ជ្រើសរើស​ជំនាញ​ខុស​ ​មិន​ត្រឹមតែ​ផ្តល់​ហានិភ័យ​ដល់​ខ្លួនឯង​ប៉ុណ្ណោះទេ​ ​តែ​អាច​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សង្គម​ទៀតផង​

ថ្វី​ដ្បិតតែ​ការ​ជ្រើសរើស​អាជីព​ការងារ​ជាផ្នែក​មួយ​នៃ​ជីវិត​ឯកជន​របស់​មនុស្ស​ម្នា​ក់ៗ​ក៏ដោយ​ ​តែ​វា​ក៏អាច​ជះ​ផល​អវិជ្ជមាន​ដល់​សង្គម​បាន​ដែរ​ ​ព្រោះ​មនុស្សជា​កោសិកា​សំខាន់​មិន​អាច​ខ្វះ​បាន​របស់​សង្គមជាតិ​។​ ​


​លោក​ ​តែ​ ​ឡាយ​ ​ប្រធាន​នាយកដ្ឋាន​អប់រំ​នៃ​ក្រុមហ៊ុន​ ​វេស​ឡាញ​ ​អេ​ឌ្យូ​ខេ​សិន​ ​គ្រុប​ ​បាន​លើកឡើង​ថា​ ​ការ​ជ្រើសរើស​ជំនាញ​សិក្សា​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​យុវវ័យ​ ​និង​សង្គម​ ​ព្រោះ​ប្រសិនបើ​យើង​ជ្រើសរើស​ជំនាញ​មិនបាន​ត្រឹមត្រូវ​នោះ​ ​យើង​នឹង​មិន​អាច​អភិវឌ្ឍ​សមត្ថភាព​វិជ្ជាជីវៈ​បាន​ល្អ​នោះ​ទេ​។​ ​កត្តា​ទាំងអស់​នេះ​ ​ធ្វើ​ឱ្យ​និស្សិត​ទាំងអស់​នោះ​ចេញពី​សាលា​មក​ ​មិន​អាចប​ង្កើត​ផលិតភាព​ការងារ​បាន​ល្អ​នៅក្នុង​ទីផ្សារ​ការងារ​នោះ​ទេ​ ​ដែល​ធ្វើ​ឱ្យ​យើង​ត្រូវ​បាត់បង់​ឱកាស​ក្នុង​ការប្រកួត​ប្រជែង​ជាមួយ​ធនធានមនុស្ស​នៃ​ប្រទេស​ក្នុង​តំបន់​ ​ជាពិសេស​គឺ​ក្នុង​សតវត្សរ៍​ទី21​ ​ដែល​ពោរពេញ​ដោយ​ការប្រកួត​ប្រជែង​ខ្លាំង​នេះ​។​ ​

លោក​ ​តែ​ ​ឡាយ​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​យុវជន​បច្ចុប្បន្ន​មានសំណាង​ជាង​យុវជន​កាលពីមុន​ ​ដែល​មិន​មាន​វគ្គ​តម្រង់​ទិស​ការងារ​ ​ឬ​ណែនាំ​ឱ្យ​ជ្រើសរើស​ជំនាញ​សិក្សា​ត្រឹមត្រូវ​នោះ​ទេ​ ​ដែល​ធ្វើ​ឱ្យ​ពួកគេ​ប្រឈម​នឹង​បញ្ហា​ច្រើន​»​។​ ​

​អ្នកអប់រំ​ខាងលើ​បាន​លើកឡើង​ផង​ដែរ​ថា​ ​ទោះជា​យ៉ាងនេះ​ក្តី​ ​ក៏​យុវជន​ចាំបាច់​ត្រូវការ​យកចិត្ត​ទុកដាក់​លើ​ការ​ស្វែងយល់​ពី​ព័ត៌មាន​ជា​មូលដ្ឋាន​ឱ្យ​បាន​ច្បាស់លាស់​ដើម្បី​សម្រេចចិត្ត​ត្រឹមត្រូវ​ក្នុង​ការ​ជ្រើសរើស​អាជីព​ការងារ​ ​ព្រោះ​មនុស្សយើង​ម្នា​ក់ៗ​កើតមក​មានឱកាស​ជោគជ័យ​តែ​ ​50​%​ ​ប៉ុណ្ណោះ​ពី​ទេពកោសល្យ​ផ្ទាល់ខ្លួន​ ​ក្រៅពី​នេះ​ ​50​%​ ​ទៀត​ ​គឺ​កើត​ចេញពី​ការ​បណ្តុះបណ្តាល​ក្នុង​សាលារៀន​ ​គ្រួសារ​ ​និង​សង្គម​។​ ​ហេតុនេះ​ហើយ​ទើប​សាលារៀន​វេស​ឡា​ញន៍​បាន​រៀបចំ​កម្មវិធី​តម្រង់​ទិស​អាជីព​ការងារ​ ​ដើម្បី​ជួយ​សិស្ស​ឱ្យ​បាន​យល់​ពី​វិធី​សាស្រ្ត​ក្នុង​ការ​ជ្រើសរើស​ជំនាញ​ ​សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​ពួកគេ​ជ្រើសរើស​ជំនាញ​ត្រូវ​សម្រាប់​សិក្សា​។​ ​ការ​ជ្រើសរើស​ជំនាញ​ត្រូវ​ ​ធ្វើ​ឱ្យ​សិស្ស​ចំណេញពេលវេលា​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ​ទាំង​អាជីព​ការងារ​ ​ក៏ដូចជា​អាជីវកម្ម​ដែល​ពួកគេ​នឹង​ចាប់​យក​នៅ​ថ្ងៃ​អនាគត​។​ ​

​ទន្ទឹម​នឹង​នេះ​ដែរ​ ​លោក​ ​អាំង​ ​ភារៈ​ ​ប្រធាន​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​ ​នៃ​ទីភ្នាក់ងារ​ជាតិ​ ​និង​មុខរបរ​របស់ក្រ​សួង​ការងារ​ ​និង​បណ្តុះ​បណ្ដាល​វិជ្ជាជីវៈ​ ​បាន​លើកឡើង​ថា​ ​មនុស្ស​ម្នា​ក់ៗ​ពេលខ្លះ​ត្រូវ​ចំណាយពេល​វេលា​ច្រើនណាស់​ដើម្បី​ស្វែងរក​ខ្លួនឯង​ឱ្យ​ឃើញ​។​ ​មាន​មនុស្ស​ខ្លះ​នៅ​ប្រទេស​អភិវឌ្ឍន៍​ដូចជា​ជប៉ុន​ជាដើម​ ​ទាល់តែ​អាយុ​ជាង​ ​40ឆ្នាំ​ហើយ​ទើប​រក​ខ្លួនឯង​ឃើញ​ ​និង​ងាក​មក​ចាប់​អាជីព​ដែល​ខ្លួន​ស្រឡាញ់​វិញ​។​ ​ហេតុនេះ​ការ​ស្វែងយល់​ពី​ជំនាញ​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការរស់នៅ​ ​បើ​ជ្រើសរើស​ខុស​ ​អនាគត​នឹង​មាន​បញ្ហា​ ​តែបើ​ជ្រើសរើស​ត្រូវ​យើង​នឹង​ក្លាយជា​អ្នកជំនាញ​ដ៏​ខ្លាំង​សម្រាប់​សង្គម​។​ ​
​លោក​ ​អាំង​ ​ភារៈ​ ​បាន​និយាយ​ថា​៖​ ​«​ដើម្បី​ស្គាល់​ខ្លួនឯង​ឱ្យ​ច្បាស់​ ​យើង​អាច​សាកល្បង​ដោយ​វិធី​ជាច្រើន​ ​ដូចជា​ការ​ធ្វើតេស្ត​សាកល្បង​តាម​កម្រង​សំណួរ​ដែល​បង្កើត​ឡើង​ដោយ​ទីភ្នាក់ងារ​ជាតិ​មុខរបរ​ ​និង​ការងារ​ ​ការសាកល្បង​ធ្វើតេស្ត​តាម​បណ្តាញ​បច្ចេកវិទ្យា​ ​ឬ​ការសង្កេត​ឱ្យ​បាន​ល្អិតល្អន់​ពី​ខ្លួនឯង​ដើម្បី​យល់​កាន់តែ​ច្បាស់​ថា​ ​យើង​ជា​មនុស្ស​បែប​ណា​ ​និង​ស្រឡាញ់​អ្វីខ្លះ​?​ ​មុន​ពេល​ចាប់​យក​អាជីព​ការងារ​ណាមួយ​»​៕​ ​


Advertisement