កម្មវិធី​ផ្លាស់ប្តូរ​យុវជន​នៅ​ប្រទេស​ជប៉ុន JENESYS បានមក​ដល់​ទៀតហើយ​សម្រាប់​និស្សិត​កម្ពុជា

ស្ថានទូត​ជប៉ុន​បាន​សហការ​ជាមួយនឹង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា-ជប៉ុន (CJCC) នឹង​រៀបចំ​ការជ្រើសរើស​បេក្ខជន​ចំនួន 20រូប​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​ផ្លាស់ប្តូរ​យុវជន JENESYS 2018 រយៈពេល 1សប្ដាហ៍​នៅ​ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃទី22 ដល់29 ខែមករា ឆ្នាំ2019ខាងមុខ។

បេក្ខជន​ដែល​អាចដាក់​ពាក្យ​បាន គឺ​ចាំបាច់​ត្រូវតែ​ជា​និស្សិត​ឆ្នាំ​ទី3 នៅ​គ្រប់​សាកលវិទ្យាល័យ​ទាំងអស់​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បេក្ខជន​ត្រូវ​មក​ដាក់ពាក្យ​ដោយមាន​សមាជិក​ចំនួន 4នាក់ ឱ្យបាន​ត្រឹម​ថ្ងៃទី 7 ខែកញ្ញា ឆ្នាំ2018ខាងមុខនេះ។ ចំពោះ​ការប្រកាស​លទ្ធផល ស្ថានទូត​ជប៉ុន​នឹង​ប្រកាស​ឱ្យដឹង​នៅ​ថ្ងៃទី 28 ខែកញ្ញា​សម្រាប់​អ្នក​ជាប់​វគ្គ​ដំបូង​ចំនួន 48នាក់ ដើម្បី​ចូលរួម​ប្រកួត​ផ្តាច់ព្រ័ត្រ។ បេក្ខជន​ដែល​ជាប់​វគ្គ​ដំបូង​ត្រូវធ្វើ​បទ​បង្ហាញ​ជា​ក្រុម​ក្រោម​ប្រធានបទ “អនាគត​កម្ពុជា 30ឆ្នាំក្រោយ” ជា​ភាសា​ខ្មែរ​នៅ​ថ្ងៃទី25 ខែតុលា ឆ្នាំ2018 ម៉ោង2រសៀល​នៅ CJCC។

ដើម្បី​ដាក់ពាក្យ​ចូលរួម​ប្រកួត បេក្ខជន​ក្នុង​ក្រុមនីមួយៗត្រូវតែមាន​សញ្ជាតិ​ខ្មែរ មាន​ទីលំនៅ​អចិន្ត្រៃយ៍​នៅ​កម្ពុជា មាន​អាយុ​ពី 18ឆ្នាំ ដល់ 25ឆ្នាំ គិត​ត្រឹម​ថ្ងៃទី29 ខែមករា ឆ្នាំ2018។ បេក្ខជន​មិន​ធ្លាប់​ទៅ​ប្រទេស​ជប៉ុន និង​មិនមាន​គម្រោង​ទៅ​បន្ត​ការសិក្សា ឬ​ចូលរួម​វគ្គ​បណ្តុះបណ្តាលផ្សេងៗនៅ​ប្រទេស​ជប៉ុន​គិត​ត្រឹម​ថ្ងៃទី31 ខែមីនា ឆ្នាំ2019។

បេក្ខជន​ត្រូវតែ​សហការ​ឆ្លើយ​កម្រង​សំណួរផ្សេងៗអំឡុងពេល​ចូលរួម​កម្មវិធី និង​ក្រោយ​បញ្ចប់​កម្មវិធី​ព្រមទាំង​ត្រូវធ្វើ​ការចែករំលែក និង​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ប្រទេស​ជប៉ុន និង​បទពិសោធ​នៃ​ការចូលរួម​កម្ម​វី​ធី​នេះ​តាមរយៈ​បណ្តាញ​សង្គមផ្សេងៗ ដូចជា​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ជាដើម៕

Advertisement