Apple បង្ហាញមុខ​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ចែកចាយ​ផលិតផល​ខ្លួន​ក្នុង​ទីផ្សារ​កម្ពុជា

ដូច​អ្វីដែល​គេហទំព័រ ឡា​រ៉ែ​ន ធ្លាប់បាន​ចុះផ្សាយ​កាលពី​ពាក់កណ្ដាល​ខែកក្កដា ដោយបាន​ដាក់​ចំណងជើង​ថា «កម្ពុ​ជាមាន​ក្រុមហ៊ុន​តំណាង Apple ជា​ផ្លូវការ​ហើយ» ពេលនេះអ្វីៗត្រូវបាន​លាតត្រដាង​ហើយ ដោយ​ក្រុមហ៊ុន Falcon Tech Co, Ltd បានប្រកាស​ខ្លួន​ជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ស្របច្បាប់​ក្នុងការ​ចែកចាយ​ផលិតផល Apple សម្រាប់​ទីផ្សារ​កម្ពុជា ក្នុង​ពិធី​ជួបជុំ​ដៃគូ​អាជីវកម្ម​នៅ​ភោជនីយដ្ឋាន ទន្លេបាសាក់ II កាលពី​ថ្ងៃទី2 ខែកញ្ញា ឆ្នាំ 2017 កន្លងទៅថ្មីៗនេះ។

លោក Jim ដែលជា​នាយក​គ្រប់គ្រង Falcon Tech Co., Ltd បានឱ្យដឹងថា ក្រុមហ៊ុន​លោក​បាន​បើក​ដំណើរការ​ក្នុង​ទីផ្សារ​កម្ពុជា​បាន​ប្រមាណ​ជា 2 ខែ​ហើយ បន្ទាប់ពី​ទទួលបាន​ការយល់ព្រម​ពី​ក្រុមហ៊ុន Apple Inc ក្នុងការ​នាំយក​នូវ​ផលិតផល Apple មកកាន់​កម្ពុជា។ លោក​បន្ដថា វត្តមាន Falcon នៅទីនេះ​នឹង​ផ្ដល់ជូន​នូវ​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​អ្នកប្រើប្រាស់​កម្ពុជា ជាមួយនឹង​ទំនុកចិត្ត ការជឿជាក់ គុណភាព និង​ការធានា​ដែល​ស្របច្បាប់​ជា​ចម្បង។

លោក​ថា៖«មាន​លក្ខខណ្ឌ​ច្រើន​ដែល​តម្រូវឱ្យ​យើង​សម្រេច​ប្រកាស​ជា​ចំហ​នៅថ្ងៃនេះ។ ជាង 2 ខែ​នេះ Falcon បានធ្វើ​ការងារ​ច្រើន​ជាមួយនឹង​ដៃគូ​អាជីវកម្ម​ក្នុងស្រុក ជាពិសេស​តាម​បណ្ដា​ហាងធំ»

ក្នុងនាម​ជា​ក្រុមហ៊ុន​ទទួល​សិទ្ធិ​ស្របច្បាប់ ក្រុមហ៊ុន​នឹងធ្វើ​ការនាំ​ចូល​ទូរស័ព្ទ iPhone, iPad, កុំព្យូទ័រ MacBook, និង Accessories ជាច្រើន​ទៀត​របស់​ក្រុមហ៊ុន Apple លើកលែងតែ​នាឡិកា Apple Watch ប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ Falcon ក៏បាន​នាំចូល​នូវ​ទូរស័ព្ទ iPhone 6 ជំនាន់​ថ្មី​ជាមួយនឹង​ទំហំ​ផ្ទុក 32GB រួមទាំង​ការធានា​រយៈពេល​មួយឆ្នាំ​ពេញ​ទៀតផង​ពី Apple ដែលមាន​តម្លៃ 398 ដុល្លារ៕

Advertisement