Huawei ថា បន្ទះឈីបថ្មីរបស់ខ្លួននឹងផ្ដួល Apple និង Samsung (មានវីដេអូ)

ក្នុងព្រឹត្តិការណ៍បង្ហាញ​ផលិតផល​បច្ចេកវិទ្យា​ IFA ឆ្នាំ​2017 នៅទីក្រុងប៊ែរឡាំង កាលពីថ្ងៃទី2 ខែកញ្ញាកន្លងទៅ ក្រុមហ៊ុន Huawei បានបញ្ចេញនូវបន្ទះឈីបថ្មីមួយដោយអះអាងថា អាចផ្ដួលគូប្រជែងធំៗទាំង 2 របស់ខ្លួនបាននៅឆ្នាំ 2018 ខាងមុននេះ។

លោក​ Richard Chu នាយក​ជាន់ខ្ពស់ផ្នែកទូរស័ព្ទចល័តនៃក្រុមហ៊ុន Huawei បានឱ្យដឹងថា Huawei Kirin 970 ជាបន្ទះឈីបមានទំហំតូច 10nm ដំបូងរបស់ Huawei ដូចទៅនឹង Exynos 8895 និងមានសមត្ថភាពខ្លាំងជាងបន្ទះឈីបត្រកូល Kirin ណាៗទាំងអស់ ដោយវាមាន CPU ចំនួន 8 គ្រាប់ អង្គក្រាហ្វិកទៅដល់ 12 គ្រាប់ មាន​ 4 គ្រាប់​ល្បឿន​ 2.4GHz ប្រភេទ​ Cortex-A73 និង 4 គ្រាប់​ទៀត​ល្បឿន​ 1.8GHz ប្រភេទ​ Cortex-A53 ជាមួយនឹង Dual-ISP ដែលធ្វើឱ្យអ៊ីនធើណិតមានល្បឿនលឿន Cat 18. LTE ។

លោកថា៖ បើប្រៀប​ធៀប​នឹង​ Apple និង​ Samsung ​យើង​នាំ​មុខ​ជាងហើយ  និងអ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ គឺបន្ទះឈីបនេះអាចប្រើបានជាមួយនឹងបច្ចេកវិទ្យា AI ដោយប្រើប្រាស់ NPU (Neural Processing Unit) ទៀតផង។

Kirin 970 ប្រើប្រាស់​ថាមពល​​តិច​ជាង​មុន 50 % និងមាន​ល្បឿន​លឿន​ជាង​បន្ទះឈីប Kirin 960 ចំនួន​ 20%។ ក្នុងនោះស្មាតហ្វូនដែលបំពាក់បន្ទះឈីបនេះមុនគេ គឺទូរស័ព្ទ Huawei Mate 10 ដែលក្រុមហ៊ុនគ្រោងដាក់បង្ហាញនៅ​ថ្ងៃ​ទី16 ខែ​តុលា​ ឆ្នាំ2017 ខាង​មុខនេះឯង។

Mate 10 ​នឹង​មាន​អេ​ក្រង់​ទំ​ហំ​ 6​ អ៊ីញ លាតគ្មានគែមអេក្រង់ និងមានបំពាក់ដោយកាមេរ៉ាភ្លោះពីក្រុមហ៊ុន Leica ដដែល៕

សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Advertisement