ឃើញមាន Galaxy Note 7 ចេញលក់ម្ដងទៀតនៅក្រៅប្រទេស ចុះកម្ពុជា?

ជិតមួយឆ្នាំហើយដែលស្មាតហ្វូន Galaxy Note 7 របស់ Samsung បានបាត់មុខពីទីផ្សារ ព្រោះតែមូលហេតុផ្ទុះថ្ម ដែលតម្រូវឱ្យក្រុមហ៊ុនប្រកាសប្រមូលចូលវិញទាំងអស់ ដើម្បីសុវត្ថិភាពអ្នកប្រើប្រាស់។

យ៉ាងណាមិញ ថ្មីៗនេះមានព័ត៌មានលេចឮមកថា ស្មាតហ្វូននេះត្រូវបានក្រុមហ៊ុនដាក់លក់ជាថ្មីម្ដងទៀតហើយនៅតាមទីផ្សារមួយចំនួន ដោយធ្វើការទម្លាក់គុណភាពថ្មឱ្យទាបជាងមុនបន្តិច ហើយក៏លក់ក្នុងតម្លៃធូរថ្លៃជាងមុនដែរ។ ចំពោះកម្ពុជាយើងវិញ នឹងមានសំណាងបានឃើញ និងបានប្រើទូរស័ព្ទនេះម្ដងទៀតឬយ៉ាងណានោះ នៅមិនទាន់ដឹងច្បាស់នៅឡើយ?។

ទាក់ទងនឹងរឿងនេះដែរ លោក ជា សុជាតិ នាយកគ្រប់គ្រងផ្នែកទីផ្សារនៃក្រុមហ៊ុន Thai Samsung Electronics ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងកាលពីថ្ងៃបើកសម្ពោធទូរស័ព្ទ Galaxy S8 នេះថា ការបង្ហាញខ្លួន នៅកម្ពុជា ឬអត់របស់ទូរស័ព្ទ Galaxy Note 7 វាអាស្រ័យលើការសម្រេចចិត្តរបស់គណៈគ្រប់គ្រង។ លោកទទួលស្គាល់ថា រឿងការបង្ហាញខ្លួនម្ដងទៀតនេះ តាមអ្វីដែលលោកដឹងគឺ វាអាចជាការពិតទៅតាមហ្នឹងមែន ប៉ុន្តែមិនមែនក្នុងទីផ្សារកម្ពុជាទេ ព្រោះគិតត្រឹមខែឧសភា ឆ្នាំ 2017 គ្មានដំណឹងណាមួយស្តីពីការវិលត្រឡប់របស់ Note 7 មកទីផ្សារស្រុកខ្មែរនៅឡើយទេ។ លោកថា៖ «ខ្ញុំគិតថាព័ត៌មានអាចពិតនៅតាមប្រទេសមួយចំនួន ប៉ុន្តែស្រុកយើងប្រហែលជាអត់ទេ»។

លោកបន្ថែមថា បើសង្កេតលើផ្នត់គំនិតរបស់អ្នកប្រើប្រាស់ក្នុងស្រុក បើពួកគាត់ប្រើ គឺប្រើរបស់ដែលមានស៊េរីខ្ពស់ មិនអ៊ីចឹងទេ គឺស៊េរីទាបតែម្ដង។ ហេតុដូច្នេះហើយ Note 7 ក្រុមហ៊ុនអាចនៅពិចារណាច្រើនថា តើគួរយកមក ឬកុំតែម្ដង ព្រោះថាវត្តមានរបស់ទូរស័ព្ទ Note 8 ក៏នឹងជិតបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះដែរ៕

Advertisement