ធនធានមនុស្ស​ផ្នែក​ទេសចរណ៍​បាន​ ក្លាយជា​ប្រធានបទ​សំខាន់​សម្រាប់​កម្ពុជា

ទេសចរណ៍​ជា​ផ្នែក​សំខាន់​មួយ​នៃ​វិស័យ​សេវាកម្ម និង​ត្រូវបាន​គេ​រាប់​ថា​ជា​មាស​បៃតង ឬ​ឧស្សាហកម្ម​ផ្សែង​តិច​បំផុត ដែលមាន​សមត្ថភាព​បង្កើន​ថវិកាជាតិ​យ៉ាងច្រើន​ជា​រៀងរាល់ឆ្នាំ។ ទោះជា​យ៉ាងនេះ​ក្តី វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ត្រូវបាន​គេ​រកឃើញថា​នៅមាន​បញ្ហា​ធនធានមនុស្ស ដែល​ទាមទារ​ឱ្យ​យកចិត្តទុកដាក់​បណ្តុះបណ្តាល​បន្ថែម​ដើម្បី​បំពេញតម្រូវការ​ជាក់ស្តែង​នាពេល​បច្ចុប្បន្ន និង​អនាគត។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែងថា វិស័យ​ទេសចរណ៍​ត្រូវបាន​ពិភពលោក​ចាត់ទុកថា ជា​វិស័យ​ដែលមាន​ភាព​ធន់​នឹង​ហានិភ័យ (resilient) និង​ជា​សសរស្តម្ភ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​សកលលោក។ ទោះបី​ជាមាន​បញ្ហា​អស្ថិរភាព​ក្នុងប្រទេស​មួយចំនួន បញ្ហា​វិបត្តិ​សេដ្ឋកិច្ច និង​បញ្ហា​មួយចំនួនទៀត​លើពិភពលោកក៏ដោយ ក៏​ទេសចរណ៍​នៅលើ​ពិភពលោក​គ្មាន​ការ​ថមថយ ហើយ​រក្សាបាន​នូវ​កំណើន​ដដែល។ ជាក់ស្តែង​នៅ​ឆ្នាំ2017 មាន​ភ្ញៀវទេសចរ​ប្រមាណ 1,323លាន​នាក់​បានធ្វើ​ដំណើរ​ទេសច​រណ៍​លើ​ពិភពលោក​ក្នុង​កំណើន 7% ហើយ​រួមចំណែក​បាន​ប្រមាណ 10% នៃ GDP របស់​ពិភពលោក។ វិស័យនេះ​ក៏បាន​បង្កើត​ការងារ​ជាច្រើន​សម្រាប់​ប្រជាជន​នៅក្នុង​ប្រទេសនីមួយៗលើ​ពិភពលោក។ ហេតុនេះ​យើង​ចាំបាច់​ត្រូវតែ​ពង្រឹងសមត្ថភាព និង​រួមគ្នា​ដាក់ចេញ​គោលដៅ​រួម​ដើម្បី​ជំរុញឱ្យមាន​ការអភិវឌ្ឍ​ជំនាញ​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់​តំបន់ ដើម្បី​ឆ្លើយតប​ជាមួយនឹង​ទីផ្សារការងារ​សកលលោក​ដែល​កំពុងមាន​ការរីក​ចម្រើន។

ឯកឧត្តម ថោង ខុន បាន​មានប្រសាសន៍ថា៖ “កម្ពុជា​ត្រូវការ​អ្នកជំនាញ​ទេសចរណ៍​ជាច្រើន​នាក់​ដើម្បី​ធ្វើ​ការងារ​ក្នុង​វិស័យនេះ​ដូចជា ជំនាញ​បដិ-សណ្ឋារកិច្ច ជំនាញ​ចុងភៅ ជំនាញ​ផ្នែក​សណ្ឋាគារ និង​ជំនាញ​ជាច្រើន​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​នឹង​ទេសចរណ៍”។

ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​ធ្លាប់បាន​បញ្ជាក់​ផងដែរ​ថាកម្ពុជា​ត្រូវការ​ធនធានមនុស្ស​ប្រមាណ​ជាង 1លាន​នាក់​បន្ថែម​ដើម្បី​បំពេញ​ទីផ្សារការងារ​ផ្នែក​ទេស-ចរណ៍ដែលកំពុងតែមានការ​អភិវឌ្ឍ​ខ្លាំង ជាពិសេស​អ្នក​ដែលមាន​ជំនាញ​ទេសចរណ៍​អាស៊ាន។ ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ ក្រសួងទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​សហការ​ចូលរួម​បង្កើត​ការងារ​ផ្ទាល់​ឱ្យបាន​ប្រមាណ 1លាន​នាក់ ហើយ​ត្រូវ​ជំរុញឱ្យមាន​អ្នកជំនាញ​យ៉ាងតិច 50% មាន​វិញ្ញាបនបត្រ ឬ​សញ្ញាបត្រ​បញ្ជាក់​សមត្ថភាព​ស្របតាម​ស្តង់ដារ​ជាតិ និង​អាស៊ាន តាមរយៈ​ការបណ្តុះបណ្តាល ឬ​ការវាយតម្លៃ​សមត្ថភាព។

ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​នេះដែរ ថ្មីៗនេះ​កម្ពុជា​បានរៀបចំ​សន្និសីទ​អន្តរជាតិ​ស្តីពី​កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញទេសចរណ៍​អាស៊ាន ក្រោម​ប្រធានបទ អភិវឌ្ឍន៍​ធនធានមនុស្ស​ដើម្បី​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព។ កម្មវិធី​នេះ​ផ្តោតលើ​ចំណុច​សំខាន់​ចំនួន5គឺ ទី1 បញ្ហា​ប្រឈម​ក្នុង​ការផ្តល់​សេវាកម្ម​ទេស​ចរណ៍​ប្រកបដោយ​គុណភាពនៅក្នុង​បរិបទ​នៃ​ការប្រកួតប្រជែង​ពិភពលោក។ ទី2 ផ្តោតលើ​ការងារ និង​កំណើនសេដ្ឋកិច្ច ដែល​និយាយ​ពី​ការបង្កើត​ឱកាស​ការងារ និង​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចពិភពលោក​ប្រកបដោយ​និរន្តរភាព។ ទី3 កិច្ចព្រមព្រៀង​ទទួលស្គាល់​គ្នា​ទៅវិញ-​ទៅម​កលើ​អ្នកជំនាញ​ទេសចរណ៍​អាស៊ាន (MRA-TP) និង​ក្របខ័ណ្ឌ​គតិយុត្ត​លើ​ផ្នែក​ទេសចរណ៍។ ទី4 គឺ​ការទទួលស្គាល់​គុណវុឌ្ឍិ​អាស៊ាន ជា​គោលដៅ​អនាគត​នៃ​ការបណ្តុះបណ្តាល​ទេសចរណ៍ និង​ទី5 គឺ​កិច្ចពិភាក្សា​អំពី ASEAN MRA-TP វិថី​ឆ្ពោះទៅកាន់​ស្មារតី​នៃ​ការអនុវត្ត​កិច្ចព្រមព្រៀង​ទទួល​ស្គាល់គ្នា​ទៅវិញទៅមក​លើ​អ្នកជំនាញ​អាស៊ាន។

ប្រធាន​ផ្នែក​ស្តង់ដារ និង​វាយតម្លៃ​គ្រូ​បង្គោល​អាស៊ាន លោក ជួប រតនា បាន​លើកឡើងថា ការអប់រំ​ធនធានមនុស្ស​ក្នុង​វិស័យ​ទេសចរណ៍​ជា​រឿង​សំខាន់​សម្រាប់​កម្ពុជា តែ​កម្ពុជា​នៅមាន​ចំណុច​ខ្វះខាត​មួយចំនួន​លើ​បញ្ហា​ធនធានមនុស្ស ដូចជាកង្វះខាត​អ្នកជំនាញ ខណៈ​សាលា​បណ្តុះបណ្តាល​របស់​យើង​នៅមាន​តិចតួច​នៅឡើយ ហើយ​អ្នកធ្វើការងារ​ក្នុង​ផ្នែក​មួយចំនួន​នៃ​វិស័យ​ទេសចរណ៍​មិនទាន់មាន​សញ្ញាបត្រ ឬ​ជា​អ្នក​ដែលមាន​សញ្ញាបត្រ​ផ្សេង។ លោក​បាន​បញ្ជាក់ថា មាន​ប្រធាន​ផ្នែក និង​អ្នកធ្វើការងារ​ក្នុង​វិស័យ​ទេសចរណ៍​ខ្លះគាត់​ផ្លាស់ប្តូរ​ការងារ​ពី​អ្នក​ទីផ្សារ គ្រប់គ្រង ឬ​ផ្នែកផ្សេងៗទៀត ហេតុនេះ​គាត់​ធ្វើ​ការងារ និង​រៀន​ពី​ការងារ​ត​គ្នា។ ជា​ដំណោះស្រាយ ក្រសួង​បាន​សហការ​បង្កើត​សាលា​ជាតិ​ទេសចរណ៍2បន្ថែមទៀត​នៅចុងឆ្នាំ2019 ដើម្បី​ជំរុញ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញដោយផ្ទាល់​នៅក្នុង​ស្ថាប័ន​របស់គាត់​ផ្ទាល់ ហើយចេញ​សញ្ញាបត្រ​ជំនាញ​ជូន​គាត់​ក្រោយ​ពេលដែល​គាត់​មានចំណេះដឹង​ច្បាស់លាស់​លើ​បញ្ហា​នេះ។

លោក ជួប រតនា បាន​និយាយថា៖ “ការបណ្តុះបណ្តាល​លើ​ជំនាញ​ទេសចរណ៍​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ព្រោះ​នៅពេលដែល​និស្សិត និង​យុវជន​កម្ពុជា​ចាប់យក​ជំនាញ​នេះ​ច្រើន​ជា​អាជីព យើង​នឹង​អាចមាន​ធនធាន​គ្រប់គ្រាន់​ក្នុងការ​អភិវឌ្ឍ និងធ្វើការ​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​នានា​បាន​យ៉ាង​មាន​ប្រសិទ្ធភាព”។

គ្រូ​បណ្តុះបណ្តាល​ខាងលើ​បាន​លើកទឹកចិត្ត​ឱ្យ​យុវជន និង​ប្រជាជន​កម្ពុជា​ងាក​ចំណាប់អារម្មណ៍​មក​សិក្សា ឬជ្រើសរើស​ផ្នែក​ទេសចរណ៍​ជា​អាជីព​ដើម្បី​អភិវឌ្ឍ​សមត្ថភាព និង​ជីវភាព​របស់ខ្លួន​ឱ្យ​កាន់តែ​ប្រសើរ និង​ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​សង្គម​ឱ្យមាន​ធនធានមនុស្ស​សម្បូរបែប​ប្រកបដោយ​សមត្ថភាព​ខ្ពស់៕

Advertisement