អាមេរិក នឹង​បិទ​ក្រុមហ៊ុន​ដែល​ប្រើ​តិច​ណូ​ឡូ​ជី​ឧបករណ៍​របស់ Huawei និង ZTE

មើលទៅ​ហាក់ដូចជា​ការពង្រីក​ទីផ្សារ​ស្មា​ត​ហ្វូ​ន​របស់​ចិន​ចូលទៅក្នុង​ប្រទេស​សហរ​ដ្ឋ​អាមេរិក​នឹង​កាន់តែ​ពិបាក​ឡើង​ហើយ ក្រោយពី​ស្ថាប័ន​ទូរគមនាគមន៍ AT&T របស់​សហរដ្ឋអាមេរិក បាន​បដិសេធ​ក្នុងការ​ចំណាយ​ស្មា​ត​ហ្វូ​ន Hauwei។

ថ្មីៗបំផុត​នេះ លោក ម៉ៃ​ខ៍ ខូ​ណា​វេ​យ៍ សមាជិកសភា​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក និង​ជា​អ្នកតំណាង​ផ្នែក​ច្បាប់​នៃ​គណបក្ស​សាធារណរដ្ឋ បាន​ពិចារណា​លើ​សេចក្ដីព្រាងច្បាប់ (Bill Proposal) ដើម្បី​ការពារ​មិនឱ្យ​រដ្ឋាភិបាលកណ្ដាល​ធ្វើការ​រួមជាមួយ​ក្រុមហ៊ុន​ដែល​ប្រើប្រាស់​សេវាកម្ម ឬ​ឧបករណ៍​ដែល​ផលិត​ដោយ​តិច​ណូ​ឡូ​ជីរ​បស់ Hauwei និង ZTE របស់​ចិន។

សេចក្ដីព្រាងច្បាប់​ដែលថា​នេះ​បាន​បង្ហាញខ្លួន​ឡើង​កាលពីពេលថ្មីៗបន្ទាប់ពី AT&T បាន​បដិសេធ​ក្នុង​ការលក់​ស្មា​ត​ហ្វូ​ន Hauwei ដោយ​សង្កត់ធ្ងន់​លើ​ចំណុច​ដែលថា ត្រូវបាន​ចូល​ស៊ើប​ទិន្នន័យ ដែល​ត្រូវបាន​អះអាង​តាមរយៈ​របាយការណ៍​មួយ​របស់​គណៈកម្មាធិកា​រ​ផ្នែក​ព័ត៌មាន (House Intelligence Committee) កាលពី​ឆ្នាំ2012 ដែល​បាន​បញ្ជាក់ថា Hauwei និង ZTE គឺជា​គ្រោះថ្នាក់​ដែល​គំរាម​សហរដ្ឋអាមេរិក។

លោក ម៉ៃ​ខ៍ ខូ​ណា​វេ​យ៍ បាន​និយាយថា “តិច​ណូ​ឡូ​ជី​ដែល​ផលិត និង​លក់​ដោយ​ប្រទេស​ចិន​គឺជា​ឧបករណ៍​ដែល​រដ្ឋាភិបាល​ចិន​ប្រើប្រាស់​សម្រាប់​ស៊ើបការណ៍​ពី​ក្រុមមន្ត្រី​រដ្ឋាភិបាល​របស់​សហរដ្ឋអាមេរិក ដែលជា​គ្រោះថ្នាក់​គំរាម​ដល់​សន្តិសុខ​របស់​ប្រទេសជាតិ។ ការអនុញ្ញាតឱ្យ Hauwei និង ZTE និង​ស្ថាប័ន​ដទៃទៀត​ដែល​ពាក់ព័ន្ធ​ចូលដល់​ប្រព័ន្ធ​ការផ្សព្វផ្សាយ​របស់​រដ្ឋា​ភិ​បាល​សហរដ្ឋ​បាន​នោះ នឹង​ប្រៀបដូចជា​ការអញ្ជើញ​ឱ្យ​ប្រទេស​ចិន​ចូលមក​ត្រួតពិនិត្យ​ការធ្វើការងារ​របស់​យើង​បាន​យ៉ាង​លម្អិត​ដូច្នោះ​ដែរ។ បើសិនជា​សេចក្ដីព្រាងច្បាប់​នោះ​ត្រូវ​បានទទួល​ការធានា និង​អនុម័ត​ហើយ​នោះ នឹង​ធ្វើឱ្យ​ក្រុមហ៊ុន​ជាច្រើន​ដែល​ប្រើប្រាស់​ឧបករណ៍​របស់ Hauwei និង ZTE ទាំង​ប៉ុន្មាន​មិន​អាចធ្វើ​កិច្ចការជំនួញ (Transaction) ជាមួយ​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក​បាន​ទៀតឡើយ តែ Hauwei និង ZTE នឹង​នៅតែ​អាច​លក់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់ខ្លួន​នៅក្នុង​ប្រទេស​នេះ​បាន​ដដែល៕

Advertisement