ប្រាក់ចំណូលរបស់ HTC បន្តធ្លាក់ចុះ

គិតត្រឹមខែមេសា ឆ្នាំ 2017 នេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់តៃវ៉ាន់ នៅបន្តធ្លាក់ចុះពីមួយខែទៅមួយខែ ឥតស្រាកស្រាន្ដ បង្កជាក្ដីកង្វល់ធំមួយដល់ក្រុមហ៊ុន ដែលត្រូវតែដោះស្រាយជាបន្ទាន់។

HTC បានធ្លាក់ចំណូល 9.29% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ 2016។ ចំណូលសរុបមួយរយៈ 4ខែដើមឆ្នាំ 2017 ក្រុមហ៊ុនទទួលបានតែ 635 លានដុល្លារ មានការធ្លាក់ចុះ 6.45% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2016 ដោយពេលនោះ HTC ទទួលបាន 676 លានដុល្លារ។

អ្នកវិភាគមួយចំនួនលើកឡើងថា ការបន្តធ្លាក់ចុះនេះ អាចបណ្ដាលមកពីក្រុមហ៊ុន HTC ដាក់ចេញនូវស្មាតហ្វូនដែលមិនត្រូវចិត្តអ្នកប្រើប្រាស់ ខណៈទូរស័ព្ទមកពីក្រុមហ៊ុន Samsung កំពុងតែវាយលុកខ្លាំងលើទីផ្សារស្មាតហ្វូនសកល។ ជាអាទិ៍ស្មាតហ្វូនស៊េរីថ្មី HTC U Ultra និង HTC U Play មិនមានដំណើរការល្អ ការលក់មិនគ្រប់តាមចំនួនដែលបានគ្រោងទុក ធ្វើឱ្យចំណូលបន្តធ្លាក់។

តែទោះបីជាយ៉ាងណា ចំណូលនេះអាចងើបឡើងវិញបន្តិច ប្រសិនបើទូរស័ព្ទ HTC U 11 បង្ហាញខ្លួនមែន។ ការសន្និដ្ឋាន ផ្អែកលើសមត្ថភាពខ្លះដែលព័ត៌មានបែកធ្លាយបានចុះផ្សាយ និងការមើលឃើញពីសម្ទុះនៃការគាំទ្ររបស់អ្នកប្រើប្រាស់៕

Advertisement