កូនញៀនជាមួយនឹងឧបករណ៍អេឡិចត្រូនិក គួរដោះស្រាយយ៉ាងណា?

នា​ពេល​បច្ចុប្បន្ន​នេះ​ កុមារ​ជាច្រើន​បាន​ញៀន​ជាមួយនឹង​ឧបករណ៍​អេឡិចត្រូនិក​ ដែល​ធ្វើ​ឱ្យ​អាណាព្យាបាល​មានការ​ព្រួយបារម្ភ​ពីអ​នាគ​តកូន​ៗរបស់​ពួកគាត់​ ដែល​មិន​អាច​ដកខ្លួន​រួចពី​ឧបករណ៍​ទាំងអស់​នោះ​ ធ្វើ​ឱ្យ​ភាព​ស្និទ្ធស្នាល​រវាង​ឪពុក​ម្តាយ​ និង​កូន​ៗកាន់តែ​ថយ​ចុះ​ទៀតផង​។

ដំណោះស្រាយ​ទាំងអស់​នេះ​ត្រូវ​បាន​គេហទំព័រ​ Telegraph​ ដកស្រង់​សម្តី​អ្នកស្រាវជ្រាវ​ឈ្មោះ​ Catherine​ Steiner​ Adair​ នៃ​មហាវិទ្យាល័យ​សុខាភិបាល​នៃ​សាកល​វិទ្យាល័យ​ Harvard​ ថា​ ក្មេង​ជា​វ័យ​ដែល​ចូលចិត្ត​ និង​ស្វែងយល់​គ្រប់យ៉ាង​តាមរយៈ​ការ​លេង​ ហេតុនេះ​នៅពេល​ដែល​អាណាព្យាបាល​មិន​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​លេង​ជាមួយ​កូន​ ស្រប​ពេល​ដែល​បច្ចេកវិទ្យា​កំពុង​សម្បូរ​បែប​អាច​ធ្វើ​ឱ្យ​ក្មេង​ងាក​ទៅ​ប្រើប្រាស់​បច្ចេកវិទ្យា​ច្រើនជាង​នៅជា​មួយ​គ្រួសារ​។ ជា​ដំណោះស្រាយ​សម្រាប់​បញ្ហា​នេះ​ អាណាព្យាបាល​គួរ​ចំណាយពេល​វេលា​ឱ្យ​បាន​ច្រើន​ដើម្បី​នៅជា​មួ​យកូនៗ​ ហើយ​ចំណាយពេល​ឱ្យ​បាន​ច្រើន​ដើម្បី​នាំ​កូន​ទៅ​កម្សាន្ត​នៅកន្លែង​ទាំងឡាយ​ណា​ដែល​មិនមែន​ជា​ការ​លេង​ឧបករណ៍​អេឡិចត្រូនិក​ ដូចជា​ការ​លេង​កីឡា​ ការ​គូរគំនូរ​ ដើរ​ទិញ​សៀវភៅ​ ឬការកម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ជាដើម​។

ចំណុច​សំខាន់​មួយទៀត​ផង​ដែរ​ អាណាព្យាបាល​គួរ​សាកល្បង​ឧស្សាហ៍​ផ្តល់​រង្វាន់​ឱ្យ​កូន​នៅពេល​ដែ​លកូនៗ​បាន​ចំណាយពេល​វេលា​ច្រើន​បំផុត​ដើម្បី​អាន​សៀវភៅ​ ឬបង្កើត​អ្វី​ដែល​ថ្មី​ដោយខ្លួនឯង​ដើម្បី​ឱ្យ​គេ​សប្បាយរីករាយ​ជាមួយនឹង​ការ​ច្នៃប្រឌិត​។

ទន្ទឹម​នឹង​នេះ​អាណាព្យាបាល​អាច​ស្វែងរក​ពេល​យ៉ាងហោចណាស់​មួយ​ម៉ោង​ដើម្បី​សាកសួរ​ពី​អ្វី​ដែ​លកូនៗ​បាន​ធ្វើ​ ឬចំណុច​ល្អ​ដែលគេ​ចង់​អួត​ប្រាប់​មនុស្ស​ធំ​ ហើយ​ចេះ​សរសើរ​ និង​បញ្ចូល​នូវ​រឿង​កំប្លែង​សប្បាយ​តែ​បង្កប់​ដោយ​ន័យ​អប់រំ​ដល់​ពូក​គេ​។ នៅពេល​ដែល​ក្មេង​សប្បាយ​ច្រើន​ជាមួយនឹង​ក្រុម​គ្រួសារ​ ការ​ញៀន​ល្បែង​អ៊ី​នធើ​ណេត​ និង​ឧបករណ៍​អេឡិចត្រូនិក​ក៏អាច​កាត់បន្ថយ​បាន​ដូចគ្នា​។

សម្រាប់​អ្នក​ដែល​មានកូន​ញៀន​ជាមួយនឹង​ឧបករណ៍​អេឡិចត្រូនិក​រួច​ទៅ​ហើយ​ សូម​អាណាព្យាបាល​ទាំងអស់​កុំ​បង្អាក់​កូន​ដោយ​ការ​ដាក់​ពិន័យ​ ឬគំរាម​កូន​កុំឱ្យ​លេង​ ព្រោះ​ការ​ធ្វើបែប​នេះ​អាច​ប៉ះពាល់​ដល់​ផ្លូវចិត្ត​ក្មេង​រហូតដល់​ធ្វើ​ឱ្យ​ពួកគេ​ស្អប់​ឪពុក​ម្តាយ​ ឬក្លាយជា​មនុស្ស​ហិង្សា​បាន​។ ដំណោះស្រាយ​ដែល​ល្អ​ អ្នក​អាច​សាក​ល្បង​បង្វែ​នូវ​ល្បែង​ដែលគេ​ធ្លាប់​លេង​ដោយ​គ្មាន​ប្រយោជន៍​ ហើយ​ណែនាំ​នូវ​ល្បែង​ជក់​ចិ​ត្ត​ផ្សេង​ៗទៀត​ដែល​មានប្រយោជន៍​សម្រាប់​ការអប់រំ​។

ដំណាក់កាល​នេះ​ ជា​ស្ថានភាព​ពិបាក​បន្តិច​ ព្រោះ​ក្មេង​អាច​នឹង​ងាក​មកលេង​ល្បែង​ដែលគេ​ពេញចិត្ត​ ហើយក៏​អាច​មិន​ងាយ​បញ្ឈប់​សកម្មភាព​បាន​នោះ​ទេ​ តែ​ទោះជាយ៉ាងណា​ក៏​វា​អាច​ជួយ​ជំរុញ​ក្មេង​ឱ្យ​ដើរ​ផ្លូវត្រូវ​មួយ​ដំណាក់កាល​ផង​ដែរ​មុននឹង​ពត់​ពួកគេ​ឱ្យ​នៅ​កាន់តែ​ឆ្ងាយ​ពី​ឧបករណ៍​អេឡិចត្រូនិក​។

បន្ទាប់ពី​អាច​ណែនាំ​ក្មេង​ឱ្យ​ងាក​មកលេង​ល្បែង​ដែល​មានប្រយោជន៍​ហើយ​ អាណាព្យាបាល​គួរ​ព្យាយាម​សង្កេត​ពី​ម៉ោង​ពេល​ដែ​លកូនៗ​ចូលចិត្ត​លេង​ឧបករណ៍​អេឡិចត្រូនិក​ជាងគេ​ ដែល​ភាគច្រើន​ជា​ពេលល្ងាច​ (ចន្លោះ​ពី​ម៉ោង​ ៤ល្ងាច​-ម៉ោង៦ល្ងាច​) ក្រោយពេល​បាយ​ថ្ងៃហើយ​ និង​ពេលយប់​។ អ្នក​អាច​រើស​ម៉ោង​ណាមួយ​ដែល​កូន​ចូលចិត្ត​លេង​បំផុត​ ឬតែងតែ​នឹកឃើញ​ពី​ឧបករណ៍​អេឡិចត្រូនិក​ ដើម្បី​បបួល​ពួកគេ​មើល​រឿង​ដែលគេ​ចូលចិត្ត​បំផុត​។

ក្រៅពី​នេះ​ អាណាព្យាបាល​គួរ​ស្វែងយល់​ផង​ដែរ​ពី​ចំណង់​ចំណូលចិត្ត​របស់​កូន​ និង​អ្វី​ដែលគេ​ចង់បាន​។ នៅពេល​ដែល​បានដឹង​ច្បាស់​ហើយ​ អ្នក​អាច​សាកល្បង​នាំ​ពួកគេ​ទៅ​ទិញ​របស់​ដែលគេ​ចង់បាន​នៅក្នុង​ម៉ោង​ដែលគេ​តែងតែ​លេង​ឧបករណ៍​អេឡិចត្រូនិក​ទាំងអស់​នោះ​ ឬបង្រៀន​កូន​ៗឱ្យ​ចេះ​លេង​នូវ​ល្បែង​កម្សាន្ត​ដែល​អាច​ធ្វើ​ឱ្យ​ក្មេង​រីករាយ​ ហើយ​ប្តូរ​ម៉ោង​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ដល់​ពួកគេ​ដើម្បី​កាត់បន្ថយ​ចំណង់​បន្តិច​ម្តង​ៗរហូតដល់​អ្នក​អាច​គ្រប់គ្រង​បាន​ទាំងស្រុង​នៅទីបំផុត​៕

Advertisement