រថយន្ត BMW 5 Series មានតែ 5 គ្រឿងគត់ក្នុងប្រទេសកម្ពុជា

BMW 5 Series ដែលជារថយន្តជំនាន់ទី7 ត្រូវបានផលិតឡើងសម្រាប់អ្នកនិយមរថយន្តប្រណីតបែបថ្លៃថ្នូ ក្នុងត្រកូលអភិជន ឬអ្នកមានតំណែងធំៗ បានបង្ហាញខ្លួនជាផ្លូវការហើយក្នុងទីផ្សារប្រទេសកម្ពុជា ដែលមានត្រឹមតែ 5គ្រឿងប៉ុណ្ណោះ ក្នុងដំណាក់កាលបើកសម្ពោធដំបូងនេះ។

រថយន្តនេះមានតម្លៃចាប់ពី 109,800ដុល្លារអាមេរិកឡើងទៅ ដោយមាន 2ជម្រើស គឺបែបប្រណីត និងបែបរថយន្តស្ព័រ ព្រមជាមួយនឹងការបំពាក់នូវបច្ចេកវិទ្យាទំនើបៗ ជំនួយដល់ការបើកបរប្រកបដោយសុខសុវត្ថិភាព និងផាសុកភាព ដោយវាមានបំពាក់នូវប្រព័ន្ធជំនួយក្នុងការបើកបរដ៏ឆ្លាតវៃ និងកម្រិតនៃការភ្ជាប់ទំនាក់ទំនងដែលល្អ ប្រព័ន្ធជំនួយ និងប្រព័ន្ធប្រតិបត្តិការច្នៃប្រឌិតថ្មី ជាមុខងារពិសេសថ្មីដែលមានសារៈសំខាន់បំផុត។

លោក Peter Brongers នាយកប្រតិបត្តិនៃក្រុមហ៊ុនព្រីមៀម អូតូ អ៊ីមផត បានឱ្យដឹងថា រថយន្តស៊េរីថ្មីនេះមានត្រឹមតែ 5 គ្រឿងប៉ុណ្ណោះ តែអ្វីដែលពិសេសនោះ គឺរថយន្ត 2 គ្រឿងត្រូវបានអតិថិជនកក់រួចជាស្រេច តាំងពីមិនទាន់មកដល់ទីផ្សារកម្ពុជាម្ល៉េះ។ លោកបន្ថែម ថា BMW 5 ស៊េរី ជារថយន្តជំនាន់ទី 7 ហើយស៊េរីនេះ ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ1972 ដោយមានចំនួនលក់ចេញបានជាង 8 លានគ្រឿងទូទាំងពិភពលោកគិតមកដល់បច្ចុប្បន្ន។

លោកថ្លែងថា៖«ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ព្រោះថាវាមិនទាន់មកដល់ផង យើងអាចលក់បាន 2 គ្រឿងមុនបាត់ទៅហើយ»។
រថយន្តនេះមានប្រព័ន្ធបញ្ជាដោយកាយវិការសម្រាប់អ្នកអង្គុយខាងមុខ និងអ្នកបើកបរជាមួយអេក្រង់ទំហំ 10.25 អ៊ីញ Touch Screen ផ្តល់ភាពងាយស្រួល និងរហ័សទាន់ចិត្តសម្រាប់ការបញ្ជា និងស្វែងរកព័ត៌មានផ្សេងៗ ហើយលោកអ្នកក៏អាចប្រើប្រាស់សេវាកម្ម Microsoft Exchange បើកកម្មវិធី Microsoft Office 365 ធ្វើការភ្ជាប់ Email ប្រតិទិន និងការរក្សាលេខទូរស័ព្ទ ក៏ដូចជាអាចកែសម្រួលវានៅក្នុងរថយន្តរបស់លោកអ្នកផ្ទាល់បាន។ ក្នុងកម្មវិធី Apple CarPlay ក៏ត្រូវដាក់ភ្ជាប់មកជាមួយរួចស្រេចផងដែរ សម្រាប់ម្ចាស់រថយន្តដែលប្រើប្រាស់ទូរស័ព្ទ iPhone សម្រាប់តភ្ជាប់ រួមនឹងបច្ចេកវិទ្យាសាកថ្មឥតខ្សែទៀតផង។

រថយន្តថ្មីនេះ មានទម្ងន់ស្រាលជាងមុន ខណៈតួខ្លួនត្រូវបានផលិតពីអាលុយមីញ៉ូម និងដែកដ៏រឹងមាំ មានការរចនាថ្មីនៃតួសាក់ស៊ី កម្លាំងទំនាញទាប គឺជាចំណុចពិសេសរបស់រថយន្ត BMW 5 ស៊េរី ក្នុងការបែងចែកទម្ងន់ និងរូបរាងដើម្បីផ្តល់នូវលំនឹង និងបត់បែនបានស្រួល។ ចំពោះទំហំម៉ាស៊ីន វាមាន 2 ប្រភេទ សាំង និងម៉ាហ្ស៊ូត ចាប់ពីទំហំ 4 ស៊ីឡាំង ដល់ 8 ស៊ីឡាំង មាន 8 ចង្កឹះលេខជាមួយនឹងបច្ចេកវិទ្យាបើកបរដោយប្រើតែកង់ក្រោយ ឬក៏ប្រើកង់ទាំងអស់របស់ BMW xDrive ទៅតាមតម្រូវការរបស់អតិថិជន៕

Advertisement