តាមរយៈ Krou Cambodia សិស្សនឹងលែងបារម្ភពីការស្វែងយល់បាតុភូតនៃរូបវិទ្យា

ការសិក្សារូបវិទ្យា គឺចាំបាច់ត្រូវយល់ច្បាស់ពីចំណុចសំខាន់ៗចំនួន 2 គឺ បាតុភូត និងរូបមន្ត ហើយជាទូទៅរូបមន្តជាក្បួនជាក់លាក់មួយដែលសិស្សគ្រប់គ្នាអាចទន្ទេញ ឬអាចចាំបាននៅពេលដែលឧស្សាហ៍ធ្វើលំហាត់ តែសម្រាប់បាតុភូតវិញ គឺទាមទារឱ្យមានការយល់ពីហេតុផលច្បាស់លាស់។

ហេតុផលនៃបាតុភូតចាំបាច់ត្រូវធ្វើការពិសោធជាក់ស្តែង និងចំណាយពេលវេលាស្វែងយល់ពីប្រភពរួមទាំងផលប្រយោជន៍នៃមេរៀនក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ឬសម្រាប់ផលិតឱ្យចេញជាផលិតផលណាមួយ។ អ្នកដែលពូកែរូបវិទ្យាភាគច្រើន គឺជាអ្នកយល់ច្បាស់ពីហេតុផលនៃបាតុភូតក្នុងមេរៀននីមួយៗបានច្បាស់លាស់។ នៅពេលដែលពួកគេយល់ដឹងពីបាតុភូតបានច្បាស់លាស់ ពួកគេនឹងអាចប្រើប្រាស់រូបមន្តបានត្រឹមត្រូវដើម្បីដោះស្រាយលំហាត់នីមួយៗ ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ។ ពេលខ្លះ អ្នកដែលច្បាស់ពីបាតុភូតក៏អាចដឹងថែមទៀតផងដែរថា ប្រធានបទលំហាត់ណាមានកំហុស ដែលភាគច្រើនកើតចេញពីកំហុសអចេតនារបស់គ្រូ។

ដោយមើលឃើញពីសារៈសំខាន់នៃការស្វែងយល់ពីបាតុភូតរូបវិទ្យា ក្រសួងអប់រំ យុវជន និងកិឡា តាមរយៈទំព័រ Facebook ដែលមានឈ្មោះថា Krou Cambodia បានផលិតវីដេអូដើម្បីបង្ហាញពីការពិសោធលើទ្រឹស្តីនានារបស់រូបវិទ្យាដើម្បីឱ្យសិស្សស្វែងយល់ជាក់ស្តែង និងងាយចងចាំបានល្អ។ វីដេអូទាំងអស់នោះ គឺពន្យល់ដោយសាស្រ្តាចារ្យដែលមានបទពិសោធខ្ពស់ក្នុងការបង្រៀនដែលអាចធ្វើឱ្យសិស្សទទួលបានការអប់រំល្អ ជាមួយនឹងការកម្សាន្តក្នុងវីដេអូមេរៀនទាំងអស់នោះផងដែរ៕

 

Advertisement