​ដើម្បីសម្រេចគោលដៅ​អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាត្រូវការអ្នកជំនាញជាច្រើន

ក្រោយពីការពង្រាយសាលារៀននៅតាមមូល-ដ្ឋាន កម្ពុជា​បាន​​បោះជំហានបន្តមួយផ្សេងទៀតទៅតំបន់ជនបទគឺការពង្រាយ​រោងចក្រសហគ្រាសដើម្បីសម្រេចបានតាមគោលដៅអភិវឌ្ឍន៍ស្របតាមគោលនយោបាយ​អភិវឌ្ឍន៍វិស័យឧស្សាហកម្ម​ឆ្នាំ2025។

យុទ្ធសាស្រ្ត​យ៉ាងសំខាន់នេះត្រូវបានអ្នកជំនាញមើលឃើញថា​អាចជួយសង្គមជាច្រើនទាំងផ្នែកម៉ាក្រូសេដ្ឋកិច្ច និងមីក្រូសេដ្ឋកិច្ច ដែលធ្វើឱ្យអ្នករកស៊ី​មានភាពងាយស្រួលបញ្ជ្រាបខ្លួនឱ្យ​បានគ្រប់ទីកន្លែងក្នុងប្រទេស។ នៅពេលដែល​សហគ្រាស និង​ចង្វាក់ផលិតកម្មសំខាន់ៗបានរីកលូតលាស់ទៅដល់តំបន់ជនបទ នោះ​ប្រជាជនដែលមានកម្រិតមធ្យម និងអ្នកដែលទទួលបានការអប់រំខ្ពស់​នៅក្នុងខេត្តនីមួយៗ​នឹង​មានឱកាសចូលរួម​បំពេញវិស័យការងារទាំងអស់នោះ ធ្វើឱ្យគាត់ទទួលបានចំណូលខ្ពស់ ហើយអាចកាត់បន្ថយការចំណាយបានយ៉ាងច្រើន។ នៅពេលដែលកម្រិតជីវភាពរបស់អ្នកមានចំណូលមធ្យមប្រសើរឡើង ចរន្តលុយដែលពួកគេចាយវាយមកវិញ នឹងធ្វើឱ្យ​ទីផ្សារនៅក្នុងប្រទេសលើគ្រប់វិស័យមានការរីកលូតលាស់បានលឿន។ តែទោះជាយ៉ាងនេះក្តី គេសង្កេតឃើញថា​ គោលដៅមួយនេះអាចអនុវត្តបានល្អទៅបានលុះត្រាតែមាន​ធនធានមនុស្សគ្រប់គ្រាន់ និងស្របទៅតាមទីផ្សារការងារនៅថ្ងៃអនាគត។

រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ ស័ក្តិ បានលើកឡើងថា គោលនយោបាយ​អភិវឌ្ឍ​ន៍វិស័យឧស្សាហកម្ម​ គឺផ្តោតសំខាន់​លើការបង្កើតការងារជូនប្រជាជន ជាពិសេស​គឺ​ប្រជាជន​វ័យក្មេង​ដែលមានជំនាញ និងសក្តានុពល​ខ្ពស់ដែលមានសមត្ថភាពចូលរួមក្នុងវិស័យឧស្សាហកម្មទំនើប។ ក្រៅពីនេះ វិស័យបច្ចេកវិទ្យា ព័ត៌មានវិទ្យាក៏មានជាផ្នែកមួយយ៉ាងសំខាន់ដែលកម្ពុជា កំពុងត្រូវការព្រោះបច្ចុប្បន្ននេះវិស័យពាណិជ្ជកម្ម​តាមអេឡិចត្រូនិកក៏កំពុងមានការរីកចម្រើនផងដែរ។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា៖ “កម្ពុជាបានទទួលការវិនយោគ​ពីក្រុមហ៊ុនធំៗជាច្រើនដូចជារោងចក្រផលិតគ្រឿងបន្លាស់រថយន្ត ខ្សែភ្លើង គ្រឿងអគ្គិសនី និងរោងចក្រជាច្រើនផ្សេងទៀតដែលទាមទារឱ្យមានអ្នកជំនាញ​ និង​អាចស្រូបទាញការងារបានយ៉ាងច្រើន”។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងផងដែរថា ដើម្បីសម្រេចគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម​ រដ្ឋាភិបាលត្រូវចំណាយ​ទុនប្រមាណ​ជាង12ពាន់លានដុល្លារ សម្រាប់រយៈពេល 10ឆ្នាំ (2015-2025) ដើម្បីវិនិយោគលើការបណ្តុះបណ្តាលវិជ្ជាជីវៈ និងហេដ្ឋារចនាសម្ព័ន្ធនានាដែលគាំទ្រដល់វិស័យឧស្សាហកម្ម។ ដោយក្នុងនោះ កម្ពុជាក៏នឹងបង្កើត​តំបន់​ចង្កោមសហគ្រាសធុនតូច និងមធ្យម​ដើម្បីជំរុញឱ្យ​វិស័យឧស្សាហកម្ម​ទាំងខ្នាតតូច និងខ្នាតធំកាន់តែមានល្បឿនខ្លាំងឡើង។

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ ជួនណារ៉ុន បានលើកឡើងថា ​រដ្ឋាភិបាល​បានដាក់ចេញនូវគោលនយោបាយ​អប់រំមុខវិជ្ជា វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា​ (STEM) ដើម្បី​ចូលរួមចំណែកឆ្លើយតបជាមួយនឹងទីផ្សារការងារក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា។ STEM ជាផ្នែកយ៉ាងសំខាន់មួយដែលមានតម្រូវការទីផ្សារខ្ពស់​នៅកម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគត។ ហើយ​ជំនាញនេះ​ក៏មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច ឧស្សាហកម្មនិងកសិ-ឧស្សាហកម្មនៅកម្ពុជា។

ឯកឧត្តម ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា ៖ “បច្ចុប្បន្ននេះកម្ពុជា​បានព្យាយាម​ជំរុញឱ្យមុខវិជ្ជា STEM ស្ថិតក្នុងចំណាប់អារម្មណ៍របស់សិស្សហើយជ្រើសរើសមុខវិជ្ជានេះ​សម្រាប់ជាអាជីពនៅថ្ងៃអនាគត។ ក្រសួងអប់រំ បានរៀបចំកម្មវិធីជារៀងរាល់ឆ្នាំដើម្បីបំផុសឱ្យ​យុវជន​មើលឃើញពីគុណសម្បត្តិរបស់មុខវិជ្ជា STEM ហើយគិតថា​វាជាមុខវិជ្ជាដែល​អាចជួយពួកគេ និងសង្គមបានយ៉ាងប្រសើរ”។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងផងដែរថា ទោះបីជាយ៉ាងនេះក្ តីកម្ពុជា​ក៏នៅមានបញ្ហាប្រឈមមួយចំនួនដែរ ដែលយើងកំពុងដោះស្រាយដើម្បីឱ្យគុណភាពអប់រំឆ្លើយតបជាមួយនឹងទីផ្សារការងារដែលកំពុងត្រូវការ។ បញ្ហាទាំងអស់នោះមានដូចជា​វិសមភាពនៃសិស្សដែលចេញពីសាលា មិនត្រូវគ្នាជាមួយទីផ្សារការងារជាក់ស្តែង បញ្ហាហេដ្ឋារចនាសម្ព័ន្ធនៅតាមទីជនបទ បញ្ហាសម្ភារបរិក្ខារពិសោធន៍ និង​បញ្ហាស្តង់ដារគ្រូបង្រៀន​ជាដើម។

ជាដំណោះស្រាយនៃបញ្ហាទាំងអស់នេះក្រសួងអប់រំ បាន​ពង្រឹងការបណ្តុះបណ្តាលសមត្ថភាពគ្រូបង្រៀន​ និងកែលម្អឡើងវិញនូវសៀវភៅសិក្សាដើម្បីឱ្យស្របតាមកម្មវិធីសិក្សាថ្មី។ ​លើសពីនេះទៅទៀត​ក្រសួងក៏បាន​បង្កើត​សាលាជំនាន់ថ្មី​ដើម្បីផ្តល់ឱ្យសិស្សនូវបច្ចេកវិទ្យាទំនើបសម្រាប់សិក្សាលើវិស័យ​ STEM នេះឱ្យដល់​គ្រប់ខេត្តក្រុងនៅកម្ពុជា។​ ហើយក្នុងមួយឆ្នាំកម្ពុជា​បានវិនិយោគទឹកប្រាក់ជាច្រើនសម្រាប់ការ​ជំរុញលើវិស័យនេះឱ្យរីកដុះដាលខ្លាំងដោយ​ក្នុងនោះយើងធ្វើការជួសជុល សាងសង់បន្ទប់ពិសោធន៍ បំពាក់កំុព្យូទ័រ និងឧបករណ៍បច្ចេកទេសជាច្រើនផ្សេងទៀតដើម្បីឱ្យសិស្សបានស្វែងយល់ និងចាប់អារម្មណ៍លើមុខវិជ្ជាដែលមានសារៈសំខាន់ទាំងអស់នេះ៕

Advertisement