទួលខុសត្រូវ​លើ​ការគ្រប់គ្រង​គម្រោង​កសាង​រដ្ឋធានី​ថ្មី បានឱ្យដឹងថា ថវិកា​ដែល​បាន​ប៉ាន់ប្រមាណ​ដំបូង​សម្រាប់​ការកសាង​រដ្ឋធានី​ថ្មី​នេះ មាន​ចំនួន 466 លាន​លាន​រូពី (32.3ពាន់​លាន​ដុល្លារ​អាមេរិក)។ ប៉ុន្តែ តួលេខ​នេះ​កំពុង​ត្រូវបាន​កែប្រែ​ទៅតាម​យុទ្ធសាស្ត្រ និង​ដំណាក់កាល​របស់​គម្រោង។

ផែន​ទី​ទីតាំង​នៃ​រដ្ឋធានី​ថ្មី​របស់​ឥណ្ឌូនេស៊ី

កាលពី​ខែសីហា ឆ្នាំ 2020 ឥណ្ឌូនេស៊ី បានសម្រេច​ផ្អាក​បណ្ដោះអាសន្ន​នូវ​គម្រោង​រើ​រដ្ឋធានី​ទៅកាន់​កោះ Borneo​ ដោយ​សារ​តែ​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា Covid-19។

លោក​រដ្ឋមន្ត្រី Monoarfa ថ្លែងថា គម្រោង​សាងសង់​អគារ​នានា​របស់​រដ្ឋាភិបាល​នៅក្នុង​រដ្ឋធានី​ថ្មី​នឹងត្រូវ​ពន្យារពេល​រហូតដល់​ឥណ្ឌូនេស៊ី​មាន​លទ្ធផល​ល្អ​ក្នុងការ​ទប់ស្កាត់ Covid-19។ លោក Monoarfa បញ្ជាក់ថា ការចាប់ផ្ដើម​អនុវត្ត​គម្រោង​នេះ​អាច​ត្រូវបាន​ពន្យារពេល​ដល់​ឆ្នាំ 2022 ឬ 2023 ព្រោះថា រដ្ឋាភិបាល​កំពុង​ផ្ដោតលើ​ការស្រាវជ្រាវ ដើម្បី​អាច​ផ្គត់ផ្គង់​វ៉ាក់សាំង​បង្ការ Covid-19 ដល់​ពលរដ្ឋ​ជិត 270 លាន​នាក់។

រដ្ឋធានី​ Jakarta របស់​ប្រទេស​ឥណ្ឌូនេស៊ី

យោងតាម​ផែនការ​ដំបូង គម្រោង​នេះ​នឹងត្រូវ​បានចាប់ផ្ដើម​នៅ​ដើមឆ្នាំ 2021 ជាមួយនឹង​សកម្មភាព​សាងសង់​អគារ​រដ្ឋាភិបាល កែលម្អ​ព្រលានយន្តហោះ កំពង់ផែ​សមុទ្រ និង​ផ្លូវថ្នល់​នៅក្នុង​តំបន់​ព្រៃ​ដែល​ត្រូវបាន​ប្រើប្រាស់​សម្រាប់​តាំង​រដ្ឋធានី​ឆ្លាត​វៃ​ថ្មី។ មកដល់​ឆ្នាំ 2024 ដែលជា​ឆ្នាំ​ចុងក្រោយ​នៃ​អាណត្តិ​ទី​ពីរ​របស់​ប្រធានាធិបតី Joko Widodo ក្រុមមន្ត្រី​រដ្ឋាភិបាល​នឹង​ចាប់ផ្ដើម​រើ​ទៅធ្វើ​ការ​នៅ​រដ្ឋធានី​ថ្មី។

កាលពី​ឆ្នាំ 2019 ប្រធានាធិបតី Joko Widodo បានប្រកាស​អំពី​គម្រោង​រើ​រដ្ឋធានី​នេះ ដើម្បី​ជួយ​កាត់បន្ថយ​ទម្ងន់​របស់ Jakarta ជា​រដ្ឋធានី​ដែល​ស្ថិតនៅលើ​កោះ Java និង​មាន​ប្រជាជន 10លាន​នាក់​កំពុង​រស់នៅ។​ លោក​ Masayoshi Son នាយក​ប្រតិបត្តិ​របស់​ធនាគារ SoftBank, អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស Tony Blair និង​ព្រះអង្គម្ចាស់​ត្រៀម​ស្នង​រាជ Sheikh Mohammed Bin Zayed al Nahyan របស់​រដ្ឋធានី Abu Dhabi នៃ​ប្រទេស​អារ៉ាប់​រួម ត្រូវបាន​អញ្ជើញ និង​យាង​ឱ្យធ្វើជា​ទីប្រឹក្សា​សម្រាប់​គម្រោង​ខាងលើនេះ៕

ប្រភព៖ AA
ប្រែ​សម្រួល៖ បុត្រា

Advertisement