ទូរស័ព្ទ​អេក្រង់​ភ្លោះ​របស់ Meizu លក់​នៅ​ខ្មែរ​ធូរ​ថ្លៃ​ជាង​នៅ​បរទេស

បន្ទាប់ពី​ចេញលក់​នៅលើ​ទីផ្សារ​បរទេស​កាល​ថ្ងៃទី5 ខែសីហា​កន្លងមក ទូរស័ព្ទ Meizu Pro 7 និង Pro 7 Plus បានបង្ហាញ​វត្តមាន​ក្នុង​ទីផ្សារ​កម្ពុជា​យើង​ហើយ​ជាមួយនឹង​តម្លៃ​ធូរ​ថ្លៃ​ជាង​ប្រមាណ 50 ដុល្លារ បើ​ប្រៀបធៀប​នឹង​អ្វីដែល​គេហទំព័រ​បរទេស​ចុះផ្សាយ។

តាម​ការ​ឱ្យដឹងពី​ប្រធាន​ទីផ្សារ​ក្រុមហ៊ុន Meizu ប្រចាំ​កម្ពុជា លោក សាន់ សួ​ហា​រ៉ូ បាន​ថ្លែងថា វត្តមាន​ទូរស័ព្ទ​ទាំង 2 ស៊េរី​នេះ​សម្រាប់​ទីផ្សារ​កម្ពុជា ក្រុមហ៊ុន​ចង់​ផ្ដល់ជូន​នូវ​អ្វីដែល​ពិសេស និង​ល្អប្រសើរ​ជាង​ទីផ្សារ​ស្រុក​ក្រៅ។ ទូរស័ព្ទ Meizu Pro 7 មានតម្លៃ 430 ដុល្លារ និង Pro 7 Plus មានតម្លៃ 550 ដុល្លារ សម្រាប់​ទីផ្សារ​ចិន និង​ប្រទេស​មួយចំនួនទៀត។ ប៉ុន្តែ​នៅ​កម្ពុជា ទូរស័ព្ទ Pro 7 មានតម្លៃ​ត្រឹមតែ399 ដុល្លារ និង Pro 7 Plus មានតម្លៃ 525 ដុល្លារ​ប៉ុណ្ណោះ។

Meizu ត្រកូល Pro នេះ​ជា​ទូរស័ព្ទ​ដំបូង​របស់ Meizu ដែល​បំពាក់​កាមេរ៉ា​ភ្លោះ និង​អេក្រង់​ភ្លោះ​នៅ​ផ្នែក​ខាងក្រោយ។ ទូរស័ព្ទ Meizu Pro 7 មាន​អេក្រង់ 5.2 អ៊ី​ញ ប្រភេទ​Full HD ចំណែក Pro 7 Plus វិញ​មាន​អេក្រង់ 5.7 អ៊ី​ញ អាច​បង្ហាញ​រូបភាព​ដល់ Quad HD ជា​អេក្រង់​ប្រភេទ Super AMOLED ទាំង 2 និង​មាន​អេក្រង់​ខាងក្រោយ​ទំហំ 1.9 អ៊ី​ញ​ដូចគ្នា។ ចំពោះ​អេក្រង់​តូច​ផ្នែក​ខាងក្រោយ​អាចឱ្យ​យើង​មើល​សារ ឬ​ដំណឹងផ្សេងៗ បញ្ជា​តន្ត្រី ហើយក៏​អាច​ថតរូប Selfie ជាមួយ​កាមេរ៉ា​ខាងក្រោយ​បាន​ផងដែរ។

ស្មា​ត​ហ្វូ​ន​ទាំង 2 នេះ បំពាក់​នូវ​កាមេរ៉ា​ក្រោយ 2 គ្រាប់​ទំហំ 12MP ផលិត​ដោយ​ក្រុមហ៊ុន Sony ស៊េរី IMX386 មាន Aperture F2.0 ដែល​មួយ​សម្រាប់​ថតរូប ពណ៌​ធម្មជាតិ និង​មួយទៀត​សម្រាប់​ថតរូប​ភាព​បែប ស ខ្មៅ ដូចគ្នា ហើយ​មាន​កាមេរ៉ា​មុខ​មាន​ទំហំ 16MP។ ដោយ​សមត្ថភាព​ដំណើរការ​វិញ Meizu Pro 7 ប្រើ​នូវ​បន្ទះ​ឈី​ប MediaTekHelio P25 មាន Ram ទំហំ 4GB និង​អង្គ​ផ្ទុក​ទិន្នន័យ 64GB ចំណែកឯ Pro 7 Plus បំពាក់​នូវ​បន្ទះ​ឈី​ប Helio X30 ស៊េរី​ថ្មី​ទំហំ 10nm មាន CPU 10 គ្រាប់ ជាមួយ Ram ទំហំ 6GB និង​អង្គ​ផ្ទុក​ទិន្នន័យ 128GBដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 7.0 ស្រាប់​ជាមួយនឹង​ផ្ទាំង​កម្មវិធី Flyme ជំនា​ន់ទី 6។ សម្រាប់ Meizu Pro 7 មាន​ថ្ម​ទំហំ 3,000 mAh រីឯ Pro 7 Plus មាន​ថ្ម​ទំហំ 3,500 mAh ដោយ​ប្រើ​បច្ចេកវិទ្យា mCharge 4.0 ដែល Meizu អះអាងថា វា​អាច​សាក​ថ្ម​បាន 67% ចំណាយពេល​ត្រឹមតែ 30 នាទី៕

Advertisement