Samsung៖ ការបញ្ជាទិញ Galaxy S9 ទាប​ជាង​ការរំពឹងទុក តែ​ខ្ពស់ជាង Galaxy S8

បើ​គិត​ចាប់តាំងពី​ថ្ងៃ​ប្រកាស​បង្ហាញខ្លួន​រហូតមក​ដល់ពេលនេះ គឺមាន​រយៈពេល​ច្រើន​ថ្ងៃ​មកហើយ ប៉ុន្តែ​ក្រុមហ៊ុន Samsung នៅ​មិនទាន់​បានបង្ហាញ​ពី​តួលេខ​នៃ​ការបញ្ជាទិញ​ទុក​មុន (Pre-orders) របស់​ស្មា​ត​ហ្វូ​ន Galaxy S9 នៅឡើយ​ទេ។

ថ្មីៗនេះ ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏​ធំជាងគេ​របស់​កូរ៉េខាងត្បូង​មួយ​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap News ថា ការបញ្ជាទិញ​ទុក​មុន​នូវ​ម៉ូ​ដែល​Samsung Galaxy S9 ទទួលបាន​ទាប​ជាង​ការរំពឹងទុក ប៉ុន្តែ​បើ​ធៀប​នឹង​ម៉ូ​ដែលមុនៗវិញ​ឃើញថា ទទួលបាន​ខ្ពស់ជាង។ “យើង (Samsung) ជឿជាក់ថា ការបញ្ជាទិញ​ទុក​មុន​របស់ Galaxy S9 ទំនងជា​ទទួលបាន​ទាប​ជាង​ការរំពឹងទុក ប៉ុន្តែ​អ្វីដែល​មិន​ធ្វើឱ្យ​យើង​អស់សង្ឃឹម​នោះ​គឺ តួលេខ​នៃ​ការបញ្ជាទិញ​គឺ ច្រើនជាង​ម៉ូ​ដែល Galaxy S8”។ នេះ​ជា​សម្ដី​របស់​អ្នកនាំពាក្យ​ក្រុមហ៊ុន Samsung ដែល​បាន​ថ្លែងប្រាប់ Yonhap News។

គួរបញ្ជាក់​ផងដែរ​ថា កាលពី​ក្រុមហ៊ុន Samsung បានប្រកាស​ដាក់ឱ្យ​បញ្ជា​ទិញ​ទុក​មុន​នូវ​ម៉ូ​ដែល Galaxy S8 គឺ​អតិថិជន Samsung បាននាំគ្នា​សម្រុក​ទិញ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​រហូត​បំបែកកំណត់ត្រា ដែល​ទទួលបាន​រហូត​ដល់ 550,000 គ្រឿងក្នុង​រយៈពេល​តែ 2ថ្ងៃ​ប៉ុណ្ណោះ ដែល​បើ​ប្រៀបធៀប​នឹង​ម៉ូ​ដែល Galaxy S7 វិញ គឺ​ទទួលបាន​ត្រឹមតែ 200,000គ្រឿង​ប៉ុណ្ណោះ​ក្នុង​រយៈពេល​ដល់​ទៅ 1សប្ដាហ៍​ឯណោះ៕

Advertisement