សភា​អឺរ៉ុប​នៅតែ​បន្ត​ចោទប្រកាន់ និង​ដាក់បន្ទុក​លើ​មេ​ធំ Facebook

ស្ថាបនិក​ក្រុមហ៊ុន និង​ជា​មេ​ធំ​របស់​បណ្ដាញ​សង្គម Facebook លោក Mark Zuckerberg បានបង្ហាញ​ការ​សូម​អភ័យទោស​ទៅកាន់​សភា​អឺរ៉ុប ចំពោះ​ផលប៉ះពាល់ ដែល​បង្កឡើង​ដោយ​ការ​បែកធ្លាយ​ទិន្នន័យ​ផ្ទាល់ខ្លួន​របស់​អ្នកប្រើប្រាស់ ។

Advertisement

លោក Mark Zuckerberg បាន​ថ្លែង​នៅក្នុង​សេចក្ដីថ្លែងការណ៍​ជា​ចំហ​មួយ​ថា៖ “ក្នុង​រយៈពេល 2ឆ្នាំ​មកនេះ វា​បានបង្ហាញ​យ៉ាងច្បាស់​ថា យើង​មិន​បានធ្វើ​អ្វី​គ្រប់គ្រាន់​ឡើយ​ក្នុងការ​ទប់ស្កាត់​កុំឱ្យមាន​ផលប៉ះពាល់​ដល់​អ្នកប្រើប្រាស់ ដោយសារតែ​ព័ត៌មាន​ក្លែងក្លាយ ការ​លូកដៃ​របស់​បរទេស​នៅក្នុង​ការបោះឆ្នោត ឬក៏​ការ​បំប៉ោង​ព័ត៌មាន​ឱ្យ​ប្រជាជនមាន​ការយល់ច្រឡំ។

លោក បានបញ្ជាក់​បន្ថែមទៀត​ថា៖ “យើង​មិនបាន​យកចិត្តទុកដាក់​គ្រប់គ្រាន់ លើ​ការទទួលខុសត្រូវ​រប​ស់​យើង ហើយ​នេះ​គឺជា​កំហុស​មួយ​ដែល​ខ្ញុំ​ពិតជា​ត្រូវ​សូមទោស។

បើទោះបីជា មហាសេដ្ឋី​វ័យក្មេង​រូបនេះ ចេញមុខ​សុំទោស និង​បង្ហាញ​ការសោកស្ដាយ​យ៉ាងណាក្ដី ក៏​មិនបាន​ធ្វើឱ្យ​សមាជិកសភា​អឺរ៉ុប​ពេញចិត្ត​ដែរ​ផ្ទុយទៅវិញ​ពួកគេ​បាន​ចោទប្រកាន់ លោក Mark Zuckerberg ថា បាន​គេចវេះ​ការឆ្លើយតប​នឹង​សំណួរ។

គួរបញ្ជាក់​ផងដែរ​ថា ក្រោយពី​ទិន្នន័យ​ឯកជន​របស់​អ្នកប្រើប្រាស់​រាប់លាន​នាក់​ត្រូវបាន​បែកធ្លាយ និង​រំលោភបំពាន​នោះ លោក Mark Zuckerberg បានប្រកាសថា នឹង​ជួល​បុគ្គលិក​បន្ថែម​ជាច្រើន​នាក់​ទៀត ដើម្បី​ត្រួតពិនិត្យ​ទៅលើ​ព័ត៌មាន​ក្លែងក្លាយ និង​ដើម្បី​ការងារ​ទិន្នន័យ​សម្ងាត់​របស់​ឯក​ជន៕

Advertisement