Google អាច​ត្រូវ​ប្រឈមមុខ​នឹង​ការផាកពិន័យ​ជា​ទឹកប្រាក់​យ៉ាងធ្ងន់ធ្ងរ

ក្រុមហ៊ុន​ដ៏​ធំ​របស់​អាមេរិក Google អាច​ត្រូវ​ប្រឈមមុខ​នឹង​ការផាកពិន័យ​ជា​ទឹកប្រាក់​យ៉ាងធ្ងន់ធ្ងរ​នៅ​ពាក់កណ្ដាល​ខែកក្កដា​ខាងមុខនេះ ប្រសិនបើ​គណៈកម្មការ​អឺរ៉ុប (EU) រកឃើញថា ក្រុមហ៊ុន​មួយ​នេះ​បាន​ប្រើប្រាស់​នូវ​វិធីសាស្ត្រ​ស្មោកគ្រោក​ក្នុងការ​ប្រូ​ម៉ូត​ប្រព័ន្ធ​ដំណើរការ Android ឱ្យ​ល្បី។

យោងតាម​ការចេញផ្សាយ​របស់ Reuters បានឱ្យដឹងថា EU បានធ្វើការ​ស៊ើបអង្កេត​ទៅលើ​ក្រុមហ៊ុន Google អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ក្នុងករណី​ប្រូ​ម៉ូត​ប្រព័ន្ធ​ដំណើរការ Android ឱ្យ​ល្បី​តាមរយៈ​មធ្យោបាយ​ផ្សេង។

ប្រភព​ដែល​ជិតស្និទ្ធ​នឹង EU បាន​លួច​បង្ហើប​ឱ្យដឹងថា EU បាន​តាមដាន​ទៅលើ​កិច្ចព្រមព្រៀង​រវាង Google និង​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទផ្សេងៗ ដែល​ប្រើប្រាស់​ប្រព័ន្ធ​ដំណើរការ Android ជាពិសេស Google អាច​នឹងត្រូវ​ពិន័យ​ជា​ប្រាក់​ក្នុង​លក្ខខណ្ឌ​ធ្ងន់ធ្ងរ បើសិនជា EU រកឃើញថា Google បាន​ប្រើប្រាស់ Google Search ដើម្បី​ជួយ​ជំរុញ​ឱ្យ Android មាន​ភាពល្បីល្បាញ។

គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន Google ទើបតែ​បញ្ចប់​សំណុំរឿង​ដ៏​ធំ​មួយ​ជាមួយនឹង​តុលាការ​ក្នុងករណី​បិទ និង​ប្រើប្រាស់​ផ្ទាំង​ពាណិជ្ជកម្ម AdSense លើសពី​ច្បាប់​កំណត់ ប៉ុន្តែ​សំណុំរឿង​មួយ​នេះមិនត្រូវ​បាន​គេ​ទម្លាយ​ឱ្យដឹង​លម្អិត​ឡើយ៕

Advertisement