កុំ​បារម្ភ​រឿង​អត់​ការងារ​ធ្វើ តែ​គួរ​​ពង្រឹងសមត្ថភាព​ឱ្យ​ឆ្លើយតប​នឹង​ទីផ្សារការងារ

គ្មាន​ខ្សែ​មិនអាច​រក​ការងារ​ធ្វើបាន រៀន​ហើយ​ខ្លាច​មិនបាន​ប្រាក់ខែ​ច្រើន ឬ​មនុស្ស​ច្រើនណាស់​រក​ការងារ​មិនបាន​ធ្វើ ជា​អ្វីដែល​យុវជន​ជាច្រើន​កំពុង​បារម្ភ និង​មាន​ភាពស្ទាក់ស្ទើរ​ក្នុង​ការបន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ ជាពិសេស​គឺ​សិស្ស​មកពី​បណ្តា​ខេត្ត​នានា។

លោក ងួន ប៊ុន​និ​ត អគ្គនាយក​ក្រុមហ៊ុន​ធនធានមនុស្ស Idea plus បាន​លើកឡើងថា​ មុននឹង​ដើរចូល​មហាវិទ្យាល័យ និស្សិត​មួយចំនួន​មិនទាន់​ដឹងថា​ខ្លួន​ចង់បាន​អ្វី​ពិតប្រាកដ ខណៈ​អ្នក​ខ្លះទៀត​បារម្ភ​ខ្លា​ចរក​ការងារ​ធ្វើ​មិនបាន ហើយ​មិន​ហ៊ាន​សម្រេចចិត្ត​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ។ តាមពិត​យុវជន ឬ​ជា​សិស្ស​-និស្សិត​មិនគួរ​បារម្ភ​ខ្លាំងពេក​ទេ​ថា​គ្មាន​ការងារ​ធ្វើ ព្រោះ​មាន​ក្រុមហ៊ុន​ជាច្រើន​កើត​ឡើងជា​រៀងរាល់ថ្ងៃ ហើយ​ម្ចាស់​ក្រុមហ៊ុន​ទាំងអស់នោះ​ពេលខ្លះ​ក៏​កំពុង​តែមាន​បញ្ហា​រក​បុគ្គលិក​ធ្វើការ​មិនបាន​ផងដែរ។ អ្វីដែល​យុវជន​ត្រូវធ្វើ​គឺ​សិក្សា​ឱ្យបាន​ច្បាស់លាស់​ពី​ចំណង់​ចំណូលចិត្ត​ពិតប្រាកដ​របស់ខ្លួន និង​តម្រូវការ​ទីផ្សារ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​ឱ្យស្រប​ទៅនឹង​ទីផ្សារការងារ​ជាក់ស្តែង​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់។ ការជ្រើសរើស​ជំនាញ​ត្រឹម​ត្រូវជា​ចំណុច​វិជ្ជមាន​ក្នុង​ការជំរុញឱ្យ​សិស្ស​ក្លាយជា​អ្នកមាន​អាជីព​ច្បាស់លាស់ ព្រោះ​នៅពេលដែល​យើង​មាន​សមត្ថភាព​ច្បាស់លាស់ នឹងមិន​ខ្វះ​ទេ​ស្ថាប័ន​ដែល​គេ​ចង់បាន ហើយ​កុំ​បារម្ភ​ឱ្យសោះ​ពី​បញ្ហា​គ្មាន​ការងារ​ធ្វើ។

លោក ងួន ប៊ុន​និ​ត បាន​និយាយថា៖ “យុវជន​បច្ចុប្បន្ន មិនទាន់មាន​ចំណេះដឹង​ទូលំទូលាយ​នៅឡើយ​ពី​ការជ្រើសរើស​ជំនាញ​សិក្សា ហើយ​ស្គាល់​ជំនាញ​តិច ដែល​ធ្វើឱ្យ​គាត់​ជ្រើសរើស​ ជំនាញដដែលៗ និង​ពេលខ្លះ​ក៏​ជ្រើសរើស​ប៉ះ​ជំនាញ​ដែល​គេ​មិនសូវមាន​ទីផ្សារ ដែល​ធ្វើឱ្យ​ពួកគាត់​រក​ការងារ​មិនបាន​ធ្វើ”។

អ្នកជំនាញ​ទីផ្សារ​ខាងលើ​បានលើកឡើង​ផងដែរ​ថា មុននឹង​ទទួលបាន​ការងារ​លុះត្រា​តែ​យើង​មាន​សមត្ថ​ភាពខ្លាំង​ជាមុនសិន ហេតុនេះ​ប្រសិនបើ​យើង​រវល់​តែ​ខ្វល់ខ្វាយ​ពី​បញ្ហា​គ្មាន​ការងារ​ធ្វើ ហើយ​មិន​ព្រម​ប្រឹងប្រែង នោះ​ច្បាស់​ណាស់​ថា​ យើង​មិនអាច​ស្វែងរក​ការងារ​បាន។ ហេតុនេះ​សូម​ពង្រឹងសមត្ថភាព​ឱ្យ​ខ្លាំង​ជាមុនសិន ហើយ​ព្យាយាម​ស្វែងយល់​ឱ្យ​ស៊ីជម្រៅ​ពី​ជំនាញ​ដែល​គេ​ត្រូវការ​នៅ​ថ្ងៃ​អនាគត ដូចជា​ការសិក្សា​លើ​ជំនាញ​បច្ចេកទេស ឬ​ចាប់យក​ជំនាញ​ទៅតាម​វិស័យ​ដែល​កំពុងមាន​ការអភិវឌ្ឍ​ខ្លាំង ហើយ​ត្រូវការ​មនុស្ស​ជា​ចាំបាច់។ តែ​ទោះជា​យ៉ាងណាក៏ដោយ ការជ្រើសរើស​ជំនាញ​ដែល​ត្រូវ​តាម​ទីផ្សារ ក៏​ចាំបាច់​ទាល់តែ​ជំនាញ​នោះ​យើង​ពេញចិត្ត​ដែរ ព្រោះ​ប្រសិនបើ​យើង​គិតតែ​ទីផ្សារ ហើយ​យើង​គ្មាន​ទេពកោសល្យ​សោះ ក៏​យើង​មិនអាច​ក្លាយជា​អ្នកខ្លាំង​បានដែរ។

ការហាត់រៀនក្រៅម៉ោងសិក្សាក៏ធ្វើឱ្យសិស្សមានសមត្ថភាពខ្លាំងដែរ

ស្រប​ជាមួយគ្នា​ដែរ បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ លោក ឈឹម សុ​ភី ដែលជា​អ្នកមាន​បទពិសោធ​ធ្វើ​ការងារ​តាំងពី​នៅ​សិក្សា​មហាវិទ្យាល័យ និង​ច្រើន​វិស័យ​នោះ បាន​លើកឡើងថា និស្សិត​ជាច្រើន​តែងតែ​បានឃើញ​សិស្ស​ច្បង​មួយចំនួន ឬ​អ្នក​ស្គាល់គ្នា​ក្នុង​តំបន់​របស់គាត់​មិនមាន​ការងារ​ធ្វើ ឬ​ធ្វើ​ការងារ​មិនត្រូវ​ជំនាញ ច្រើនជាង​អ្នក​ដែលមាន​ការងារ​ល្អ​ធ្វើធ្វើឱ្យ​ពួកគាត់​វាយតម្លៃថា​ទីផ្សារការងារ​មាន​លក្ខណៈ​ចង្អៀត ឬ​ចាំបាច់​ទាល់​តែមាន​ខ្សែ​ជាដើម​ទើប​អា​ចរក​ការងារ​ល្អ​បានធ្វើ។ តាមពិតទៅ ស្ថានភាព​ជាក់ស្តែង​នៃ​ពិភព​ការងារ​មិន​ចង្អៀត​ខ្លាំងពេក​ដូច​ពួកគាត់​ធ្លាប់​គិត​នោះទេ។ រូបភាព​ដែល​ពួកគាត់​ធ្លាប់​ឃើញ​នោះ​គឺអាច​មកពី​បញ្ហា​សង្គម​មួយចំនួន​ដែល​នៅ​ហ៊ុមព័ទ្ធជុំវិញ​បញ្ហា​អប់រំ និង​ការងារ។ ជា​ឧទាហរណ៍និស្សិត​កាលពី​ប៉ុន្មាន​ឆ្នាំមុន​មិនសូវ​ខ្វល់​ច្រើន​ពី​ការងារ​ស្ម័គ្រចិត្ត ឬ​ចាប់អារម្មណ៍​លើ​ការធ្វើការងារ​ដោយ​ចាប់ផ្តើម​ពី​ប្រាក់ខែ​តិចតួច​នោះទេ ខណៈ​អ្នកខ្លះ​ក៏​សំដៅ​ប្រាថ្នា​ចង់បាន​ការងារ​រដ្ឋ ដែល​ធ្វើឱ្យ​គាត់​នៅ​រង់ចាំ​ឱកាស​ទាំងអស់នោះ​ជាច្រើន​ឆ្នាំ ខណៈ​ក្រុមហ៊ុន​ឯកជន​ជាច្រើន​កំពុង​ត្រូវការ​អ្នក​ដែលមាន​សមត្ថភាព​បម្រើ​ការងារ តែ​រកម​នុស្ស​ដែលមាន​បទពិសោធធ្វើ​ការងារ​មិនបាន។

លោក ឈឹម សុ​ភី បាន​និយាយថា៖ “កុំ​ខ្វល់​ច្រើនពេក​ថា​អត់​ការងារ​ធ្វើ បើទោះបីជា​សិស្ស​ដែល​ទើបនឹង​ប្រឡង​បាក់​ឌុប​ចប់ថ្មីៗមិន​ទទួលបាន​ពិន្ទុ​ខ្ពស់ ឬ​មិនទាន់​ខ្លាំង​ក៏ដោយ ក៏​មិនទាន់​ហួសពេល​នៅឡើយ​ដែរ ព្រោះ​យើង​នៅសល់​ពេល4ឆ្នាំ​ទៀត។ កុំ​រារែក ហើយ​ខ្លាច​ការខិតខំ​ប្រឹងប្រែង ព្រោះ​ពិភព​ការងារ​ជាក់ស្តែង​វា​មិន​លំបាក​ដូច​ក្នុង​សាលា​នោះទេ”។

បុគ្គលិក​ដែល​ប្រឡូក​ការងារ​ច្រើន​វិស័យ​ខាងលើ​បានលើកឡើង​ផងដែរ​ថា ការងារ​មិន​ខ្វះ​ទេ តែ​អ្វីដែល​លំបាក​គឺ​រក​ខ្លួនឯង​ឱ្យឃើញថា តើ​យើង​ចង់​ធ្វើ​អ្វី​ឱ្យ​ពិតប្រាកដ ហើយ​ការងារ​ប្រភេទ​ណា​ដែល​ពិតជា​ជំរុញ​ជីវិត​ឱ្យ​យើង​មាន​ភាព​រីករាយ និង​មាន​ថាមពល​ខ្លាំង​មិន​នឿយណាយ។ ការងារ​មួយចំនួន​វា​អាច​មិនត្រូវ​នឹង​ជំនាញ​របស់​យើង​ទាំងស្រុង​នោះទេ តែ​យើង​អាច​រៀន​ពី​វា​បាន ហេតុនេះ​ការចូល​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​តូច​មួយ​ប៉ុណ្ណោះ​សម្រាប់​ការអភិវឌ្ឍ​ខ្លួនឯង​ពេញ​មួយជីវិត។ ឱ្យតែ​មានការ​តាំងចិត្ត​ខ្ពស់ ហើយ​ហ៊ាន​អភិវឌ្ឍ​ខ្លួនឯង ភាព​ថ្កុំថ្កើង នឹង​នៅ​ជាមួយ​យើង ហេតុនេះ​សូម​ក្លាហាន​ស្វែងរក​អ្វីដែល​ខ្លួន​ស្រឡាញ់​ពិតប្រាកដ ហើយ​ជ្រើសរើស​មុខវិជ្ជា​នោះ​ដើម្បី​ចាប់ផ្តើម មុននឹង​ឈានដល់​ការ​ប្រឡូក​ក្នុង​ពិភព​ការងារ​ហាត់​ការ ឬ​ស្វែងរក​បទពិសោធ ដើម្បី​ពង្រឹង​អាជីព​នា​ថ្ងៃ​អនាគត៕

Advertisement