2ខែ​ទៀតប្រឡង​បាក់​ឌុប​ហើយ តើ​សិស្ស​អាចធ្វើ​អ្វីខ្លះ​ក្នុង​រយៈពេល​នេះ?

ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ជា​ដំណើរ​ឆ្លងកាត់​កម្រិត​ម​ធ្យ​ម​សិក្សា​យ៉ាង​ស្វិតស្វាញ​មួយ ព្រោះ​ជីវិត​ជា​សិស្ស​បឋម និង​មធ្យមសិក្សា​សរុប​រយៈពេល12ឆ្នាំ នឹងត្រូវ​កំណត់​ក្នុង​រយៈពេល​តែ2ថ្ងៃនេះ​ប៉ុណ្ណោះ​ថា តើ​អាច​ឆ្លង​ផុត ឬ​មិន​ផុត?។

ថ្មីៗនេះ ក្រសួង​អប់រំ យុវជន និង​កីឡា​បានប្រកាសថា ដំណើរការ​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​សិក្សា2017-2018 នេះ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី20 – 21 ខែសីហា ខាងមុខនេះ។ បើ​គិត​ទៅ រយៈពេល​នេះ​គឺ​សល់​មិន​ដល់ 2ខែ​ទៀត​នោះទេ ហើយ​វា​ក៏​ជា​ពេល​ល្អ​មួយ​ដែល​សិស្ស​អាច​ចាប់ផ្តើម​ត្រៀមខ្លួន​ឱ្យបាន​ល្អ ឬ​ស្តារ​ស្ថានការណ៍ឡើងវិញ ក្នុង​លក្ខខណ្ឌ​ដែល​មិនសូវ​បាន​ប្រឹងប្រែង ឬ​ធ្វេសប្រហែស​ក្នុង​ឆ្នាំ​សិក្សា​នេះ។

អតីត​សិស្ស​ពូកែ​ទូទាំងប្រទេស​យុវជន សេង វីរៈ​បុត្រ បាន​លើកឡើងថា ​នៅក្នុង​រយៈពេល​នេះ​ជា​ពេលវេលា​ល្អ​មួយ​សម្រាប់​ការ​សង្ខេប​មេរៀន និង​អនុវត្ត​លំ​ហាត់។ ដំណាក់កាល​ជិត​ប្រឡង អាចជា​ដំណាក់កាល​មួយ​ដែល​មេរៀន​ចាប់ផ្តើម​គរ​ខ្លាំង​ហើយ​ប្រសិនបើ​យើង​មិនដឹង​ពិធី​ក្នុងការ​សម្រួល​វា​នោះទេ វា​នឹង​ធ្វើឱ្យ​យើង​មាន​ភាព​រញ៉េរញ៉ៃ ហើយ​មិនដឹង​ចាប់​មេរៀន​មួយណា​មុន។ ស្ថិតក្នុង​ស្ថាន-​ភាពមិន​ស្ងប់ចិត្ត​នេះ យើង​នឹង​អាចមាន​អារម្មណ៍​ថា​ភ័យព្រួយ ហើយ​មិន​អាចមាន​អារម្មណ៍ល្អ​ក្នុងការ​ចងចាំ​មេរៀន រួមទាំង​ការអនុវត្ត​លំ​ហាត់​បានល្អ​នោះទេ ព្រោះ​នៅពេលដែល​មើល​មេរៀន​យើង​នឹក​ឃើញថា​មិនទាន់​ធ្វើ​លំ​ហាត់ ហើយ​ពេលធ្វើ​លំ​ហាត់​នឹង​នឹក​ឃើញថា​មេរៀន​នៅសល់​ច្រើន​មិនទាន់បាន​ចាំ។

យុវជន សេង វីរៈ​បុត្រ បាន​និយាយថា៖ “ការសង្ខេប​មេរៀន ជា​វិធី​មួយ​ក្នុងការ​បង្រួម​មេរៀន​ដែល​រៀន​ពេញ​មួយឆ្នាំ ឬ​ច្រើន​ឆ្នាំ​ឱ្យ​សល់​ត្រឹមតែ​ជា​ចំណុចខ្លឹមៗ ហើយ​ខ្លី​ងាយស្រួល​យល់ និង​ងាយ​ចាំបាន​ល្អ។ នៅពេលដែល​យើង​បាន​ចំណាយ​ពេលវេលា​ក្នុងការ​សង្ខេប​មេរៀន​បានល្អ វា​នឹង​ធ្វើឱ្យ​យើង​មាន​អារម្មណ៍​ថា​កក់ក្តៅ ព្រោះ​មេរៀនសំខាន់ៗទាំងអស់​ត្រូវ​រៀបចំ​យ៉ាង​មាន​លំដាប់លំដោយ”។

យុវជន​ខាងលើ​បានលើកឡើង​ផងដែរ​ថា នៅពេលដែល​យើង​បាន​គ្រប់គ្រង​មេរៀនសំខាន់ៗទាំងអស់​នោះបាន​ហើយ យើង​នឹង​អាចមាន​អារម្មណ៍​ថា​ស្ងប់ចិត្ត ហើយ​អាចមាន​អារម្មណ៍​ចែកពេល​វេលា​ដើម្បី​អនុវត្ត​លំ​ហាត់សំខាន់ៗជាច្រើន​សម្រាប់​ត្រៀមប្រឡង។ នៅ​ជិត​ដល់​ថ្ងៃ​ប្រឡង សិស្ស​គ្រាន់តែ​យក​ឯកសារ​ដែល​បាន​សង្ខេប​នោះមក​រំឭក​លម្អិត និង​អនុវត្ត​លំ​ហាត់​តាម​លំដាប់លំដោយយើង​នឹង​អាច​ចូលរួម​ប្រឡង​បាន​ដោយ​មិនមាន​អារម្មណ៍​ថា​ភ័យ​ខ្លាំងពេក ហើយក៏​អាច​កសាង​ទំនុកចិត្ត​បានល្អ​ដើម្បី​ដោះស្រាយ​សំណួរ និង​លំ​ហាត់​ក្នុង​ការប្រឡង​ប្រកបដោយ​ភាពរលូន​ដែរ។

ស្រប​ជាមួយគ្នានេះដែរ យុវជន ហេង គីម​ហុងសិស្ស​ពូកែ​និទ្ទេស A បាន​ណែនាំ​ថា ក្នុងដំណាក់-កាល​ជិត​ប្រឡង​នេះ សិស្ស​អាច​ប្រមូល​វិញ្ញាសា​ប្រឡងចាស់ៗដែល​គ្រូ​ដាក់ឱ្យ ឬ​លំ​ហាត់​ដែល​ភាគច្រើន​ប្រឡង​ចេញ​កាលពីឆ្នាំមុនៗមក​អនុវត្ត​សាជាថ្មី ដើម្បី​រំឭក​ពីអ្វី​ដែល​បាន​រៀន និង​ដើម្បី​សម្រួច​សមត្ថភាព​ឱ្យបាន​ល្អ​ផងដែរ។ នៅពេលដែល​យើង​បាន​អនុវត្ត​ច្រើន យើង​នឹងមាន​អារម្មណ៍​ថា​យើង​បាន​សាកល្បង​សមត្ថភាព​ប្រឡង​សាកល្បង​ជាច្រើនលើក​ច្រើនសា​រួចរាល់​ហើយ មុនពេល​ថ្ងៃ​ប្រឡង ហេតុនេះ​ដល់​ថ្ងៃ​ប្រឡង​គឺ​គ្មានអ្វី​គួរឱ្យខ្លាច ឬ​គួរឱ្យ​បារម្ភ​នោះទេ តែ​វា​ជា​ថ្ងៃ​ដែល​គួរឱ្យ​រីករាយ​ទៅវិញ​ទេ ព្រោះ​វា​ជា​ថ្ងៃ​ដែល​ត្រូវ​បញ្ចេញ​សមត្ថភាព​ពិតប្រាកដ។

យុវជន ហេង គីម​ហុង បាន​និយាយថា៖ “សូមកុំ​ធ្វើឱ្យ​ខ្លួនឯង​ស្លន់ស្លោ​ជាមួយនឹង​ដំណាក់កាល​ជិត​ប្រឡង តែ​ត្រូវ​រៀបចំខ្លួន​ឱ្យបាន​ល្អ​តាមរយៈ​ការ​សម្រាក​ខួរក្បាល​ឱ្យ​ល្អ ហើយ​អនុវត្ត​លំ​ហាត់ និង​រំឭក​មេរៀន​ជាប្រចាំ ដើម្បី​បង្កើត​ទម្លាប់​ក្នុងការ​អនុវត្ត ដែល​វា​អាចជួយ​ឱ្យ​យើង​អនុវត្ត​បានល្អនៅពេលដែល​ប្រឡង​ពិតប្រាកដ”។

យុវជន​ខាងលើ​បានបង្ហាញ​ផងដែរ​ថា ដើម្បី​ស្វែងរក​ឯកសារល្អៗសម្រាប់​សាកល្បង​សមត្ថភាពសិស្សានុសិស្ស​ដែល​ត្រៀមប្រឡង​មធ្យមសិក្សា​ទុតិយភូមិ អាច​ស្វែងរក​សៀវភៅ​កម្រង​វិញ្ញាសា​ដែល​គេ​ចងក្រង និង​ដាក់​លក់បាន​នៅតាម​បណ្ណាគារ ឬ​ស្វែងរក​ឯកសារ​មួយចំនួន​នៅក្នុង​បណ្តាញ​បច្ចេកវិទ្យា​ជាដើម ព្រោះ​នាពេល​បច្ចុប្បន្ននេះ។

ស្រប​ជាមួយគ្នានេះ​ផងដែរ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បាន​ដាក់ចេញ​នូវ​កម្មវិធី​ទូរស័ព្ទ​ថ្មី​មួយទៀត​ដើម្បី​ជួយដល់​សិស្ស​ត្រៀមប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ឱ្យទទួល​បាន​នូវ​ការពន្យល់ និង​ឯកសារ​ជាច្រើន​សម្រាប់​ប្រឡង​សាកល្បង ដោយ​ប្រើប្រាស់ Smart Phone និង​ដឹង​ពិន្ទុភ្លាមៗក្រោយពេល​តេស្ត​សាកល្បង​នេះ​ថែម​ទៀតផង។ កម្មវិធី​នោះ​មាន​ឈ្មោះថា MoEYS App Scan ដែលមាន​សមត្ថភាព​ក្នុងការ​បង្ហាញ​ពី​រូបភាព វីដេអូ និង​ការពន្យល់​ច្បាស់លាស់ ដោយ​សិស្ស​គ្រាន់តែ​យក​កម្មវិធី​នេះ Scan លើ​រូបភាព​ទាំងអស់​ដែលមាន​នៅលើ​សៀវភៅ​សិក្សា​គោល​សម្រាប់​សិក្សា​របស់​ក្រសួង​លើ​មុខវិជ្ជា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា៕

Advertisement