ខែមករា ឆ្នាំ2020 ពន្ធដារប្រមូលចំណូលសម្រាប់ថវិកាជាតិ បានជិត 240លានដុល្លារ

សម្រាប់ខែមករា ឆ្នាំ2020 អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូល ចំណូលពន្ធអាករគ្រប់ប្រភេទបានមានចំនួន 956,76ប៊ីលានរៀល ឬស្មើនឹងប្រមាណជា 239,19 លានដុល្លារអាមេរិក កើនឡើង 14.74% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ2019។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ពន្ធដារ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ2020 ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធ ដារ បានបញ្ជាក់ថា ចំណូលកត់ត្រាតាមប្រភេទអ្នកជាប់ពន្ធក្នុងខែមករា ឆ្នាំ2020នេះ មានការកើន ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ ក្នុងនោះអ្នកជាប់ពន្ធធំកើនឡើង 12.98%, អ្នកជាប់ពន្ធមធ្យមកើន ឡើង 39.12%, និងជាពិសេសអ្នកជាប់ពន្ធតូចកើនឡើង 607.97%។

ឯកឧត្តម ក៏បានណែនាំបន្ថែមដល់គ្រប់អង្គភាពឱ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់វិន័យការងារ និងត្រូវមានភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្តល់សេវាជូនអ្នកជាប់ពន្ធ និងការគ្រប់គ្រងប្រមូលចំណូល។ ក្នុងស្មារតីបុរេសកម្ម និងអនុវត្តតាមអនុសាសន៍ណែនាំរបស់អគ្គបណ្ឌិតសភាចារ្យ ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារនឹងបន្តតាមដាន និងយកចិត្តទុកដាក់ខ្ពស់ចំពោះហានិភ័យនៃម៉ាក្រូសេដ្ឋកិច្ចសកល និងក្នុងតំបន់។

ក្នុងកាលៈទេសៈដែលស្ថានភាពនៃការប្រកួតប្រជែងនៃពាណិជ្ជកម្មអន្តរជាតិ និងបម្រែបម្រួលនៃភូមិសាស្ត្រនយោបាយផងដែរ ព្រមទាំងត្រូវគិតគូរទាំងទិដ្ឋភាព៖ 1-ការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ។ 2-វិធានការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ដែលផ្តល់នូវស្ថានភាពអំណោយផល និងទាក់ទាញការវិនិយោគ។

ជាមួយគ្នានេះ ឯកឧត្តម គង់ វិបុល បានក្រើនរំឭក និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងបង្ការទប់ស្កាត់ចំពោះជំងឺផ្លូវដង្ហើមប្រភេទថ្មី Covid-19 ហើយសិក្សាអំពីផលប៉ះពាល់ចំពោះសកម្មភាពសេដ្ឋកិច្ចដែលបណ្តាលមកពីការរីករាលដាលនៃវីរុសកូរ៉ូណាប្រភេទថ្មីនេះ។

សម្រាប់ឆ្នាំ2020 នេះ ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តការប្រមូលចំណូលពន្ធ បានគ្រប់តាមផែនការច្បាប់ចំនួនប្រមាណ 11,543.31ប៊ីលានរៀល (ប្រមាណ 2,885.83លានដុល្លារ អាមេរិក) អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀតនូវ​គោល​នយោបាយ​កែទម្រង់​ស៊ី​ជម្រៅរបស់រាជរដ្ឋាភិបាល៕

Advertisement