ព្រឹត្តិការណ៍ពិព័រណ៍កុមារឆ្នាំ2017 នឹងធ្វើនៅចុងសប្តាហ៍នេះ

ពិព័រណ៌សម្រាប់កុមារ និងគ្រួសារលើកទី 4 នឹងរៀបចំឡើងនៅថ្ងៃទី 17-18 (សៅរ៍ – អាទិត្យ) ខែមិថុនា ចុងសប្តាហ៍នេះ ចាប់ពីម៉ោង 8ព្រឹក រហូតដល់ម៉ោង 8យប់ នៅអគារពិព័រណ៍កោះពេជ្រ។ ក្រុមគ្រួសារដែលចូលរួមទាំងអស់ នឹងទទួលបានការសប្បាយរីករាយជាមួយនឹងការរៀបចំទីធ្លាកម្សាន្តសប្បាយ ការតុបតែងពិសេសៗតាមបែបគំនូរជីវចលល្បីៗ និងការសម្តែងកម្សាន្ត រួមទាំងសកម្មភាពប្លែកៗជាច្រើនទៀត។

នៅក្នុងពិព័រណ៍នៅឆ្នាំនេះ អ្នកចូលរួមនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ 50% រាល់ការទិញសម្ភារ និងសេវាកម្មសម្រាប់កូនៗពីបណ្តាក្រុមហ៊ុនដែលពាក់ព័ន្ធ ដូចជាក្រុមហ៊ុនម្សៅទឹកដោះគោ អាហារបំប៉ន សម្លៀកបំពាក់ ឧបករណ៍ក្មេងលេង សម្ភារសិក្សា សាលារៀន សាលាភាសា មជ្ឈមណ្ឌលថែទាំកុមារ សេវាកម្មហិរញ្ញវត្ថុ ធានារ៉ាប់រង និងស្តង់អាហារផ្សេងទៀត រួមទាំងរង្វាន់ដោយឥតគិតថ្លៃជាច្រើនមុខទៀត។

លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុន អនុស្សារៀបចំពិព័រណ៍ បានលើកឡើងថា សមិទ្ធផលដែលពិព័រណ៍សម្រេចបានក្នុងរយៈពេល 3ឆ្នាំកន្លងមកនេះ គឺការផ្តល់ស្នាមញញឹមដល់ក្រុមគ្រួសារជាច្រើន សារអប់រំ និងបទពិសោធល្អៗដល់កុមារតូចៗ។ មានអាណាព្យាបាលប្រមាណ 20,000នាក់ បានចូលរួមពិព័រណ៍កាលពីឆ្នាំមុន ហើយឆ្នាំនេះ យើងរង់ចាំស្វាគមន៍អ្នកចូលរួមឱ្យបានច្រើនជាងមុន។

លោក សេង ពិសិដ្ឋ បាននិយាយថា៖ «ការជំរុញភាពក្លាហាន និងស្មារតីប្រកួតប្រជែងរបស់កុមារ គឺជាប្រធានបទសំខាន់សម្រាប់ពិព័រណ៍ក្នុងឆ្នាំនេះ»។

លោកបានបន្ថែមទៀតថា ឆ្នាំនេះយើងនឹងមានរៀបចំការប្រកួតប្រជែងជាច្រើនប្រភេទសម្រាប់កុមារដូចជា ការប្រកួតសូត្រកំណាព្យ និយាយរឿង សរសេរតាមអាន និងប្រកួតគិតលេខជាដើម៕

Advertisement