វេទិកាបើកទូលាយស្តីពីក្តីស្រមៃរបស់អាស៊ាន បង្កើនសមត្ថភាពយុវជនកម្ពុជា

យុវជនប្រមាណជាង 2,000នាក់ បានចូលរួមកម្មវិធីវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីប្រធានបទ “ក្តីស្រមៃនៃសមាគមអាស៊ាន” នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។

វេទិកានេះមានការចូលរួមពីវាគ្មិន ដែលជាអ្នកគ្រប់គ្រងនៃស្ថាប័នសំខាន់ៗក្នុងរដ្ឋាភិបាល និងអ្នកដឹកនាំវិស័យឯកជនល្បីៗនៅក្នុងតំបន់។ វាគ្មិនដែលបានចូលរួមនៅក្នុងវេទិកាដ៏មានសារៈសំខាន់នេះ មានដូចជា ៖


១ . ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា
២ . លោក Philipp Rosler ប្រធានផ្នែកទំនាក់ទំនងជាមួយរដ្ឋាភិបាល និងថ្នាក់តំបន់ និងជាសមាជិកនៃគណៈគ្រប់គ្រងវេទិកាសេដ្ឋកិច្ចពិភពលោក
៣ . លោក Anthony F. Fernandes នាយកប្រតិបត្តិនៃក្រុមហ៊ុន Air Asia
៤ . លោក William Tanuwijaya សហស្ថាបនិក និងជានាយកប្រតិបត្តិផ្នែកទីផ្សារនៃស្ថាប័ន Online Tokopedia នៅប្រទេសឥណ្ឌូនេស៊ី
៥ . លោកស្រី Wai Wai Nu ស្ថាបនិក និងជាអ្នកដឹកនាំបណ្តាញស្ត្រីដើម្បីសន្តិភាពនៅប្រទេសមីយ៉ាន់ម៉ា
៦ . លោក Jamil Edmond Anderlini ជាបណ្ណាធិការនៃកាសែត Financial Times ប្រចាំតំបន់អាស៊ីជាអ្នកសម្របសម្រួល
វេទិកានេះបានផ្តោតសំខាន់លើបញ្ហាយុវជន បច្ចេកវិទ្យា និងកំណើនលើការធានាគុណប្រយោជន៍ផ្នែកប្រជាសាស្រ្ត និងឌីជីថលអាស៊ានដោយវាគ្មិនមកពីកម្ពុជា រួមទាំងបណ្តាប្រទេសក្នុងតំបន់អាស៊ានដើម្បីបង្ហាញឱ្យឃើញពីសក្តានុពលនៃវិស័យសំខាន់ៗរបស់កម្ពុជា ដែលអាចទាក់ទាញអ្នកវិនិយោគទាំងជាតិ និងអន្តរជាតិឱ្យចាប់អារម្មណ៍ក្នុងការបណ្តាក់ទុន។ គុណតម្លៃនៃកម្មវិធីនេះបានផ្តល់ប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា ជាពិសេសគឺយុវជន ឱ្យបានយល់ដឹងពីតម្រូវការ និងលក្ខខណ្ឌការងារដែលក្រុមហ៊ុនធំៗចង់បាន រួមទាំងព័ត៌មានមួយចំនួនដើម្បីត្រៀមអភិវឌ្ឍខ្លួនប្រកួតប្រជែងក្នុងវិស័យការងារនៅក្នុងតំបន់អាស៊ាន៕

Advertisement