កុមារក្នុងសតវត្សទី21 ត្រូវការបំណិនជីវិតអ្វីខ្លះ?

ការអប់រំជាផ្នែកសំខាន់បំផុតនៃជីវិតមនុស្សគ្រប់សម័យកាល ហើយថ្មីៗនេះដោយសារតែការរីកចម្រើននៃប្រព័ន្ធអប់រំ និងការរស់នៅរបស់ប្រជាជន បានធ្វើឱ្យការអប់រំនៅក្នុងសតវត្សថ្មីនេះក៏ត្រូវការធាតុផ្សំបន្ថែមជាច្រើន។

លោក ប៉ិច ប៉ូឡែន អគ្គនាយកនៃក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិនគ្រុប បានលើកឡើងនៅក្នុងសិក្ខាសាលាស្តីពីបំណិនជីវិតសតវត្សទី 21 ថាការអប់រំក្នុងសតវត្សនេះគឺត្រូវការចំណេះដឹងជាមូលដ្ឋានមួយចំនួនបន្ថែមពីលើអ្វីដែលមាននៅក្នុងប្រព័ន្ធអប់រំនៅក្នុងសាលា។ ភាពជាអ្នកដឹកនាំ ការធ្វើការងារជាក្រុម ការអប់រំឥរិយាបថ ការអប់រំផ្នែកហិរញ្ញវត្ថុ និងការអប់រំបែបចិត្តសាស្រ្តជាដើមសុទ្ធតែជាចំណុច ដែលត្រូវការក្នុងការបណ្តុះបណ្តាលមនុស្សឱ្យក្លាយជាបុគ្គលដែលប្រកបដោយគុណតម្លៃសម្រាប់សតវត្សទី21 នេះ។

លោក ប៉ិច ប៉ូឡែន បាននិយាយថា៖ “ភាពជាអ្នកដឹកនាំនិងការគ្រប់គ្រងហិរញ្ញវត្ថុពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសិក្សារបស់សិស្សា-នុសិស្សដោយផ្សារភ្ជាប់ទៅនឹងការដឹកនាំជីវភាពរស់នៅនាពេលបច្ចុប្បន្ន និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការប្រកបអាជីវកម្ម ឬការងារនាពេលអនាគត”។

អគ្គនាយកគ្រឹះស្ថានអប់រំឯកជនខាងលើក៏បានលើកឡើងផងដែរថា ការអប់រំសម្រាប់កុមារនៅក្នុងសតវត្សទី21 ចាំបាច់ក៏ត្រូវមានការចូលរួមឱ្យបានសកម្មផងដែរពីសំណាក់អាណាព្យាបាលគ្រប់រូបដែលជាអ្នកនៅជិតស្និតជាមួយនឹងកូនៗបំផុត។ នៅពេលដែលអាណាព្យាបាលបានយល់ដឹងពីតួនាទី និងសារៈសំខាន់ក្នុងការអប់រំកូនៗ ពួកគាត់នឹងអាចផ្តល់ឱកាសសម្រាប់កូនអនុវត្តនូវសកម្មភាពច្នៃប្រឌិតជាច្រើនដែលពួកគេបានរៀន ដើម្បីរុញច្រានឱ្យពួកគេកាន់តែមានឥរិយាបថល្អ បំណិនជីវិត ជំនាញក្នុងការគិតខ្ពស់ មានភាពច្នៃប្រឌិត និងមានភាពឈ្លាសវៃ។

ក្រៅពីកត្តាខាងលើ ការអប់រំនៅក្នុងសតវត្សថ្មីនេះ ក៏ត្រូវការចាំបាច់នូវសកម្មភាព និងការផ្លាស់ប្តូរផ្តត់គំនិតរបស់កុមារ ឬយុវជន ដើម្បីឱ្យពួកគេឆ្លើយតបជាមួយនឹងភាពបត់បែននៃសង្គម និងពិភពលោក។ ថ្លែងនៅក្នុងសិក្ខាសាលាស្តីពីការអប់រំ របស់យុវជននៅសតវត្សទី21 លោក ហឿន សំនៀង នាយករងខុទ្ធកាល័យឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងជានិស្សិតដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Harvard បានលើកឡើងថា ដើម្បីការសិក្សានៅក្នុងសម័យនេះគឺត្រូវតែស្រាវជ្រាវ និងបង្កើនភាពជាក់លាក់នេះហេតុផលឱ្យបានច្បាស់លាស់។ លោកថា ការសិក្សានៅសម័យមុន គឺភាគច្រើនជាបែបបទនៃការសិក្សាតាមបែបទន្ទេញចាំមាត់ ឬរៀនធ្វើយ៉ាងណាដើម្បីតែទទួលបានពិន្ទុល្អ និងដឹងតែពីព្រឹត្តិការណ៍ណាមួយដើម្បីប្រើប្រាស់ ក្នុងការរស់នៅតែប៉ុណ្ណោះ តែសម្រាប់ការសិក្សានៅសតវត្សទី21 គឺត្រូវមានលក្ខណៈខុសពីនេះ។

លោក ហឿន សំនៀង បាននិយាយថា៖ “ការសិក្សានៅក្នុងសតវត្សទី21 ចាំបាច់ត្រូវយល់ឱ្យច្បាស់ពីមូលហេតុ និងដំណើរនៃសាច់រឿងនៃមេរៀនដែលបានដាក់ឱ្យរៀននោះឱ្យបានច្បាស់លាស់។ ម្យ៉ាងវិញទៀត ការយល់ហេតុផលច្បាស់លាស់នេះអាចធ្វើឱ្យអ្នករៀនអាចចងចាំបានល្អ ហើយមានគំនិតបង្កើតថ្មីថែមទៀតផង”។ លោកហឿន សំនៀង បានបន្ថែមទៀតថា ការសិក្សាដោយយល់ច្បាស់ពីហេតុផល ក៏អាចរុញច្រានអ្នកសិក្សានោះឱ្យរកឃើញនូវដំណោះស្រាយសម្រាប់បញ្ហានៅក្នុងការរស់នៅផងដែរ។ នៅពេលដែលអ្នកណាម្នាក់គាត់យល់ហេតុផលនៃបញ្ហាច្បាស់លាស់ គាត់នឹងមានគំនិតបង្កើតថ្មីលើបញ្ហាស្រដៀងគ្នានេះ ឬយើងអាចបំបែកនូវចំណេះដឹងទាំងនេះទៅប្រើដើម្បីបង្កើតជាចំណេះដឹង និងបទពិសោធន៍សម្រាប់អនុវត្តថ្មីថែមទៀតផង។

ទន្ទឹមនឹងបំណិនជីវិតផ្នែកការគិត ជំនាញថ្មីៗក៏ជាចំណុចសំខាន់ផងដែរដែលគ្រឹះស្ថានអប់រំជាច្រើននៅកម្ពុជាកំពុងចាប់អារម្មណ៍ ដូចជាការបញ្ចូលនូវជំនាញក្នុងការគិតឱ្យបានលឿន ជំនាញបច្ចេកវិទ្យាព័ត៌មាន ភាពជាអ្នកដឹកនាំ ការធ្វើការងារជាក្រុម និងជំនាញភាសាដែលកំពុងត្រូវការប្រើប្រាស់ក្នុងសង្គមសម័យថ្មីជាដើម៕

Advertisement