ក្លាយជា​សិស្ស​ពូកែ​ទូទាំងប្រទេស ជា​ក្តី​ស្រមៃ​ធំ​មួយ​សម្រាប់​សិស្ស​នៅ​កម្ពុជា

យុវជន គឹម គី​ណា​ល់ / លោក លឹម ម៉េង​សាយ / កញ្ញា លី សុខុម

ជាប់​ជា​សិស្ស​ពូកែ​ទូទាំងប្រទេស ជា​ជោគជ័យ​យ៉ាង​ធំ​មួយ​សម្រាប់​សិស្ស​ដែល​កំពុង​ខិតខំ​ប្រឹងប្រែង​ជា​រៀងរាល់ឆ្នាំ ព្រោះ​ការទទួល​ជ័យលាភី​ដ៏​សំខាន់​មួយ​នេះ មិន​គ្រាន់តែ​អាច​ទទួលបានឱកាស​អាហារូបករណ៍​សម្រាប់​សាកលវិទ្យាល័យ សំខាន់ៗប៉ុណ្ណោះ​ទេ តែ​វា​ជា​កិត្តិយស​យ៉ាង​ធំធេង​សម្រាប់​ខ្លួនឯង គ្រួសារ និង​សាលារៀន​ដែល​យើង​កំពុង​សិក្សា​ថែម​ទៀតផង។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អតីត​សិស្ស​ពូកែ​ទូទាំងប្រទេស​ផ្នែក​រូបវិទ្យា គឹម គី​ណា​ល់ បាន​លើកឡើងថា ដើម្បី​សម្រេច​ក្តី​ស្រមៃ​ជា​សិស្ស​ពូកែ​ទូទាំងប្រទេស គាត់​បាន​ចែករំលែក​បទពិសោធ​ថា ទី1 ត្រូវ​ស្វែងយល់​ពី​មេរៀន​ឱ្យបាន​ច្បាស់លាស់ និង​គ្រប់​ជ្រុងជ្រោយ​សិន​មុនពេល​ចាប់ផ្តើម​អនុវត្ត​លំ​ហាត់​ផ្ទាល់ខ្លួនសំខាន់ៗ ហើយ​ចំណុច​ទី2 គឺត្រូវធ្វើ​លំ​ហាត់​ដែល​ធ្លាប់បាន​ស្រាវជ្រាវ​ឱ្យអស់ តាមរយៈ​ការសរសេរ​លើ​ក្រដាស​មិនមែន​គិតតែ​មាត់​នោះទេ និង​ចុងក្រោយ​គឺ​ត្រូវ​ចេះ​សួរ​ឱ្យបាន​ត្រូវ​រឿង ព្រោះ​អ្នកស្រាវជ្រាវ​អ្វីដែល​ថ្មី​តែងតែមាន​សំណួរ​ជាច្រើន ហេតុនេះ​ការរកឃើញ​សំណួរ​ត្រឹមត្រូវ​អាច​នឹងធ្វើ​ឱ្យ​យើង​ទទួលបាន​លទ្ធផល​ល្អ ឬ​ចម្លើយ​ប្រកបដោយ ភាពត្រឹមត្រូវ​ដើម្បី​ស្វែងយល់​ពី​ឫសគល់​នៃ​មេរៀន​ផងដែរ។

យុវជន គឹម គី​ណា​ល់ បាន​និយាយថា៖ “ការសិក្សា​ផ្នែក​រូបវិទ្យា​គឺ​ត្រូវ​ការយល់​ឱ្យបាន​ច្បាស់​ពី​គោលបំណង​នៃ​មេរៀន និង​បាតុភូត បើ​មិន​ដូច្នោះ​ទេ​យើង​នឹងមិន​អាចមាន​លទ្ធភាព​យក​រូបមន្ត​ទៅអនុវត្ត​ដើម្បី​ដោះស្រាយ​លំ​ហាត់​ស្មុគស្មាញ​នោះបានទេ។

សិស្ស​ពូកែ​រូបវិទ្យា​ខាងលើ​បានលើកឡើង​ផងដែរ​ថា ការយក​រូបមន្ត​មក​អនុវត្ត​លំ​ហាត់​ចាំបាច់​ត្រូវធ្វើ​ដោយ​ការសរសេរ​ជាក់ស្តែង ព្រោះ​វា​អាចជួយ​យើង​ឱ្យមាន​សមត្ថភាព​ដោះស្រាយ​លំ​ហាត់​បានល្អប្រកបដោយ​ភាព​ហ្មត់ចត់​នៅពេលដែល​យើង​ប្រឡង​ជាក់ស្តែង​លើ​ក្រដាស។ អ្នករៀន​រូបវិទ្យា​ជាច្រើន​មិនសូវ​ចូលចិត្ត​ធ្វើ​លំ​ហាត់​ដោយ​សរសេរ​លើ​ក្រដាស​នោះទេ ព្រោះ​គេ​ចូលចិត្ត​គិតតែ​ពី​ល្បិច និងគន្លឹះ រួច​ហើយក៏​រំលង​វា​ផុត​ដោយ​មិនបាន​សរសេរ​នោះទេ។

ចំណុច​នេះ អាចធ្វើឱ្យ​ពួកគេ​បរាជ័យ​នៅពេល​ប្រឡង​សិស្ស​ពូកែ​ដែលមាន​លំ​ហាត់​ច្រើន​និង​សុទ្ធតែ​ល្បិចខ្លាំងៗដែល ទាមទារ​ឱ្យ​សរសេរ​ប្រកបដោយ​ភាព​ហ្មត់ចត់។ ថ្វីត្បិតតែ​ពួកគេ​មាន​ភាព​វៃឆ្លាត​ក៏ពិតមែន តែ​ការដែល​មិន​ឧស្សាហ៍​អនុវត្ត​លំ​ហាត់​ដោយ​ការសរសេរ​អាចធ្វើឱ្យ​ពួកគេ​មាន​ចន្លោះប្រហោង​ច្រើន​នៅពេល​សរសេរ​ជាក់ស្តែង​លើ​ក្រដាស​វិញ្ញាសា​ប្រឡង ឬ​ងាយ​ច្រឡំ​ទៀតផង។

ងាក​មក​សិស្ស​ពូកែ​គណិតវិទ្យា​វិញ​ម្តង​លោក លឹម ម៉េង​សាយ អតីត​សិស្ស​ពូកែ​គណិតវិទ្យា​លេខ1ទូទាំងប្រទេស បាន​លើកឡើងថា មុននឹង​ក្លាយជា​សិស្ស​ពូកែ​ទូទាំងប្រទេស​ផ្នែក​គណិតវិទ្យា មុន

ដំបូង​គឺ​ចាំបាច់​ត្រូវមាន​ចិត្ត​ស្រឡាញ់​មុខវិជ្ជា​នេះ​ជាមុនសិន ព្រោះ​នៅពេលដែល​យើង​ស្រឡាញ់​មុខវិជ្ជា​ណាមួយ​ហើយ យើង​នឹង​មើលឃើញថា​មុខវិជ្ជា​នោះ​ជា​ផ្នែក​ដែល​មិន​សាំញ៉ាំ ហើយ​ពេលចាប់ផ្តើម​អនុវត្ត​ជាក់ស្តែង​ក៏​មិន​ងាយ​នឹង​ធុញទ្រាន់​ដែរ។

នៅពេលដែល​យើង​ស្រឡាញ់​មុខវិជ្ជា​គណិតវិទ្យា យើង​នឹង​មើលឃើញថា វា​ហាក់បីដូចជា​ល្បែង​កម្សាន្ត​ដែល​អាចធ្វើឱ្យ​យើង​កាន់តែ​ជក់ចិត្ត​ក្នុង​ការរៀន និង​ដោះស្រាយ​លំ​ហាត់លំបាកៗបាន។ ចំណុច​មួយ​ផ្សេងទៀត​គឺ ត្រូវ​ព្យាយាម​ចូល​ទៅជិត​សិស្ស​ច្បង​ដែលមាន​ជំនាញ​ខ្លាំង​ផ្នែក​គណិតវិទ្យា ដើម្បី​សុំ​ការណែនាំ និង​គន្លឹះសំខាន់ៗដើម្បី​ដោះស្រាយ​លំ​ហាត់​គណិតវិទ្យា។

លោក លឹម ម៉េង​សាយ បាន​និយាយថា៖ “នៅពេលដែល​យើងម្នាក់ៗមាន​ចំណាប់អារម្មណ៍​ខ្លាំង​លើ​មុខវិជ្ជា​ដែល​យើង​កំពុង​សិក្សា យើង​នឹង​ឃើញថា ការសិក្សា ឬ​ដំណោះស្រាយ​លំ​ហាត់​កាន់តែ​លំបាក គឺជា​រឿង​មានន័យ​សម្រាប់​ជីវិត ព្រោះ​យើង​អាចធ្វើ​វា​បាន​ដោយ​ខ្លួនឯង។

លោក លឹម ម៉េង​សាយ បាន​បន្ថែមទៀតថា ក្រៅពី​រកឃើញ​មុខវិជ្ជា​ដែល​ខ្លួន​ស្រឡាញ់​ហើយ ការបែងចែក​ពេលវេលា​គឺជា​រឿង​សំខាន់​មួយ​ដែល​អ្នកសិក្សា​មិនគួរ​មើលរំលង។ ការបែងចែក​ពេលវេលា​ត្រូវធ្វើឡើង​ដោយ​ទន់ភ្លន់​តែ​ម៉ឺងម៉ាត់​សម្រាប់​ខ្លួនឯង គឺ​កុំ​បង្ខំ​ឱ្យ​ត្រូវតែ​ធ្វើតាម​ការកំណត់​ទុកជា​ក់លាក់​ណាមួយ​ទាំងស្រុង។ ហើយ​ពេលខ្លះ​សម្រាប់​រូបលោក​ធ្លាប់​ប្តូ​កាលវិភាគ​សម្រាប់​ខ្លួន-

ឯង​ដល់​ទៅ2ដង​ក្នុង​មួយ​សប្តាហ៍​ក៏មាន។ កាលវិភាគ​ត្រូវធ្វើ​ទៅតាម​ចិត្ត​ដែល​ចង់​រៀន​ខ្លាំង​បំផុត មានពេលខ្លះ​ចង់​រៀន​ធរណីមាត្រ​មុនគេ​ទាំងអស់​ហេតុនេះ​កុំអាល​បង្ខំ​ខ្លួនឯង​ឱ្យ​រៀន​ផ្នែក​ផ្សេង​ដែល​មិន​ចង់ គឺ​ត្រូវ​រៀន​ផ្នែក​នេះ​ឱ្យបាន​ខ្លាំង​ជាមុនសិន​បន្ទាប់មក​ទើប​ចាប់ផ្តើម​គិតពី​ផ្នែក​ដែល​ខ្លួន​ចង់​រៀន​បន្ទាប់​ដើម្បី​កំណត់​ម៉ោង​សម្រាប់​ផ្នែក​នោះ​ឱ្យបាន​ច្រើនជាង​មុខវិជ្ជា​ដទៃ។

ចំពោះ​សិស្ស​ពូកែ​ទូទាំងប្រទេស​ផ្នែក​អក្សរសិល្ប៍​ខ្មែរ​វិញ កញ្ញា លី សុខុម បាន​លើកឡើងថា ការប្រឡង​សិស្ស​ពូកែ​ផ្នែក​នេះ​ចាំបាច់​ត្រូវ​ការយល់​ពី​មេរៀន​ឱ្យ​ច្រើនជាង​ការ​ទន្ទេញ។ ចំណុច​ដែល

ត្រូវ​ទន្ទេញ​គឺមាន​តែ​ឈ្មោះ​របស់​អ្នកនិពន្ធ កាលបរិច្ឆេទ​ច្បាស់លាស់ និង​សម័យកាល​នៃ​ព្រឹត្តិការណ៍​រឿង​ក្នុង​អក្សរសិល្ប៍​តែប៉ុណ្ណោះ តែ​ការប្រឡង​អក្សរសាស្ត្រ​ខ្មែរ គឺមាន​សំណួរ​ជាច្រើន​ដែល​ទាមទារ​ឱ្យ​យើង​ចេះ​វិភាគ និង​វែកញែក​ដោយ​លើកយក​ទឡ្ហី​ករ​ច្បាស់លាស់​មក​សរសេរ។

កញ្ញា លី សុខុម បាន​និយាយថា៖ “ចំពោះ​សំណួរ​បែប​វិភាគ គឺ​ត្រូវ​សរសេរ​តាម​ការយល់ និង​ចំណេះដឹង​ដែល​បាន​រៀន​លើ​ផ្នែក​អក្សរ​សិ​ល្បិ៍​ហើយ​ចំពោះ​សំណួរ​ណា​ដែល​យើង​យល់ថា មិនសូវ​ច្បាស់​ឬ​មិនចេះ​សូមកុំ​រំលង​ចោល យើង​ត្រូវ​ព្យាយាម​សរសេរ​ដើម្បី​បំពេញ​ចន្លោះ​នោះ​ឱ្យអស់​ព្រោះ​បើ​គ្មាន​សំណេរ​សោះ​គឺ​ត្រូវបាន​សូន្យ តែ​ប្រសិនបើ​សរសេរ​ត្រូវ​ខ្លះ​ប្រាកដជា​បាន​ពិន្ទុ។

សិស្ស​ពូកែ​អក្សរសាស្ត្រ​ខ្មែរ​ខាងលើ​បានលើកឡើង​ផងដែរ​ថា នៅពេល​ប្រឡង​សិស្ស​ពូកែ​ទូទាំងប្រទេស​អ្នក​ប្រឡង​ត្រូវ​មើល​សំណួរ​ឱ្យបាន​យល់ច្បាស់​សិន សឹម​សរសេរ ព្រោះ​កាលណា​សរសេរ​ខុស ឬ​ច្រឡំ​ប្រធានបទ​ណាមួយ​ប្រាកដជា​ធ្វើឱ្យ​ខាត​ពេលវេលា។ ម្យ៉ាងវិញទៀត ត្រូវ​ព្យាយាម​បង្កើន​ជំនឿ​ជាក់​លើ​ខ្លួនឯង​ឱ្យបាន​ខ្ពស់ ព្រោះ​វា​ជា​ពេល​បញ្ចេញ​សមត្ថភាព មិនមែនជា​ពេលដែល​ត្រូវ​ព្រួយបារម្ភ​នោះទេ៕

Advertisement