Huawei និង ZTE ត្រូវបាន​ហាម​លក់​នៅ​គ្រប់​មូលដ្ឋានទ័ព​អាមេរិក

រដ្ឋមន្ត្រី​ការពារជាតិ​របស់​សហ​រដ្ឋ​អាមេរិក បានចេញ​បម្រាម​ហាមឃាត់​ការលក់​ស្មា​ត​ហ្វូ​ន​ដែល​ផលិតឡើង​ដោយ​ក្រុមហ៊ុន​ចិន​ចំនួន​ពីរ​នៅក្នុង​មូលដ្ឋានទ័ព​របស់ខ្លួន​នៅ​ទូទាំង​ពិភពលោក ដែលការចេញ​បម្រាម​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​មានការ​ព្រមាន​ពី​មន្ទីរ​បញ្ច​កោណ​អាមេរិក។

យោងតាម​ការចេញផ្សាយ​របស់​សារព័ត៌មាន Bloomberg បានឱ្យដឹងថា មន្ទីរ​បញ្ច​កោណ​អាមេរិក បានចេញ​សេចក្ដី​ព្រមាន​ថា ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Huawei និង ZTE អាច​លួច​ប្រមូល​ទិន្នន័យ​ពី​មន្ត្រី និង​បុគ្គលិក​យោធា​អាមេរិក​ទៅឱ្យ​រដ្ឋាភិបាល​ចិន ដែល​នេះ​ជា​ក្ដី​ព្រួយបារម្ភ​ដ៏​ធំ​មួយ​របស់​អាមេរិក​ជុំវិញ​បញ្ហា​សុវត្ថិភាព និង​សន្តិសុខ​របស់​ប្រទេស។

អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក Dave Eastburn បាន​ថ្លែងថា “ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Huawei និង ZTE អាច​បង្កឱ្យមាន​ហានិភ័យ​ចំពោះ​សុវត្ថិភាព​សន្ដិសុខ​រប​ស់​បុគ្គលិក​នៅក្នុង​នាយកដ្ឋា​ន ដែលមាន​ទាំង​ព័ត៌មាន​ផ្ទាល់ខ្លួន និង​បេសកកម្ម​របស់​ពួកគេ។

ឆ្លើយតប​ទៅនឹង​ក្ដី​ព្រួយបារម្ភ ក៏ដូចជា​ការហាម​លក់​ស្មា​ត​ហ្វូ​ន​នេះ ក្រុមហ៊ុន Huawei បានចេញ​សេចក្ដី​បំភ្លឺថា ក្រុមហ៊ុន​សប្បាយចិត្ត និង​បើកចំហ​ចំពោះ​រឿង​គ្រប់យ៉ាង​ដើម្បីឱ្យ​រដ្ឋាភិបាលអាមេរិក​យល់ច្បាស់​ពី​ឧបករណ៍​របស់ខ្លួន ហើយ Huawei សូមបញ្ជាក់ថា គ្មាន​រដ្ឋាភិបាល​ណាមួយ​ស្នើឱ្យ​ខ្លួន​ប្រមូល​ទិន្នន័យ​របស់​អ្នកប្រើប្រាស់​នោះទេ​ហើយ​បើ​មាន​មែន​ក៏​ខ្លួន​មិន​ធ្វើ​ដែរ ព្រោះ​វា​ជាការ​រំលោភបំពាន​លើ​កម្មសិទ្ធិឯកជន​រប​ស់​អតិថិជន។

គួរបញ្ជាក់​ផងដែរ​ថា កាលពី​ខែកុម្ភៈ​កន្លងទៅនេះ មន្ត្រីជាន់ខ្ពស់​របស់ FBI អាមេរិក ក៏បាន​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​របស់​កងទ័ព​ទៅលើ​ការប្រើប្រាស់​ឧបករណ៍​ដែលជា​បច្ចេកវិទ្យារបស់​ក្រុមហ៊ុន​បរទេស​មិនមែនជា​របស់​អាមេរិក៕

Advertisement