ដឹងពីតម្លៃ Nokia 3310 ពេលមកដល់ស្រុកខ្មែរ

បន្ទាប់ពីដាក់បង្ហាញកាលពីខែកុម្ភៈ ឆ្នាំ 2017 ទូរស័ព្ទ Nokia 3310 ថ្មីត្រូវបានក្រុមហ៊ុន HMD បញ្ចេញលក់ជាបណ្ដើរៗហើយនៅតាមប្រទេសមួយចំនួនក្នុងពិភពលោក នៅឡើយតែកម្ពុជា អាចនឹងមកដល់នៅចុងខែនេះ។ ក្នុងនោះតម្លៃរបស់ទូរស័ព្ទស៊េរីចាស់ តែផ្លាស់ប្ដូរមុខមាត់ថ្មីនេះ ត្រូវបានគេបង្ហើបឱ្យដឹងថានឹងអាចមានតម្លៃប្រមាណ 50 ដុល្លារពេលមកដល់ស្រុកខ្មែរ។

អ្នកគ្រប់គ្រងតំណាងក្រុមហ៊ុន Nokia ប្រចាំកម្ពុជា លោក សុផេង ធ្លាប់បានបង្ហើបឱ្យដឹងថា តម្លៃដែលដាក់ចេញ គឺប្រហាក់ប្រហែលគ្នានឹងតម្លៃនៅលើទីផ្សារសកលដែរ តែវាអាចប្រែប្រួលខ្លះ អាស្រ័យលើពន្ធនាំចូលតាមប្រទេសនីមួយៗ។ ដោយឡែកទូរស័ព្ទ Nokia 3310 អាចនឹងមានតម្លៃប្រហាក់ប្រហែល ឬដូចគ្នាពេលមកដល់ស្រុកយើង។

លោកបន្តថា ៖ «នៅប្រទេសក្រៅ តម្លៃវាពេលចេញលក់គឺប្រហែល 50 ដុល្លារ ហើយស្រុកខ្មែរយើងក៏ប្រហែលអ៊ីចឹងដែរ។ ខ្ញុំគិតថាមិនខុសគ្នាច្រើនទេ»។ ក្រៅពីទូរស័ព្ទ Nokia 3310 ហើយ នៅមានស្មាតហ្វូនប្រើ Android ចំនួន 3 ម៉ូដែលទៀតដែលត្រៀមដាក់បង្ហាញខ្លួននៅក្នុងទីផ្សារកម្ពុជាយើងដែរ ប៉ុន្តែព័ត៌មានជាក់ច្បាស់យ៉ាងណានោះ សូមរង់ចាំដល់ចុងខែឧសភា។ លោកសុផេង បន្ថែម។

សម្រាប់លក្ខណៈសម្បត្តិទូរស័ព្ទ Nokia3310ដែលត្រៀមដាក់ចេញមានអេក្រង់ 2.4 អ៊ីញ និងមានទំហំតួខ្លួន បណ្តោយ115.6 x ទទឹង51 x កម្រាស់ 12.8 មីល្លីម៉ែត្រ និងមានទម្ងន់ 79.6 ក្រាម។ ទូរស័ព្ទនេះ អាចដាក់ Memory បានទំហំ 16MP ប្រភេទ microSD ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Nokia Series 30+ អាចថតរូបបានលើទំហំកាមេរ៉ា 2MP មានភ្លើង LED Flash ហើយមានថ្ម 12000mAh អាចដោះដូរបាន៕

Advertisement