ទីបំផុតទូរស័ព្ទ Nokia ប្រើប្រព័ន្ធ Android បើកសម្ពោធនៅកម្ពុជាហើយ!!

បន្ទាប់ពីបង្ហាញខ្លួនកាល​ពី​ដើមឆ្នាំ ក្នុង​ពិព័រណ៍ Mobile World Congress នៅទីក្រុងបាសេឡូណា ទូរស័ព្ទស៊េរីថ្មីប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android របស់ក្រុមហ៊ុន Nokia បានបើកសម្ពោធជាផ្លូវការហើយក្នុងទីផ្សារកម្ពុជា កាលពីល្ងាចថ្ងៃទី 14 ខែមិថុនា ឆ្នាំ 2017 ម្សិលមិញនេះ។

Nokia បានបង្ហាញរាល់ស្មាតហ្វូន Android ថ្មីៗទាំងអស់ រួមមានទូរស័ព្ទ Nokia3 Nokia5 និង Nokia6 ហើយក្នុងនោះទូរស័ព្ទស៊េរីចាស់តែផ្លាស់ប្ដូរជំនាន់ថ្មី Nokia 3310 ឆ្នាំ 2017 ក៏មានវត្តមានក្នុងកម្មវិធីនោះដែរ។ អ្នកតំណាងក្រុមហ៊ុន Nokia កម្ពុជា ឱ្យដឹងថា ក្រុមហ៊ុននឹងដាក់លក់ Nokia3 និង 3310 ក្នុងទីផ្សារស្រុកខ្មែរនៅចុងខែមិថុនានេះ ចំណែកទូរស័ព្ទ Nokia5 និង Nokia6 នឹងចាប់ផ្តើម​ដាក់​​ល​ក់នៅពាក់​កណ្ដាល​ខែកញ្ញាខាងមុខ។

ទូរស័ព្ទ Nokia3 ប្រើ​អេក្រង់ ​IPS ​HD ទំហំ ​5.0 អ៊ីញ  ស្រោប​ដោយ​ផ្ទៃ​កញ្ចក់ Corning® Gorilla® និងមានស្រទាប់​អេក្រង់ប្រភេទ Polarised ធ្វើឱ្យ​​មាន​ចំណាំង​ផ្លាតតិច​ ដែល​ផ្តល់នូវ​រូបភាពកាន់​តែ​ច្បាស់ល្អ ទោះ​បី​ស្ថិតនៅក្រោមពន្លឺថ្ងៃខ្លាំងក៏ដោយហើយវាក៏មាន​កាមេរ៉ាមុខក្រោយ​ទំហំ 8MP ដូចគ្នា និងមាន 4 ​ពណ៌​ខុសៗ​គ្នា​ គឺ​ ខ្មៅ ទឹកប្រាក់ ខៀវ និងទង់ដែង​។

សម្រាប់ទូរស័ព្ទ Nokia5 អេក្រង់​ធំទំហំ ​5.2 អ៊ីញ ប្រភេទ IPS HD ដំណើរ​ការ​ដោយអង្គប្រតិបត្តិការ Qualcomm® Snapdragon ™ 430 មានកាមេរ៉ាក្រោយទំហំ 13MP បំពាក់មុខងារ Auto Focus និងមានភ្លើង Flash ពីរ រួម​ទាំង​កាមេរ៉ាមុខទំហំ 8MP កម្រិត​​ចាប់​រូបភាព 84 ដឺក្រេដែល​ធ្វើឱ្យ​​ការថតរូប​បែប​ស៊ែលហ្វ៊ី​​របស់​លោកអ្នក​កាន់​តែ​ធំទូលាយ និង​​​ភ្លឺ​ច្បាស់ត្រជាក់​ភ្នែក​​ពិសេស​វា​​មាន​មុខ​ងារ​ចាប់​រូបភាព​បានល្អ​​​ទាំង​នៅ​កន្លែង​ភ្លឺ​ និង​ទី​ងងឹត។ Nokia5 មាន 4 ពណ៌ខុសៗគ្នាគឺ​ ខ្មៅ ទឹកប្រាក់ ​ខៀវ និងទង់ដែង​។

ស្មាតហ្វូនចុងក្រោយ គឺ Nokia6 ដែលវាមានអេក្រង់ធំជាងគេ ទំហំ​ ​5.5 អ៊ីញ Full HD និងមាន​តួ​ខ្លួនផលិតចេញ​ពីលោហធាតុ​អាលុយមីញ៉ូមកម្រិត​ 6000 មីល្លីម៉ែត្រដែលស័ក្តិ​សម​បំផុត​សម្រាប់អ្នកដែល​ចង់បាន​ទូរស័ព្ទដែលរឹងមាំជាមួយ​​កម្មវិធីកម្សាន្ត​យ៉ាង​ច្រើន​សម្បូរបែប​។

វា​បំពាក់​ដោយ​ប្រព័ន្ធ​​សំឡេងឆ្លាត​វៃ​មានរន្ធសំឡេងចំនួន 2 ដែល​អាច​ឱ្យអ្នកប្រើប្រាស់ទទួល​បាននូវ​សំឡេង​ឮ​ច្បាស់​ល្អ​ ខណៈដែល​ប្រព័ន្ធ​សំឡេង​ ​Dolby Atmos® នឹង​ផ្តល់​នូវ​បទពិសោធការ​កម្សាន្តផ្នែក​ភាព​យន្ត​ដ៏​អស្ចារ្យ​​មួយ​ទៀត​ដែលពុំ​ធ្លាប់​មាន​។

ទូរស័ព្ទនេះប្រើបន្ទះឈីប Qualcomm® Snapdragon ™ 430 និងអង្គក្រាហ្វិក​Qualcomm® Adreno™ 505 ផ្តល់​តុល្យភាពរវាង​ការ​ប្រើ​ប្រាស់​ និង​​ថាមពលថ្ម​បាន​​​ល្អ​ប្រើ​បាន​រយៈ​ពេល​យូរ។ Nokia6 មាន 4 ពណ៌ខុសៗគ្នាគឺ​ ខ្មៅ ទឹក​ប្រាក់ ខៀវនិងទង់ដែង​។

ដោយឡែកទូរស័ព្ទមួយចុងក្រោយគេនេះ គឺ Nokia 3310 ចាស់ផ្លាស់ប្ដូររូបរាងថ្មីស៊េរីឆ្នាំ 2017 ជាមួយ​នឹង​រូបរាងស្តើង​ស្រាល​ជា​ទូរស័ព្ទ​ដែល​លក់​ដាច់​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្ររបស់ Nokia។ 3310 ត្រូវ​បាន​ផលិត​ជាថ្មី​ជាមួយ​កំណែ​ប្រែថ្មី​ ​​ជាមួយនឹងពណ៌ស្រស់ស្អាតការរចនាមាន​លក្ខណៈទំនើបពិសេស ​កាន់​ថ្មបានយូរ​ ដោយ​អាចនិយាយបាន​រហូត​ដល់ 22 ម៉ោង និងទុក​​ចោលបាន​ដល់​ទៅមួយខែ។

អ្នក​ប្រើ​ប្រាស់​អាចផ្ញើសារ​ និយាយបាន​ពេញ​មួយ​ថ្ងៃ ថតរូប ស្តាប់ចម្រៀង និង​លេងហ្គេមពស់​ដ៏ល្បីល្បាញ​ជាថ្មីម្តងទៀតដោយ​ប្រើ​ថាមពលថ្ម​តែ​មួយ​។ ជាមួយនឹងសមត្ថភាព​​កាន់​ថ្ម​បាន​យូ​រ​រហូត​ដល់​ពេញ​មួយ​ខែ Nokia 3310 មាន​អ្វីគ្រប់យ៉ាងដែលលោកអ្នកធ្លាប់​ស្គាល់ និងស្រឡាញ់ ដូចជាមាន​ស៊ុម​ផលិត​ពី​ប៉ូលីកាបូនរលោងទាន់​សម័យ​​ជាដើម៕


Advertisement