ចក្រភព​អង់គ្លេស​ចាប់អារម្មណ៍​លើ​ការបណ្តុះបណ្តាល​បច្ចេកទេស​នៅ​កម្ពុជា

នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ពិភពលោក​មាន​ការវិវឌ្ឍ​កាន់តែខ្លាំង ហើយ​វិស័យ​បច្ចេកវិទ្យា និង​បច្ចេកទេស​បានក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​ដែល​មិនអាច​ខ្វះ​បាន​ក្នុងការ​អភិវឌ្ឍ​សង្គម។ ប្រទេស​ណា​ដែលមាន​ធនធានមនុស្ស​ច្រើន​លើ​ជំនាញ​បច្ចេកទេស ប្រទេស​នោះ​នឹង​សម្បូរ​ទៅដោយ​ចង្វាក់​ផលិតកម្ម និង​ការវិនិយោគ។

នៅ​ពាក់កណ្តាល​ខែកុម្ភៈ​នេះ លោក Edward Vaizey បេសកជន​ពិសេស​ទទួលបន្ទុក​ផ្នែក​ពាណិជ្ជកម្ម​របស់​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម បាន​លើកឡើងថា អង់គ្លេស​នឹង​ជួយ​ជ្រោមជ្រែង​ដល់​កម្ពុជា​ក្នុង​កិច្ចសហការ​រៀបចំ​កម្ម​វិធី​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ក្នុង​គោលបំណង​ជំរុញ​ឱ្យ​វិស័យ​ដែលមាន​សក្តានុពល​មួយ​នេះ​មាន​គុណភាព​កាន់តែ​ខ្ពស់។ នាពេល​បច្ចុប្បន្ននេះ កម្ពុជា​នៅមាន​កង្វះខាត​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ផ្នែក​បច្ចេកវិទ្យា ហេតុនេះ​អង់គ្លេស​នឹងចូលរួម​រៀបចំ​កម្មវិធីសិក្សា ហើយ​រួមចំណែក​ក្នុងការ​ធ្វើកំណែទម្រង់​ក​ម្ម​វិធី​សិក្សា និង​អភិវឌ្ឍ​ផ្នែក​នេះ​នៅ​ជំហាន​បន្តបន្ទាប់​ទៀត។

រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម ពេ​ជ សោភ័ន បាន​លើកឡើងថា កិច្ចសហការ​បង្កើត​គ​ម្រោ​ង​រួមគ្នា​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​អភិវឌ្ឍ​វិស័យ​អប់រំ​ផ្នែក​បច្ចេកទេស និង​វិជ្ជាជីវៈ។ តាមរយៈ​កម្មវិធី​នេះ យើង​នឹង​ធ្វើឱ្យ​ការសិក្សា​ទាំងអស់​មានការ​ឯកភាព​គ្នា ហើយ​ឆ្លើយតប​ទៅនឹង​ទីផ្សារការងារ​ដែល​កំពុង​មាន​សម្ទុះ​ខ្លាំង​ផ្នែក​បច្ចេកទេស​នេះ។

ឯកឧត្តម​រដ្ឋលេខាធិកា​រ បាន​លើកឡើងថា ដើម្បី​ឈានទៅដល់​គោលដៅ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ2030 កម្ពុជា​ត្រូវការ​កម្មវិធី​បណ្តុះបណ្តាល​បច្ចេកទេស​វិជ្ជាជីវៈ ប្រកបដោយ​ប្រសិទ្ធភាព និង​វិជ្ជាជីវៈ​ច្បាស់លាស់​ដើម្បី​យកមក​អភិវឌ្ឍ​ធនធានមនុស្ស៕

Advertisement