កម្មវិធីពានរង្វាន់បញ្ញវន្តពិភពលោកបើកទ្វារឱ្យកុមារកម្ពុជាប្រកួតសមត្ថភាពជាអន្តរជាតិ

កម្មវិធីពានរង្វាន់បញ្ញវន្តពិភពលោក ជាកម្មវិធីដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2017 នេះ ដែលកម្មវិធីនេះបានប្រមូលផ្តុំសិស្សានុសិស្សប្រមាណជាង 20,000 នាក់មកពី 50ប្រទេសក្នុងពិភពលោកដើម្បីធ្វើការប្រកួតប្រជែងជារៀងរាល់ឆ្នាំ។ គោលបំណងសំខាន់នៃកម្មវិធីប្រកួតពានរង្វាន់បញ្ញវន្តពិភពលោកនេះ គឺចង់ជំរុញឱ្យកុមារពីគ្រប់តំបន់ និងទីកន្លែងក្នុងពិភពលោកស្រឡាញ់ការសិក្សា មានទំនុកចិត្តលើខ្លួនឯង និងទទួលស្គាល់ករណីយកិច្ចរបស់ខ្លួនថាជាពលរដ្ឋសកល។


ថ្មីៗនេះកម្មវិធីពានរង្វាន់បញ្ញវន្តពិភពលោក បានសហការជាមួយនឹងអង្គការ STEAM Cambodia បង្កើតកម្មវិធីនេះឡើងនៅកម្ពុជា ដើម្បីផ្តល់ឱកាសឱ្យសិស្សកម្ពុជាមានឱកាសប្រកួតប្រជែងជាលក្ខណៈសកល។ វិញ្ញាសាដែលនឹងត្រូវប្រកួតមាន 4 គឺ ការប្រកួតប្រជែងពិភាក្សា ការសរសេរដោយការសហការគ្នា ការប្រកួតប្រជែងបញ្ញា និងការប្រកួតឆ្លើយសំណួរ។ ហើយប្រធានបទនៃការស្រាវជ្រាវ គឺស្តីពីបច្ចេកវិទ្យាបញ្ជូនយានអវកាសទៅពិភពព្រះចន្ទ និងការព្យាករអាថ៌កំបាំងប្រវត្តិសាស្រ្តឆ្ពោះទៅរកវិទ្យាសាស្រ្ត និងសិល្បៈ។

តាមរយៈកម្មវិធីនេះ កុមារកម្ពុជាដែលនឹងត្រូវក្លាយជាបញ្ញវន្តនឹងមានឱកាសបញ្ចេញសមត្ថភាពតាមជម្រើសរបស់ខ្លួនសម្រាប់ការប្រកួតនៅជុំអន្តរជាតិប្រចាំឆ្នាំ 2017 នៅទីក្រុងហាណូយ ទីក្រុងអាថែន ឬនៅទីក្រុងកាប់ថោន មុននឹងត្រូវបានជ្រើសរើសឱ្យទៅប្រកួតយកជើងឯកនៅសាកលវិទ្យាល័យ Yale University នៅសហរដ្ឋអាមេរិក។

លក្ខខណ្ឌដែលអាចចូលរួមប្រកួតបានគឺ បេក្ខជនចាំបាច់មានអាយុចាប់ពី 10 ដល់ 14ឆ្នាំ សម្រាប់កម្រិតកុមារ និងចាប់ពីអាយុ 15ឆ្នាំឡើងទៅ សម្រាប់មនុស្សធំដែលនៅក្នុងនោះពួកគេត្រូវចាប់ក្រុម ដែលក្នុងមួយក្រុមៗមានសមាជិក 03នាក់៕

Advertisement