លទ្ធផល​អាហារូបករណ៍​បង្ហាញថា អ្នក​បាន​និទ្ទេស E មិនតិច​ទេ ជាប់​អាហារូបករណ៍

លទ្ធផល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំនេះ ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ក្នុងនោះ​បានបង្ហាញ​ឱ្យឃើញ​ថា សាកលវិទ្យាល័យ​រដ្ឋ និង​ឯកជន​ជាច្រើន​បានផ្តល់​អាហារូបករណ៍​ដល់​កម្រិត​និទ្ទេស C D និង E។

នៅក្នុង​តារាង​អាហារូបករណ៍​ទាំងអស់នោះ ឃើញថា ភាគច្រើន​សាកលវិទ្យាល័យ​ឯកជន និង​សាកលវិទ្យាល័យ​នៅតាម​បណ្តា​ខេត្តធំៗមួយចំនួន បានផ្តល់​ឱកាស​អាហារូបករណ៍​ដល់​សិស្ស​ដែល​ទទួលបាន​និទ្ទេស E ដែល​នៅ​ក្នុងនោះ​មានដូចជា សាកលវិទ្យាល័យ​ជាស៊ីម​កំចាយមារ​នៅ​ខេត្តព្រៃវែង សាកលវិទ្យាល័យ​ស្វាយរៀង សាកលវិទ្យាល័យ​មានជ័យ សាកលវិទ្យាល័យ​ហេង​សំរិន​ត្បូងឃ្មុំ សាលា​ជាតិ​កសិកម្ម​កំពង់ចាម សាលា​ជាតិ​កសិកម្ម​ព្រែកលាប វិទ្យាស្ថាន​ជាតិ​សង្គមកិច្ច សាលា​បច្ចេកវិទ្យា​កំពង់​ឈើទាល សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច សាកលវិទ្យាល័យ​ឌូ​វី និង​គ្រឹះស្ថាន​អប់រំ​ជាច្រើន​ទៀត។

លទ្ធផល​នេះ​បានបង្ហាញ​ឱ្យឃើញថា អ្នក​ដែល​ទទួលបាន​និទ្ទេស​មិនសូវ​ខ្ពស់ ក៏​អាចមាន​សិទ្ធ​ក្នុងការ​ទទួលបាន​អាហារូបករណ៍​ដែរ ប្រសិនបើ​ពួកគេ​ហ៊ាន​ធ្វើការ​ប្រកួតប្រជែង​ដើម្បី​អនាគត​របស់ខ្លួន។ នាពេលនេះ សាកលវិទ្យាល័យ​មួយចំនួន ក៏​បានចេញ​សេចក្តីប្រកាស​ដើម្បី​ប្រឡង​អាហារូបករណ៍​សម្រាប់​និស្សិត​ចូលរៀន​សម្រាប់​គ្រឹះស្ថាន​អប់រំ​របស់ខ្លួន​ផងដែរ ហេតុនេះ​អ្នក​ដែល​មិន​ទទួលបាន​និទ្ទេស​ខ្ពស់ សូមកុំ​អស់សង្ឃឹម ហើយ​ចាប់ផ្តើម​ចូលរួម​ប្រកួតប្រជែង​ដើម្បី​ទទួលបាន​ឱកាសល្អ​ជាច្រើន​សម្រាប់​ជីវិត៕

Advertisement