USD​ កំពុង​ “សោយ​រាជ្យ” ខណៈ​អាសន្នរោគ​កូរ៉ូណា Corvid-19 កំពុង​រាត​ត្បាត​ពិភព​លោក

រូបិយបណ្ណ​ដុល្លារ​អាមេរិកាំង​ត្រូវ​បាន​គេ​និយម​ប្រើ​ប្រាស់​ច្រើន​ ក៏ដោយ​សារ​តែ​សេដ្ឋកិច្ច​អាមេរិកមាន​ស្ថេរ​ភាព​ល្អ​ ហើយ​អ្នក​វិនិយោគ​បាន​ស្វែង​រក​ “កន្លែង​ជ្រោក​” នៅ​ក្នុង​អំឡុង​ពេល​អាសន្ន​រោគ​កូរ៉ូណា​កំពុង​ “វាយ​លុក” ​ពិភព​លោក​។

Dollar Index (គឺ​ជា​រង្វាស់​មួយ​សម្រាប់​ប្រៀប​ធៀប​អំណាច​របស់​រូបិយបណ្ណ​ដុល្លារ​អាមេរិក​ ជាមួយ​នឹង​រូបិយបណ្ណធំៗនៃ​ប្រទេស​ចំនួន​6ផ្សេង​ទៀត​) បាន​កើន​តម្លៃ​ 2,5% ក្នុង​ឆ្នាំ​នេះ ដែល​នាំ​ឱ្យ​វា​មាន​តម្លៃ​ខ្ពស់​បំផុត​ចាប់​ពី​ខែ​តុលា ឆ្នាំ​2019។ នេះ​គឺជា​ការ​កើន​ឡើង​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍នៃ​តម្លៃ​​ប្រាក់​ដុល្លារ​អាមេរិក បើ​ធៀប​នឹង​ 0,2% កាល​ពី​ឆ្នាំ​2019។

Win Thin អគ្គនាយកផ្នែក​​យុទ្ធ​សាស្ត្រ​រូបិយ​វត្ថុ​ ប្រចាំ​ធនាគារ​ Brown Brothers Harriman នៃ​សហ​រដ្ឋ​អាមេរិក បា​ន​ឱ្យ​ដឹង​ថា “មាន​កត្តា​ជា​ច្រើន​ដែល​បាន​ជួយ​ដល់​រូបិយបណ្ណ​អាមេរិក​ក្នុង​អំឡុង​ពេល​នេះ។ ក្នុង​នោះ​មាន​កត្តា​ សុទិដ្ឋិ​និយម​ចំពោះ​ភាគ​ហ៊ុន​អាមេរិក ព្រម​ទាំង​មាន​ការ​ជឿ​ជាក់​ថា អាសន្ន​រោគ​កូរ៉ូណា Corvid-19 នឹងមិន​​ប៉ះពាល់​ខ្លាំង​ទៅ​លើ​សេដ្ឋ​កិច្ច​អាមេរិក​​”។

“​ការ​ពឹង​ផ្អែក​ទៅ​លើ​ពាណិជ្ជ​កម្មសកល​​របស់​​​អាមេរិក មាន​កម្រិត​ទាប មាន​ន័យ​ថា ពួកគេ​មិន​ទទួល​ឥទ្ធិ​ពល​ច្រើន​នៅ​ពេល​កំណើន​សេដ្ឋ​កិច្ច​ទូទាំង​ពិភព​លោក ​ត្រូវ​ថយ​ចុះ ​ដោយ​​សារ​បញ្ហា​អាសន្ន​រោគ​ Corvid-19។ ការ​ដែល​អាសន្ន​រោគនេះ​​ផ្ទុះ​រាល​ដាល​ខ្លាំង​ ក៏​កំពុង​តែ​ធ្វើ​ឱ្យ​វិនិយោគិន បង្កើន​ការ​វិនិយោគ​ទៅ​លើ​ទ្រព្យ​សុវត្ថិ​ភាព​ ដូច​ជា​រូបិយបណ្ណ​ដុល្លារ​អាមេរិក​ មាស និង​មូល​​បត្រ​រដ្ឋា​ភិបាល​អាមេរិកាំង​ជា​ដើម​។

របាយ​ការណ៍​ដែល​ថា កំណើន​សេដ្ឋ​កិច្ច​ល្អ​​ក្នុង​ត្រី​មាស​ទី​ IV ឆ្នាំ​2019 ស៊ី​សង្វាក់​គ្នា​ជាមួយ​នឹង​ការ​ព្យាករដែល​ថា ​សេដ្ឋ​កិច្ច​អាមេរិក នៅ​ដើម​ឆ្នាំ​នេះ​ មាន​អំណោយ​ផល​។ ទី​ផ្សារ​អាមេរិក​ ក៏​​សង្ឃឹម​ថា ប្រធានាធិបតី Donald Trump ​ជាប់​ឆ្នោត​ម្ដង​ទៀត​ក្នុង​ខែ​វិច្ឆិកា ហើយ​ធនាគារ​កណ្ដាល​នៃ​សហរដ្ឋ​អាមេរិក (Fed/Federal Reserve System) ក៏​មិន​បាន​បញ្ចុះ​ការ​ប្រាក់​ក្នុង​រយៈ​ពេល​ខ្លីនោះដែរ។

ការ​ដែល​រូបិយបណ្ណ​អឺរ៉ូ (Euro) របស់​អឺរ៉ុប ដែល​ជា​គូ​ប្រជែង​សំខាន់​បំផុត​របស់​អាមេរិក​ បាន​ និង​កំពុង​ដាំ​ក្បាល​ចុះ​ជា​បន្ត​បន្ទាប់​ ក៏​បាន​រួម​ចំណែក​ធ្វើ​ឱ្យតម្លៃ​​ USD កើន​ឡើង​មួយ​កម្រិត​។ ខុស​ពី​អាមេរិក សេដ្ឋ​កិច្ច​នៅ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប នៅ​តែ​បន្ត​ជួប​ការ​លំបាកខ្លាំង​។

ទោះជា​យ៉ាង​នេះ​ក្ដី ការ​ដែល​ប្រាក់​ដុល្លារ​អាមេរិក​ឡើង​ថ្លៃ ក៏​​មាន​ចំណុច​អវិជ្ជមានផងដែរ​។ ជាមួយ​នឹងបណ្ដា​​ក្រុម​ហ៊ុន​អន្តរ​ជាតិ នៅ​ពេល​ប្ដូរ​ពី​រូបិយបណ្ណ​នៃ​ប្រទេស​ផ្សេងៗ​ ទៅ​ជា​ប្រាក់​ដុល្លារ​អាមេរិកនោះ​ ប្រាក់​ចំណេញ​របស់​ពួកគេ​ អាច​នឹង​ថយ​ចុះមួយ​កម្រិត។ ដូច្នេះ របាយ​ការណ៍​ប្រាក់​ចំណេញ​ក្នុង​ត្រីមាស​ខាង​មុខ​ អាច​នឹង​មិន​ល្អ​ប្រសើ​រ​ប៉ុន្មាន​ ចំពោះ​ក្រុម​ហ៊ុន​អន្តរ​ជាតិ​មួយ​ចំនួន​។

ក្រុមហ៊ុន​ដែល​ទទួលរង​ផល​​អាក្រក់​បំផុត​ពី​ការ​កើន​ឡើង​នៃ​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក គឺ​ជាបណ្ដា​​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​។ កាល​ពី​ឆ្នាំ​កន្លង​ទៅ ក្រុម​ហ៊ុន​ Apple របស់​អាមេរិក បាន​បន្ទោស​ទៅ​លើ​ការ​កើន​តម្លៃ​នៃ​រូបិយបណ្ណ​ដុល្លារ​អាមេរិក​ថា បាន​ធ្វើ​ឱ្យ​ប្រាក់​ចំណេញ​របស់​ពួកគេ​ថយ​ចុះ​។

យ៉ាង​ណា​ក៏ដោយ គេ​នៅ​តែ​ជឿ​ថា ​តម្លៃ​នៃប្រាក់​ដុល្លារ​អាមេរិក នឹងនៅ​តែ​កើន​ឡើង​ដោយ​រលូន​ ខណៈ​ដែល​ឥទ្ធិ​ពល​ពី​អាសន្ន​រោគ​កូរ៉ូណា នៅ​តែ​បន្ត​សង្កត់​ទៅ​លើ​សេដ្ឋ​កិច្ច​ចិន និង​ពិភពលោក​ ដែល​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ការ​វាយ​តម្លៃ​ឱ្យ​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ ចំពោះ​ការខាត​បង់​ដោយ​សារ​អាសន្ន​រោគ​នេះ​​៕

ប្រភព៖ សារ​ព័ត៌​មាន​បរទេស

Advertisement